Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ លក់៣០ម៉ឺន ចាយអស់ ខ្នោះ២

លួចម៉ូតូ លក់៣០ម៉ឺន ចាយអស់ ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច បន្ទាប់មកបានយកទៅលក់ បានប្រាក់៣០ម៉ឺនរៀល យកទៅទិញថ្នាំញៀនជក់ និងចាយវាយអស់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះទាំង ២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៨នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួកថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះធូ រត្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ បន្ទប់ជួលទីតាំងកើតហេតុខាងលើ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាកហុងដា  Click ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FP-6566។

ជនសង្ស័យទាំង ២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះពិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខ របរមិន ពិតប្រាកដ មានលំនៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) និង ទី២-ឈ្មោះខិន ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ រីឯសម្ភារៈដកហូត ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព)។

លោកហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូ នៅខាងមុខផ្ទះ ចំណុចកើតហេតុខាងលើ ដោយមិនបានចាក់សោត្រឹមត្រូវទេ។ បន្ទាប់មក ជនសង្ស័យទាំង ២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាចេញពីម្តុំផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ គោលបំណង ដើរលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យធ្វើដំណើរមកដល់ចំណុចកើតហេតុ ប្រទះឃើញ ម៉ូតូជនរងគ្រោះ ចតនៅខាងមុខផ្ទះ និងមានឱកាសស្ងាត់ល្អ ទើបជនសង្ស័យឈ្មោះខិន ឌីណា ជាអ្នកចាំមើលផ្លូវ ហើយជន សង្ស័យឈ្មោះពិន រដ្ឋា បានធ្វើសកម្មភាពប្រើដែកសំប៉ែតចុងស្រួច ចាក់បំបែកគ្រាប់សោម៉ូតូ បានសម្រេច ហើយនាំគ្នាជិះគេចខ្លួន។

លោកអធិការ បន្តថា ក្រោយពីលួចម៉ូតូបានហើយ ជនសង្ស័យបានយកម៉ូតូនោះ ទៅលក់ឱ្យជន សង្ស័យ ឈ្មោះយូ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ និងជនសង្ស័យឈ្មោះង៉ោ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ នៅម្តុំ ផ្ទះមិនរាបរយមាត់ទន្លេ ក្នុងសង្កាត់ព្រែកព្នៅ បានប្រាក់ ៣០ម៉ឺនរៀល រួចយកទៅស៊ីចាយ និងប្រើគ្រឿង ញៀនអស់។

បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។ ក្រោយទទួល បណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានទៅធ្វើការឃាត់ ខ្លួនជន សង្ស័យទាំង២នាក់ នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១០០៣ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រួចនាំយកមកអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ។ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំ ពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន យក មកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES