ភ្នំពេញ៖មាស សុខសោភា បានដើរចេញពីរាមរយៈពេលជិត៨ខែមកហើយដែលពេលនេះនាងមិនទាន់ឈានជើងចូលផលិតកម្មថ្មីនោះទេតែច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ដឹកនាំដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ។ប៉ុន្ដែគេកត់សម្គាល់ថាសុខសោភា នៅតែមានទំនាក់ទំនងល្អជាមួយថៅកែរាម ដដែលពោលគឺរកស៊ីជាមួយគ្នាក្នុងនាមនាងជាអ្នកផ្សព្វផ្សាយមុខជំនួញឲ្យថៅកែ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះតារាចម្រៀងសំនៀងផ្អែមរូបនេះបានប្រកាសប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថានាងបានកប់លុយរាប់សែនដុល្លារក្នុងវិស័យអចលនទ្រព្យដែលទិញហើយគ្មានការអភិវឌ្ឍន៍ ឬត្រូវគេបោក។តែសោភា មិនប្រាប់ទេថាលោកឧកញ៉ារូបណាដែលបោកលុយនាងច្រើនដល់ម្លឹងឡើយដោយនាងថាដោយសារតែខ្លួនអត់ចេះជេរ ឬត្អូញត្អែពីរឿងត្រូវចាញ់បោកគេនោះទើបមនុស្សភាគច្រើនមិនបានដឹងរឿងមួយនេះថានាងក៍ជាជនរងគ្រោះម្នាក់ក្នុងការវិនិយោគលើវិស័យអចលនវត្ថុនោះដែរ។ការទម្លាយរបស់សុខសោភា បែបនេះកើតមានក្រោយពីថ្មីៗនេះមានអតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ ,អម្ពរ ទេវី និងតារាជាច្រើនទៀតដែលបានទិញដីឡូតិ៍របស់លោកយត្ថារ៉ា ឆានី បង់លុយរួច ដីត្រូវគេព័ទ្ធរបងយកទៅបាត់ទើបធ្វើឲ្យផ្ទុះចលាចល។តែក្នុងគម្រោងនោះគ្មានឈ្មោះរបស់សោភា ជាជនរងគ្រោះនោះទេ ប៉ុន្ដែបែជានាងទិញគម្រោងផ្សេងហើយនៅតែមិនអាចគេចផុតពីការត្រូវគេបោកបានឡើយ។
មាស សុខសោភា បានកែប្រែជីវភាពទៅជាធូធារខ្លាំងនារយៈពេលចុងក្រោយនេះដោយនាងរស់នៅផ្ទះវីឡារធំ និងជិះរថយន្តទំនើបៗ ព្រមទាំងបានបើកហាងដល់ទៅ២ផ្សេងគ្នាគឺហាងកាហ្វេ និងហាងលក់ផលិតផលរក្សារសម្រស់អំឡុងពេលផ្ទុះកូវីដទៀតផង។ប៉ុន្ដែអាជីពចម្រៀងរបស់នាងមិនសូវមានទីផ្សារល្អឡើយ រយៈពេលជិត៣ឆ្នាំចុងក្រោយនេះព្រោះគ្មានបទផ្ទុះខ្លាំងដូចមុន ខណៈដែលនាងបានតាំងចិត្តថានៅឆ្នាំ២០២៣ នេះមិនទៅច្រៀងឲ្យផលិតកម្មណាទាំងអស់ ពោលគឺនៅតែច្រៀងផលិតកម្មផ្ទាល់ខ្លួនយូៗចេញ១បទ ។ការប្រកាសថាមិនតក់ក្រហល់ក្នុងការទៅជ្រកទ្រនុំថ្មីរបស់សុខសោភា នាពេលនេះក្រោយមានដំណឹងថាផលិតកម្មដល់ទៅ៣បើកទ្វាស្វាគមន៍នាងនោះគឺថោន ,Galaxy និងហង្សមាស ស្របពេលដែលអ្នកជំនាញសិល្បៈលើកឡើងថាសោភា មានភាគរយខ្ពស់ក្នុងការទៅGalaxy ជាងផលិតកម្ម២ផ្សេងទៀត ព្រោះនៅទីនោះនាងតារាប្រុសជើងខ្លាំងដល់ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម កំពុងខ្វះដៃគូស្រីបន្ថែមពីលើនាងតន់ ច័ន្ទសីម៉ា តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxy មិនដែលទាក់ទងនាងសូម្បីតែម្ដង។
គេកត់សម្គាល់ដែរថាមាស សុខសោភា បានផ្អាកចេញទៅច្រៀងសម្ដែនៅប៉ែកអ៊ឺរ៉បប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីពង្រឹងទីផ្សារចម្រៀងរស់នាងសារជាថ្មីឡើងវិញ តែអតីតតារារាម រូបនេះរងការខកចិត្តព្រោះការប្រកាសរបស់នាងថានឹងបញ្ចេញអ្វីដែលថ្មីបំផុតមិនធ្លាប់មានក្នុងអាជីពរបស់ខ្លួនដើម្បីSurprise ដល់Fan ទាំងឡាយកាលពីឆ្នាំ២០២២ នោះទីបំផុតមិនអាចធ្វើបាននោះទេ គឺជាប់គាំងទ្រឹងនាំឲ្យសោភា មិនបន្ដកុងត្រាថ្មីនៅរាម ឡើយព្រោះនាងយល់ថាផលិតកម្មមួយនេះផ្ដោតលើការផលិតភាពយន្ដជាងចម្រៀង។យ៉ាងណាសុខសោភា ដែលមានវ័យជាង៤០ឆ្នាំទៅហើយនោះត្រូវបានអ្នកជំនាញព្រមានថាបើសិនជានាងមិនទៅឈជើងនៅផលិតកម្មធំមួយណាទេនោះឱកាសនៃការប្រជែងទីផ្សារចម្រៀងរបស់នាងកាន់តែខើចទៅៗជាមិនខាន ព្រោះថាជាងកន្លះឆ្នាំទៅហើយដែលនាងច្រៀងនៅផលិតកម្មខ្លួនឯងតែគេមិនទាន់ឃើញនាងចេញបានបទមួយណាគូរឲ្យចាប់អារម្មណ៍នោះទេក្រៅពីបទ”មរណៈភាពព្រះស្វាមីជ័យវរ្ម័នទី៧”ដែលត្រូវប្រមុខរដ្ឋាភិបាលបញ្ជាឲ្យបិទចោលនោះ។តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីបានដែរ។
មាស សុខសោភា ក្រៅពីនៅមានទំនាក់ទំនងល្អជាមួយថៅកែរាម នោះនាងក៍ធ្លាប់និយាយថាទំនាក់ទំនងនាងជាមួយថៅកែថោន នៅដដែលហើយបើអតីតមេរបស់នាងហៅនាងទៅចូលរួមកម្មវិធីណានាងនឹងទៅដោយរីករាយ។ប៉ុន្ដែសោភា សង្កត់ថានាងគ្មានផែនការណ៍វិលទៅថោន ជាថ្មីនោះទេ ព្រោះធ្លាប់ច្រៀងនៅទីនោះរយៈពេល៩ឆ្នាំ គ្រប់គ្រាន់ដើម្បីរកបទពិសោធន៍ថ្មីៗហើយ។
សូមបញ្ជាក់ថាអំឡុងពេលដែលមាស សុខសោភា ទម្លាយថានាងចាញ់បោកគម្រោងអចលនទ្រព្យខ្យល់អស់រាប់សិបម៉ឺនដុល្លារនេះ ដំណឹងដែលនាងរៀបការជាលើកទី៣ ក៍ត្រូវស្ងប់ស្ងាត់ទៅវិញដែរ ទើបធ្វើឲ្យនាងចង់ពពោះយកកូនដំបូងនៅតែត្រូវជាប់គាំងស្ញេញ ខណៈដែលFan ភាគច្រើនមិនពេញចិត្តមង្គលការទាំង២លើករបស់នាងដែលធ្វើដោយលួចលាក់កន្លងមកឡើយ ៕