ភ្នំពេញ៖រយៈពេលជិត៨ឆ្នាំនាងរ៉េត ស៊ូហ្សាណា បានគេចផុតពីរឿងអាស្រូវស្នេហាបើទោះជានាងស្ថិតក្នុងគោលដៅរបស់ប្រុសមានទ្រព្យដែលប្រម៉ាញ់បេះដូងនាងតាំងពីស្រីស្រស់រូបនេះចាប់អាជីពចម្រៀងដំបូងក្ដី ។ចំពោះការដែលនាងហ្សាណា គ្មានហានិភ័យរឿងប្រុសតាមឆ្មក់ស្នេហ៍នោះដោយសារតែនាងបានរបាំងការពារយ៉ាងមានសុវត្ថិភាពបំផុតនោះគឺឪពុកម្ដាយនាងតាមការពារគ្រប់ជំហ៊ានតែម្ដងដែលតារាចម្រៀងប្រុសរួមអាជីព,ពិធីករ និងក្រុមDirector ជាដើមមិនត្រូវអនុញ្ញាត្តិឲ្យស្និតស្នាលជាមួយតារាធ្មេញចំពើសរូបនេះទេ ខណៈដែលអ្នកកាសែតក៍មិនត្រូវបាននាងផ្ដល់បទសម្ភាសន៍តាមខ្សែទូរស័ព្ទដូចតារាផ្សេងៗទៀតដែរ ឬមានពេលខ្លះអ្នកសារព័តមានជួបហ្សាណា ដោយចៃដន្យនៅកម្មវិធីអ្វីមួយនោះហើយចង់សាកសួរនាងខ្លះៗនោះក៍មានម្ដាយនាងឈចាំសា្ដប់សំណួរ ឬនិយាយកាត់ដើម្បីឲ្យបញ្ចប់សំណួរតែម្ដង ។សកម្មភាពបែបនេះធ្វើឲ្យនាងហ្សាណា មិនសូវមានការផ្សព្វផ្សាយច្រើននៅលើសារព័តមានដូចតារាល្បីៗផ្សេងទៀតនោះទេ ស្របពេលដែលតារាមួយចំនួនទៀតមានដូចជាសុខ ពិសី ,អ៊ី វ៉ា ,បេប៊ី និងនី មុនីនាថ ជាដើមដែលតែងតែមានឪពុកឬម្ដាយតាមគ្រប់វិនាទីដែរនោះពួកគេបានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយអ្នកាសែត ឬតាមទូរស័ព្ទជាធម្មតា។ការរឹតត្បិតខ្លាំងរបស់នាងហ្សាណា នោះក៍កើតមានចំពោះFan ខ្លះផងដែរទើបធ្វើឲ្យពួកគេមិនហ៊ានទៅថតរូបជាមួយនាងនៅតាមឆាកតន្រ្ដីដូចអ្នកចម្រៀងផ្សេងទៀត និងមួយចំនួនចាត់ទុកនាងថាជាតារាវ៉ៃឬកពាមិនធម្មតាទៀតផង។
ទោះជាយ៉ាងណាពាក់ព័ន្ធរឿងរ៉េត ស៊ូហ្សាណា ត្រូវបានឪពុកម្ដាយរឹតបណ្ដឹងមិនឲ្យផ្ដល់សម្ភាសន៍ដល់អ្នកកាសែត ឬថតជាមួយFan បុរសៗ ដោយស្និតស្នាលដូចតារាដ៍ទៃរហូតមានគេហៅនាងថាជាអ្នកចម្រៀងលេងចឬកនោះត្រូវបានតារាចម្រៀងជើងចាស់របស់ហង្សមាសមួយចំនួនបានការពារនាងទៅវិញ។តារាដែលធ្លាប់ថតភាពយន្ដនិងច្រៀងConcerts ជាមួយ ហ្សាណា ដែលអ្នកយកព័តមានយើងសាកសួរតាមទូរស័ព្ទកាលពីពេលថ្មីៗនោះពួកគេថាហ្សាណា អត់សម្ភាសន៍ជាមួយអ្នកសារព័តមាន នោះមិនមែននាងវ៉ៃឬកពាដូចគេថានោះទេ តែតាមដឹងគឺនាងមិនសូវចេះនិយាយរបៀបឆ្លើយសំណួររបស់អ្នកកាសែតឡើយ។តារាជើងចាស់នៅហង្សមាសមួយចំនួនក៍អះអាងថាពេលធ្វើការសិល្បៈហ្សាណា តែងតែគោរពពេលវេលា និងគោរពរៀមច្បងទៀតផង តែនាងមិនសូវចេះនិយាយលេងសើចដូចគេនោះទេ ដែលចំណុចនេះហើយទើបមានគេថានាងវ៉ៃឬកពានោះ តែការពិតម៉ោពីគ្នាអត់សូវពូកែនិយាយ។
រ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានឪពុកម្ដាយនាងផ្ដល់ការទុកចិត្តឲ្យនាងអាចដើរកម្សាន្ដនិងរាំលេងជាមួយគ្នានៅក្រៅឆាកដាក់Tik Tok ជាមួយកូនកំលោះលោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ព្រោះអ្នកទាំងពីរក៍ធ្លាប់ជាដៃគូចម្រៀងជាមួយគ្នាដែរដែលសកម្មភាពខ្លះស្និតស្នាលខ្លាំងពេកទើបធ្លាប់មានព័តមានថាFan ទាំងសងខាងសង្ស័យថាពួកគេជាគូសង្សារគ្នាទៀតផង។ប៉ុន្ដែគូរឲ្យសា្ដយកាលពីដើមឆ្នាំ២០២៣ លោកជំទាវឡុង ស្រីមុំ ភរិយាលោកឧកញ៉ាសុវត្ថិ និងជាម្ដាយមុនីនាគ បានច្រានចោលចំពោះដំណឹងខាងលើដោយអះអាងច្បាស់ៗថាកូនប្រុសលោកស្រីគ្មានទំនាក់ទំនងពិសេសជាមួយហ្សាណា នោះទេ សូមបងប្អូនឈប់ច្រឡំទៀតទៅ។ការថ្លែងរបស់ប្រពន្ធលោកសុវត្ថិ បែបនេះធ្វើឲ្យនាងស៊ូហ្សាណា លែងហ៊ានស្និតល្មូតជាមួយកូនលោកឧកញ៉ាទៀតហើយ និងជាញឹកញាប់នាងទៅណាតែម្នាក់ឯងដោយស្រងូតស្រងាត់ទៀតផងដូចជាថ្មីៗនេះនាងបានទៅដើរលេងរយៈពេលខ្លីនៅកូរ៉េខាងត្បូងនោះក៍គ្មានសញ្ញាកៀកកើយគូស្នេហ៍ថ្មីនោះទេ បើទោះជារូបសម្រស់ដូចនាងមិនខ្វះបុរសតាមស្នេហាហើយខ្លះជឿរថានាងមិនមែនបេះដូងនៅទំនេរក្ដី។
រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថានាងជាអ្នកចម្រៀងវ័យក្មេង ដែលមានទ្រព្យ ច្រើនព្រោះទិញបានផ្ទះផ្ទាល់ខ្លួន២ល្វែង ,រថយន្ដទំនើបម៉ាកJeep Rubicon ,និងបើកហាងលក់សម្លៀកបំពាក់ជាដើម។ប៉ុន្ដែតារាវ័យ២៣ឆ្នាំ បានស្រាលខ្លួនរួចផុតពីការម៉ៃថានាងមានគូស្នេហ៍ឧបត្ថម្ភ ដោយសារតែធ្លាប់មានព័តមានថាហ្សាណា ត្រូវឪពុកម្ដាយព្រមានថាបើនាងប៉ៈរឿងអាស្រូវស្នេហានឹងឲ្យនាងឈប់ច្រៀងសម្ដែងភ្លាម។ចំណែកប្រភពខ្លះថាហ្សាណា ហាក់ដើរដល់ផ្លូវទ័លច្រករឿងស្នេហាតែម្ដងនៅឆ្នាំ២០២៣ នេះព្រោះទំនាក់ទំនងនាងនិងកូនលោកឧកញ៉ាសុវត្ថិ ក៍មិនអាចដូចដើម ហើយឪពុកម្ដាយនាងក៍នៅតែតាមស្អិតនិងមិនឲ្យនិយាយទូរស័ព្ទជាមួយប្រុសណាចង់ញ៉ែនោះទេ ហេតុនេះគេជឿរថាតារាត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះនឹងកាន់តែឯកោជាមិនខាន ខុសពីតារារួមក្រុមមានដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ង់ ច័ន្ទកញ្ញា និងចំរើន សុភ័ក្រ ជាដើមដែលពេលនេះពួកគេសុទ្ធតែត្រៀមការប្ដីរៀងៗខ្លួន៕