Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកកាសែតលួចម៉ូតូ ជាប់ខ្នោះ ២នាក់

អ្នកកាសែតលួចម៉ូតូ ជាប់ខ្នោះ ២នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូចេញទៅមើលគោ លុះទៅដល់ ឃើញជនសង្ស័យ២នាក់ ជាអ្នកកាសែត ជិះម៉ូតូមកឈប់ក្បែរ រួចស្រែកសួរថា “សុខសប្បាយអត់?” លុះជនរងគ្រោះភ្លេចខ្លួន ស្រាប់តែជនសង្ស័យ បានលួចកាច់កម៉ូតូ តែត្រូវជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចដេញចាប់ក្របួច ជាប់ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងជើងភូមិទ័ពបោះ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរុន សុវណ្ណឌី អាយុ៣៥ឆ្នាំ កាន់កាតកាសែត “សំឡេងប្រជាជន” មានតួនាទីនិពន្ធនាយករង ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង និងទី២-ឈ្មោះ ហួរ វី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ ស្លាកលេខ ភ្នំពេញ 1GW-7146 ជាកម្មសិទ្ធិរបស់ឈ្មោះម៉េស នី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ទៅមើលគោ នៅឯវាលស្រែ ខាងជើង ភូមិ ដោយចតម៉ូតូនៅលើផ្លូវ និងបានចាក់សោ-កត្រឹមត្រូវ ខណៈពេលនោះ ស្រាប់តែលេចមុខជនសង្ស័យទាំង ២នាក់ ជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1JF-0654 ទៅឈប់ក្បែរម៉ូតូ របស់ជនរងគ្រោះ រួចស្រែកសួរសុខទុក្ខជនរងគ្រោះថា “សុខសប្បាយអត់?” ពេលនោះ ជនរងគ្រោះឆ្លើយតប យ៉ាងរាក់ទាក់ទៅវិញ ប៉ុន្តែគ្រាន់តែជនរងគ្រោះភ្លេចខ្លួនបន្តិច ស្រាប់តែជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូជិះ រត់គេចខ្លួនតែម្តង។ ប៉ុន្តែភ្លាមនោះ ជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិ និងកម្លាំង ប្រជាការពារ ព្រមទាំងនគរបាល បានដេញតាមជនសង្ស័យ។ បន្ទាប់មក ជនសង្ស័យបានផ្តួលម៉ូតូចោលរួច លោតឡើងជិះម៉ូតូជាមួយបក្ខពួក ដើម្បីរត់គេច រហូតដល់ ប្រឡាយ ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ក៏ធ្លាក់ ប្រឡាយ ហើយត្រូវសមត្ថកិច្ចព័ទ្ធចាប់បានទាំង២នាក់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកទៅសាកសួរ ទើបដឹងថា ជនសង្ស័យ ឈ្មោះរុន សុវណ្ណឌី ដែលជា អ្នកនិពន្ធនាយករងកាសែត គឺជាមុខសញ្ញាចាស់។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES