Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនគំរាមសម្លាប់ ឪប្តឹងប៉ូលិសចាប់

កូនគំរាមសម្លាប់ ឪប្តឹងប៉ូលិសចាប់

តាកែវ ៖ ជនសង្ស័យម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងជោក គ្រាន់តែចូលដល់ផ្ទះក៏ចាប់ផ្តើមបង្កហិង្សា វាយកម្ទេចម៉ូតូនិងទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ រួចថែមទាំងវាយក្មួយប្រុសដែលរស់នៅជាមួយ បណ្តាល ឱ្យរងរបួសទៀត លុះបុរសជាឪពុកចេញមកឃាត់ ស្រាប់តែកូនប្រុសកំណាច គំរាមសម្លាប់ទាំងឪពុកខ្លួនឯង ចោលទៀត ទើបធ្វើឱ្យឪពុកទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសគំរាមសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទី រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី។ជនបង្កដែលគំរាមសម្លាប់ឪពុកខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊្រុន សាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះបៀង ស៊្រឺ មុខរបរកសិករ មានលំនៅក្នុងភូមិ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកអង្គរបុរី បានឱ្យដឹងថា ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ២និង១០នាទី រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី កើតមានអំពើហិង្សាក្នុងគ្រួសារ (បំផ្លិចបំផ្លាញ) និងគំរាមថានឹងសម្លាប់ ១ករណី ដែលបង្កឡើងដោយឈ្មោះស៊្រុន សាន បានមកពីផឹកស៊ីវិញមក ដល់ផ្ទះធ្វើសកម្មភាពវាយកម្ទេចម៉ូតូ បោកតុកៅអី វាយពាងទឹក វាយឆ្នាំងចាន ថែមទាំងវាយក្មួយប្រុស ដែល រស់នៅជាមួយ បណ្តាលឱ្យរងរបួសច្រើនកន្លែង និងគំរាមសម្លាប់ឪពុកបង្កើតខ្លួនឯងឈ្មោះបៀង ស៊្រឺ ទៀតផង ជាហេតុធ្វើឱ្យបុរសជាឪពុក ទ្រាំនឹងទង្វើកោងកាចរបស់កូនប្រុសនេះមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះបានឃាត់ខ្លួនជនបង្កហេតុ នៅវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃដដែល យកមកកាន់អធិការដ្ឋាននគរបាល ស្រុកអង្គរបុរី ដើម្បីសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES