Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សែនក្បាលទឹក ភ្លើងឆេះផ្ទះហ្មត់

 សែនក្បាលទឹក ភ្លើងឆេះផ្ទះហ្មត់

ខេត្តត្បូងឃ្មុំ ៖ ក្រុមគ្រួសារជាអាជីវករមួយ បានរៀបចំពិធីសែនក្បាលទឹក ដោយរៀបចំបាយទឹក ម្ហូបអាហារ នំណីរួចរាល់ ក៏នាំគ្នាអុជធូបបន់ស្រន់តាមទម្លាប់ បន្ទាប់មកក៏នាំគ្នា២នាក់ប្តីប្រពន្ធ ចេញទៅលក់ដូរអស់ទៅ ដោយទុកឱ្យកូនប្រុសអាយុ១៣ឆ្នាំម្នាក់ នៅផ្ទះ ចាំមើលភ្លើងធូប លុះកូនប្រុសភ្លេចខ្លួន ក៏កើតមានអគ្គិភ័យ ឆាបឆេះផ្ទះអស់ទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥២នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង។

ផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទថ្មមុខ ឈើក្រោយ ទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំង ក្តារ រនាបក្តារ (ខូចខាតទាំងស្រុង)។ ចំណែកម្ចាស់ផ្ទះ មានឈ្មោះម៉ឺង ចាន់ថា អាយុ៤១ឆ្នាំ ប្តីឈ្មោះម៉ាន ចិត្រា អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំពោះមូលហេតុនៃការកើតមានអគ្គិភ័យនេះ ត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះ ប្រាប់ថា ដោយសារការអុជ ទៀនធូបសែនក្បាលទឹក រួចហើយពួកគាត់ជាឪពុកម្តាយ ចេញទៅលក់ដូរនៅឯផ្សារ ដោយទុកកូនប្រុសឈ្មោះ ថន វីឡា អាយុ១៣ឆ្នាំ ឱ្យនៅចាំផ្ទះមើលភ្លើងធូប ស្រាប់តែកូនប្រុសភ្លេចខ្លួនបន្តិច ក៏កើតមានរឿងបែប នេះតែ ម្តង។

នៅក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានការជួយអន្តរាគមន៍ពីសំណាក់អភិបាលក្រុងសួង ហើយលោកស្នង ការនគរបាលខេត្ត បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យ ឆេះរាលដាលទៅផ្ទះអ្នកដទៃទៀត ។

លោកវរសេនីយ៍ឯក ឈន សុធន់ អធិការនគរបាលក្រុងសួង បានបញ្ជាក់ថា សមត្ថកិច្ចបានទទួលទូរស័ព្ទពី លោកពៅ វុទ្ធី អនុប្រធានភូមិជ្រួយ ពីករណីអគ្គិភ័យខាងលើ ហើយភ្លាមនោះ កម្លាំងនគរបាលក្រុងសួង សហ ការជាមួយនគរបាលស្រុកត្បូងឃ្មុំ កម្លាំងនគរបាលអគ្គិភ័យ ខេត្ត និងកម្លាំងនគរបាលស្រុកអូររាំងឪ បានទៅ អន្តរាគមន៍ពន្លត់ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត និងលោកជា ណារ៉ុន អភិបាលក្រុងសួង។

លោកអធិការ បន្តថា ដោយមានការជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងនគរបាល ពិសេសក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកស្នងការនគរបាលខេត្ត បានបញ្ជាឱ្យរថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យរាលដាល ទៅដល់លំនៅឋានផ្សេងទៀតនៅក្បែរនោះ ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យមានការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង លុយ៣,៥លានរៀល និង ៣៥០ដុល្លារ ទូតាំង១ ទូដាក់ខោអាវធំ១ ទូរទស្សន៍ ១គ្រឿង ទូរស័ព្ទអុបប៉ូ ១គ្រឿង និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះ។

ចំពោះប្រតិបត្តិការពន្លត់ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង រួមមានរថយន្តពន្លត់ អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសួង ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុក ត្បូងឃ្មុំ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្ត ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ អធិការដ្ឋាននគរបាលស្រុកអូររាំងឪ ១គ្រឿង ដោយប្រើប្រាស់ទឹកអស់សរុបចំនួន ៦ឡាន ទើបអាចគ្រប់គ្រង ស្ថានការណ៍ទាំងស្រុង៕

RELATED ARTICLES