ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង លោកថុល សុភិទិ បន្ទាប់ពីធ្លាយវីដេអូថើបបឺតមាត់ស្រីម្នាក់ ស្រាប់តែត្រូវ សង្សារផ្ទុះភ្លើងប្រចណ្ឌ រហូតប្រកាសផ្តាច់ស្នេហ៍ ដោយបញ្ជាក់ថា នាងមិនអាចវិលទៅរកមនុស្សដែលធ្វើខុសដដែលៗ មកលើនាងបានទេ។ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា មនុស្សទម្លាប់ខុសហើយអាងសុំទោស នឹងមិនចាំទេថាខ្លួនបានធ្វើខុសលើនាងច្រើនប៉ុនណាទេ។
គួរបញ្ជាក់ថា តារាចម្រៀងវ័យក្មេង ដែលចាប់ផ្តើមល្បីឈ្មោះ ក្រោយពេលឆ្លងកាត់ការប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ ដែលតែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយសង្សារមេម៉ាយកូន១ ជាស្រីស្អាតលក់ឡេ ឈ្មោះឡុង ម៉ានីន នោះ ថ្មីៗនេះ ស្រាប់តែធ្លាយចេញវីដេអូមួយ ដែលតារាចម្រៀងថុល សុភិទិ ថើបបឺតមាត់យ៉ាងព្រឺព្រួចជាមួយស្រីស្អាតម្នាក់ បើទោះបីគេដឹងថា ជាការសម្តែងក្នុងបទចម្រៀង តែបានធ្វើឲ្យស្រីស្អាតជាសង្សាររបស់ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន ជាអ្នកលក់ឡេអនឡាញល្បីឈ្មោះ និងជាមេម៉ាយកូន១ ដ៏មានរូបសម្រស់ស្អាតផូរផង់ ផ្ទុះភ្លើងប្រចណ្ឌ រហូតប្រកាសបែកពីតារាចម្រៀងយុវវ័យរូបនេះ។
ស្រីស្អាត ឡុង ម៉ានីន បានប្រកាសតាមគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា «កែវដែលបែកទៅហើយ ទោះខំបិទយ៉ាងណា ក៏វាមិនអាចដូចដើមដែរ។ សុំទោស ខ្ញុំមិនអាចវិលទៅរកមនុស្សដែលធ្វើខុសលើខ្ញុំទេ ព្រោះខ្ញុំមានមនុស្សល្អច្រើនទៀតដែលគេចាំមើលថែខ្ញុំជំនួសអ្នក…»។
ជាមួយគ្នានឹងការប្រកាសផ្តាច់ស្នេហ៍ខាងលើនេះ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា សត្វមានពិស គួរឲ្យខ្លាច តែមនុស្សមានពិស គួរឲ្យខ្លាចជាងសត្វទៅទៀត។ នាងថា មនុស្សទម្លាប់ខុសហើយអាងសុំទោស គេនឹងមិនចាំទេថាគេបានធ្វើខុសលើយើងច្រើនប៉ុនណា…។
ឆ្លើយតបការប្រកាសផ្តាច់ស្នេហ៍ របស់នារីជាសង្សារខាងលើនេះ លោកថុល សុភិទិ បានផ្ញើសារលួងលោមនាងថា អ្វីដែលគេបានធ្វើ ដោយសារតួនាទី ហើយគេដឹងថា នារីជាសង្សារឈឺហើយ ដោយសាររូបគេសន្យានឹងនាង តែធ្វើមិនបាន គេសន្យាជាថ្មីថា លើកក្រោយ គេសុខចិត្តពិបាកខ្លួនឯង មិននារីជាទីស្រឡាញ់ ខូចចិត្តលើកទី២ឡើយ។ តារាចម្រៀងយុវវ័យ ដែលមានសាក់ពេញខ្លួនរូបនេះ បានលើកឡើងថា មនុស្សណាមិនចេះខុស? គ្មានមនុស្សណាដែលល្អគ្រប់ដប់ទេ ប៉ុន្តែអ្វីដែលសំខាន់ គឺចេះទទួលស្គាល់កំហុសខ្លួនឯង រូបគេដឹងខុស ដែលមិនគោរពតាមការសន្យា តែទោះជាយ៉ាងណា រូបគេនៅតែផ្តល់តម្លៃឲ្យនាង ដោយមិនថោកអីនឹងលួងមនុស្សដែលខ្លួនឯងស្រលាញ់នោះទេ។
ថុល សុភិទិ បានសរសេរក្នុងគណនី និងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា «បងដឹងថាអូនឈឺហើយ ដោយសារបងសន្យា តែធ្វើមិនបាន បងធ្វើដោយសារតួនាទី។ លើកក្រោយបងសុខចិត្តពិបាកខ្លួនឯង បងមិនឲ្យអូនខូចចិត្តលើកទី២ឡើយ។ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗ មិនមែនផ្អែមល្ហែមរហូតទេ វាតែងតែមានអាក្រក់ល្អ សខ្មៅ គឺត្រូវតែមាន។ កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺទទួលស្គាល់កំហុសខ្លួនឯង។ ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរពតាមការសន្យារបស់គាត់ ទោះជាយ៉ាងណា មិនថោកអីនឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃទៅឲ្យគាត់វិញទេ…»។
ថុល សុភិទិ បានសរសេរបន្ថែមទៀតថា «ផុសទាំងព្រឹក ក្រែងលោអូនឃើញសំណេរបង អូនត្រជាក់ចិត្តខ្លះ»។យ៉ាងណា ប្រហែលជាមិនទទួលបានការឆ្លើយតបជាវិជ្ជមានពីនារីជាសង្សារ ទើបនៅថ្ងៃដដែលនោះ ថុល សុភិទិ បានសរសេរបន្ថែមថា «បណ្ដោយតាមពេលវេលា បណ្ដែតតាមព្រេងវាសនាចុះ ខ្ញុំចុះចាញ់គ្រប់យ៉ាង Long Manin»។
ជុំវិញការប្រកាសមិនលើកលែងឲ្យបុរសជាសង្សារខាងលើនេះ ក៏ដូចជាការផ្ញើសារទទួលស្គាល់កំហុស និងលួងលោមសុំការអត់ឱនពីតារាចម្រៀង ថុល សុភិទិ ខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់ ឆ្លើយតបពីអ្នកនាង ឡុង ម៉ានីន បានទេ កាលពីល្ងាចម្សិលមិញ ។
ប៉ុន្តែនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្រីស្អាតរូបនេះ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួនថា នៅម៉ោង ៧យប់ នាងនឹងបកស្រាយរឿងនេះ ជាលើកចុងក្រោយ ឆ្លើយតបទៅអ្នកដែលមិនដឹងរឿងអីចេះតែបញ្ចេញមតិមិនសមទំនងថា នាងមេម៉ាយសោះ ប្រកាន់ច្រើនម៉្លេះ គេសម្តែងសោះ ខឹងដែរ បើអ៊ីចឹងយកសង្សារតារាធ្វើអី? និងអ្នកខ្លះថា នាងលក់ឡេស្ងាត់ មិនសូវដាច់ ខំសម្តែង ទាក់ទាញការចាប់អារម្មណ៍។
អ្នកនាងឡុង ម៉ានីន បានបញ្ជាក់ថា «ដោយសារឡាយយប់មិញផ្ទុះ View ពេក ពេលបិទឡាយ700k ខ្ញុំក៏លុបទៅ ព្រោះទម្លាប់តាំងពីដើម អត់ចេះសម្តែងយក View លក់ផលិតផលទេ តែពេលលុប មានអ្នកមួយចំនួនតូច មិនដឹង នៅតែតាមខំមិនថា មេម៉ាយសោះ ប្រកាន់ច្រើនម៉េះ គេសម្តែងសោះ ខឹងដែរ យកសង្សារតារាធ្វើអី? លក់ឡេស្ងាត់ ខំសម្តែង…. យប់នេះ ម៉ោង ៧យប់ ខ្ញុំបកស្រាយលើកចុងក្រោយ ចូលស្តាប់ផង កុំឲ្យមិនដឹងអី ចេះតែខំមិន»។
នៅល្ងាចថ្ងៃដដែលនោះ នារីជាសង្សាររបស់ថុល សុភិទិ បានបញ្ជាក់បន្ថែមថា សម្រាប់នាង ចំពោះសុភិទិ ចិត្តនៅស្រឡាញ់ តែ១% ទេ ឯចិត្តក្តៅ ៩៩% គឺក្តៅដូចបាយពុះ មិនអភ័យទោសឲ្យអ្នកដែលសន្យាជាមួយនាងហើយ ធ្វើមិនបាននោះទេ។
ដោយឡែក កញ្ញាអ៊ីងអ៊ីង ដែលជាតួសម្តែងថើបបឺតមាត់ជាមួយថុល សុភិទិ បានបញ្ជាក់ថា រឿងនេះ អ្នកយល់ គេនឹងយល់ អ្នកមិនយល់ នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ ក៏គ្មានបានអ្វីមកវិញដែរ។ នាងបញ្ជាក់ថា គ្រប់យ៉ាង គឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុន មិនមានឆាកស្នេហា ឱបថើបអីទេ មិនបាច់ថតកុនម៉ងទៅ។ សំខាន់នៅតែជាមនុស្សស្មោះសរ ការស្រលាញ់ គឺការជឿជាក់ បើគេចង់ថើបគ្នាពិតមែន ឬក្បត់នោះ គេមិនបង្ហាញ វីដេអូជាសាធារណ:នោះទេ។ អ្នកណាយល់ពីគ្នា គេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយោគយល់ មិនយល់ មានតែបាក់បែក។
កញ្ញាអ៊ីង អ៊ីង បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា «អ្នកយល់ គេនឹងយល់ អ្នកមិនយល់ នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ ក៏គ្មានបានអ្វីមកវិញដែរ។ គ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុន មិនមាន sence ស្នេហា sence sweet ថើបអីទេ មិនបាច់ថតកុនម៉ងទៅ! សំខាន់នៅតែជាមនុស្សស្មោះសរ ការស្រលាញ់ គឺការជឿជាក់ បើគេចង់ថើបគ្នាពិតមែន ឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ។
អ្នកណាយល់ពីគ្នា គេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយោគយល់ មិនយល់ មានតែបាក់បែក។ខ្ញុំខំធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ថ្ងៃ គេងបានតែ៤ម៉ោង ព្រោះចង់បានការងារគុណភាពនិងល្អ។ សួរថាហត់ទេ? គឺហត់ខ្លាំងណាស់ សឹងតែគ្មានពេលគេង។ ការងារមួយៗមិនស្រួលទេណា។ សូមគិតក្នុងផ្លូវវិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។ សូមអរគុណគ្រប់គ្នា អ្នកដែលយល់»៕ ខៀវទុំ