Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីអ្នកជំនួញ បោក២០ម៉ឺនដុល្លារ សមត្ថកិច្ចចាប់ បញ្ជូនទៅតុលាការ

ស្ត្រីអ្នកជំនួញ បោក២០ម៉ឺនដុល្លារ សមត្ថកិច្ចចាប់ បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីអ្នកជំនួញម្នាក់ដែល ប្រើប្លង់ដីក្លែងក្លាយ ឆបោកលុយម្ចាស់បំណុល ជិត២០ម៉ឺនដុល្លារ ទៅកាន់អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ស្ត្រីត្រូវចោទ មានឈ្មោះជា សុផល្លា អាយុ៤២ឆ្នាំ មុខរបរពាណិជ្ជករ មានលំនៅ ផ្ទះលេខ៥ បុរីពិភពថ្មី សំរោង អណ្តែត ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ស្ត្រីត្រូវចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាល ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនស្ត្រីខាងលើ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចបញ្ជូនខ្លួនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៥៥៥ “ហ” ដ.ច.ន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពេលស្ត្រីត្រូវចោទ បានវិលត្រឡប់ចូលស្រុកវិញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះជា សុផល្លា និងប្តីឈ្មោះឈាង សុភក្តិ បានមកខ្ចីប្រាក់ពីក្រុមហ៊ុន ៣ស៊ី ហ្គ្រោ ឯ.ក (3C GROW CO.,LTD) ចំនួន១៥៩ ០០០ដុល្លារ និងបានធានាអះអាង យកប្លង់ដីផ្ទាល់ខ្លួន មកដាក់បញ្ចាំធានាលើប្រាក់ដែលបានខ្ចី។ ដោយមានការជឿទុកចិត្ត ក្រុមហ៊ុនបានប្រគល់ ប្រាក់កម្ចីឱ្យប្តីប្រពន្ធមួយគូនេះ មុនពេលក្រុមហ៊ុនយកប្លង់ទៅដាក់បន្ទុកនៅមន្ទីរសុរិយោដី។ ក្រោយមកនៅ ពេលក្រុមហ៊ុនយកប្លង់ដីដែលប្តីប្រពន្ធមួយគូនេះបានដាក់បញ្ចាំ ទៅដាក់បន្ទុកនៅមន្ទីរសុរិយោដី ត្រូវបានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី រាជធានីភ្នំពេញ បញ្ជាក់ថា មានភាពមិនប្រក្រតី (ក្លែងក្លាយ) ព្រមទាំងបានធ្វើកំណត់ហេតុដកហូតប្លង់ដីនោះ ដើម្បីរក្សាទុកនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ។

ក្រោយមកទៀត ក្រុមហ៊ុនបានព្យាយាមទាក់ទងទៅប្តីប្រពន្ធមួយគូនេះ ប៉ុន្តែពួកគេតែងគេចវេះ មិនចូលខ្លួនមក ដោះស្រាយជាមួយក្រុមហ៊ុនឡើយ។ លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ទើបក្រុមហ៊ុន ៣ស៊ី ហ្គ្រោ ឯ.ក (3C GROW CO.,LTD) សម្រេចប្តឹងប្តីប្រពន្ធមួយគូ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។

ប្រភពខាងលើ បានបញ្ជាក់ថា កន្លងមក ប្តីប្រពន្ធមួយគូនេះ យកឈ្មោះអ្នកមានឥទ្ធិពល មកប្រើប្រាស់ធ្វើជា ខ្នងបង្អែក ដើម្បីដាក់សម្ពាធនិងតទល់ជាមួយម្ចាស់បំណុល ក្នុងគោលដៅមិនទទួលខុសត្រូវ ហើយប្តីប្រពន្ធជំ នាញខាងធ្វើប្លង់ក្លែងក្លាយនេះ ដែលបានឆបោកលុយប្រជាពលរដ្ឋ ច្រើនលានដុល្លារមកហើយ។ ម៉្យាងវិញទៀត ប្តីប្រពន្ធមួយគូនេះ ត្រូវបានជនរងគ្រោះជាច្រើន ប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងទង្វើទុច្ចរិតជាច្រើនផ្សេងទៀត ដែលសំណុំរឿងទាំងនោះកំពុងដំណើរការនៅតុលាការ។

ពាក់ព័ន្ធនឹងករណីនេះ ស្ត្រីឈ្មោះជា សុផល្លា បានអះអាងថា ខ្លួនមិនបានយកឈ្មោះរបស់ថ្នាក់ដឹកនាំណាម្នាក់ ទៅកាងអាជីវកម្មរបស់ខ្លួននោះទេ ប៉ុន្តែទទួលស្គាល់ថា បញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ពិតជារាំងស្ទះប្រាកដមែន ហើយកំពុងដោះស្រាយជាមួយដើមបណ្តឹងតាមផ្លូវតុលាការ។

យ៉ាងណា សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបុរសជាប្តី មានឈ្មោះឈាង សុភក្តិ អាយុ៤១ឆ្នាំ កាន់អត្ត សញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ ០១១២៨៧៩១៣ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ មានអាសយដ្ឋាន ផ្ទះលេខ 157E0-E1 ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការពិ និត្យ ពីបទចោទដូចប្រពន្ធខ្លួនខាងលើ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ផងដែរ៕

RELATED ARTICLES