Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខឹងប្រពន្ធមិនយកបាយឲ្យស៊ី ដុតឡានឆេះខ្ទេច

 ខឹងប្រពន្ធមិនយកបាយឲ្យស៊ី ដុតឡានឆេះខ្ទេច

កណ្តាល ៖ បុរសជាតៃកុងរថយន្តបែនដឹកដីម្នាក់ ខឹងប្រពន្ធមិនយកបាយមកឱ្យហូប ស្រាប់តែដុតរថយន្ត បែនដឹកដីរបស់ខ្លួន បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែយឺតពេលទៅហើយ។ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង២៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។

រថយន្តដែលរងការឆាបឆេះ ជាប្រភេទរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២៤តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-8405 (ឆេះខូចខាតកាប៊ីនមុខអស់ទាំងស្រុង) តែមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ចំណែកជនដែលដុតរថយន្តខ្លួនឯងចោលនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថាមានករណី អគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ភ្លាមៗ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន រួមមាន ៖ -រថយន្តរបស់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន -រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។ រថយន្តបានឆេះខូចខាតកាប៊ីនមុខអស់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពី បុរសជាប្តី ដែលជា តៃកុងរថយន្តបែនដឹកដីខាងលើ ខឹងប្រពន្ធមិនយកបាយឱ្យហូប ក៏យកដែកកេះដុតខោអាវ រួចបោះចូលក្នុង កាប៊ីនរថយន្ត បណ្តាលឱ្យឆេះតែម្តង៕

RELATED ARTICLES