Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនប្រសារជើងខ្លាំង វ៉ៃប្រពន្ធដល់ផ្ទះឪក្មេក

 កូនប្រសារជើងខ្លាំង វ៉ៃប្រពន្ធដល់ផ្ទះឪក្មេក

កំពង់ស្ពឺ ៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោក រួចរករឿងវាយដំប្រពន្ធកូន ទើបធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏នាំកូនរត់គេចមកដេកផ្ទះឪពុកបង្កើតរបស់ខ្លួនដែលនៅក្បែរគ្នា ស្រាប់តែបុរសជាប្តី បានតាមមករករឿងវាយ ប្រពន្ធដល់ផ្ទះឪពុកក្មេកទៀត ទើបក្មួយប្រសាប្រុសម្នាក់ បានចូលទៅឃាត់ ស្រាប់តែជនសង្ស័យផ្ទុះកំហឹង ទាញទួរណឺវីសចាក់ក្មួយប្រសា ចំក្រោមដោះ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចុះចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ពូចាក់ក្មួយធ្លាយដោះនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង។

ជនសង្ស័យដែលចាក់ក្មួយប្រុស បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហុត សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង។ ចំណែកជនរងគ្រោះ មានឈ្មោះសំ ពីឡា ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះហុត សំណាង បានផឹកស្រាស្រវឹង រករឿងឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ឈ្មោះអ៊ុំ ផាត អាយុ៤៤ឆ្នាំ។ បន្ទាប់មក ប្រពន្ធបាននាំកូន គេចមក ដេកនៅផ្ទះឪពុក ឈ្មោះង៉ែត ម៉ៅ អាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយគ្នា។ ក្រោយមក ឈ្មោះហុត សំណាង បាន តាមមករកប្រពន្ធ ហើយបានស្រែកឡូឡា ពេលនោះឈ្មោះសំ ពីឡា រស់នៅភូមិជាមួយគ្នា ត្រូវជាក្មួយប្រសា បានមកហាម ហើយដេញជនសង្ស័យឱ្យចេញ ស្រាប់តែជនសង្ស័យឈ្មោះហុត សំណាង បានយកទួរណឺវីស ចាក់ទៅលើឈ្មោះសំ ពីឡា បណ្តាលឱ្យរងរបួសក្រោមដោះខាងឆ្វេង យ៉ាងធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍សែនដី បានចុះធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ ឈ្មោះហុត សំណាង នៅផ្ទះ មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកទួរណឺវីសចាក់ទៅលើ ជនរងគ្រោះប្រាកដមែន។

 ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES