តារាសម្ដែងលី ច័ន្ទសីហា បានធ្វើពិធីឡើងផ្ទះថ្មី កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅបុរីសំណង់លំនៅដ្ឋានវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានតារាសិល្បះករជាច្រើនរូប បានទៅចូលរួមអបអរសាទរ ដោយមានការច្រៀងរាំរហូតដល់យប់ជ្រៅទៀតផង។
លី ច័ន្ទសីហា បានឲ្យដឹងថា ការទិញផ្ទះថ្មីនេះ គឺជាកាដូសម្រាប់ប៉ាម៉ាក់នាង មិនមែនសម្រាប់រូបនាងនិងប្ដី ក្រោយពេលរៀបការនោះទេ ព្រោះនាងនិងស្វាមីបានត្រៀមផ្ទះថ្មីមួយទៀត រួចស្រេចទៅហើយ។ សីហា អះអាងថា ”ផ្ទះល្វែងឡើងថ្ងៃនេះ មានតម្លៃជាង៧ម៉ឺនដុល្លារ ហើយកាលបុកគ្រឹះ គឺខ្ញុំបង់រំលស់ តែពេលសាងសង់ហើយ១០០%នេះ ខ្ញុំបានបង់ផ្ដាច់អស់ទៅហើយ និងចង់បញ្ជាក់ថា គ្មានលុយកាក់អ្នកណាផ្សេងទេ គឺជាទឹកប្រាក់សុទ្ធ ញើសឈាមរបស់ខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំចង់ទិញផ្ទះនេះ ជាកាដូឲ្យប៉ាម៉ាក់ ព្រោះគាត់នៅផ្ទះចាស់យូរហើយ អីចឹងត្រូវរកផ្ទះថ្មីឲ្យគាត់ ហើយគាត់អាចចុះឡើងផ្ទះចាស់នៅចាក់រអង្រែ នោះចុះ។ សម្រាប់តារាសិល្បៈអញ្ជើញមកថ្ងៃនេះ គឺខ្ញុំមិនហ៊ានហៅច្រើនទេ ព្រោះខ្លាចចិត្ត ដោយសារតែកៀកថ្ងៃការ ខ្ញុំត្រូវហៅបងៗសិល្បករទៅហើយអីចឹងភ្ញៀវថ្ងៃហ្នឹង ប៉ាខ្ញុំជាអ្នកហៅ ហើយគាត់ប្រាប់ថា ហៅភ្ញៀវអ្នកសិល្បៈ២០តុដែរ”។
ក្រោយឡើងផ្ទះល្វែងដ៏ប្រណីតនេះហើយ លី ច័ន្ទសីហា នឹងត្រៀមសម្ពោធហាងថ្មី លក់កាបូបមួយទៀត នៅតាមបណ្ដោយផ្លូវ៣១០ (បឹងកេងកង) ដែលនាងត្រៀមបោះទុនជាង៣ម៉ឺនដុល្លារថែមទៀត មុននឹងឈានទៅរៀបអាពាហ៍ពិពាហ៍នៅខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ជាមួយអនាគតស្វាមី លោកចាន់ ថៃសេង បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យតាំងពីខែកុម្ភៈ ឆ្នាំ២០១៦នោះ។
លី ច័ន្ទសីហា បន្តថា ”ចំពោះការបើកហាងលក់កាបូបនោះ នឹងដំណើរការនៅខែកុម្ភៈ ឆ្នាំ២០១៧ នេះ ហើយតែកន្លងមក ខ្ញុំធ្លាប់បើកលក់តាម Online បានជោគជ័យ ហើយភ្ញៀវគាត់ចង់ឲ្យយើងរកទីតាំងមួយ ស្រួលយកអីវ៉ាន់ អីចឹងខ្ញុំក៏បើកតែម្ដង ដោយដាក់ឈ្មោះហាងនោះថា “SH Collection” ដោយអីវ៉ាន់ខ្ញុំយកមកពីបរទេស ស្តុកទុកតិចទេ ព្រោះយើងទទួលការ Order។ ហាងនេះមិនមែនផ្ដោតតែលើទំនិញស្រ្ដីទេ តែយើងក៏ផ្ដោតទៅលើសម្លៀកបំពាក់ ខ្សែក្រវ៉ាត់បុរសៗដែរហើយទំនិញយើងជា Brand Copy Original Leader ដែលកាបូបនារីៗមានតម្លៃចាប់ពី៨០-៥០០ដុល្លារ។ ចំពោះរឿងរៀបការ ខ្ញុំដំបូងបានប្រាប់បងៗសារព័ត៌មានថា រៀបការថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ តែឥឡូវមានការប្រែប្រួលហើយ គឺខ្ញុំនឹងរៀបការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ វិញ ព្រោះពាលាដេញមកល្អថ្ងៃហ្នុង។ មុនរៀបការ គូដណ្ដឹងខ្ញុំគាត់បានត្រៀមផ្ទះថ្មីមួយទៀតសម្រាប់ពួកយើង ហើយអីចឹងការឡើងផ្ទះថ្មីរាត្រីនេះ គឺខ្ញុំទុកសម្រាប់កាដូជូនប៉ាម៉ាក់ខ្ញុំទេ”។
លី ច័ន្ទសីហា នៅតែបន្តអាជីពសិល្បៈមុនថ្ងៃរៀបការមកដល់ តែតាមក្រុមគ្រូសារបានបង្ហើបថាសីហា នឹងបោះបង់អាជីពសម្ដែង នៅពេលដែលនាងក្លាយទៅជាភរិយារបស់លោកចាន់ ថៃសេងពេញច្បាប់នោះ ព្រោះស្វាមីនាងចង់ឲ្យសីហា ងាកទៅធ្វើជំនួញវិញម្ដង។
លី ច័ន្ទសីហា និយាយថា “ជាការពិត ស្វាមីខ្ញុំចង់ឲ្យខ្ញុំរកស៊ីច្រើនជាង ព្រោះបន្តិចទៀត ខ្ញុំមានហាងលក់កាបូបផង និងសម្អាងការផង អីចឹងប្រហែលជាត្រូវកាត់បន្ថយពីអាជីពសម្ដែងហើយ រួមទាំងការចេញទៅច្រៀងនៅក្រៅប្រទេសផង ព្រោះអីស្វាមីខ្ញុំថា បើចង់ទៅលេងក្រៅប្រទេស គាត់ជូនទៅដើរលេង តែបើទៅសម្ដែង កុំអី! តែពេលនេះខ្ញុំនៅថតរឿង “ចំបុីនាគត្រាច់ចរ” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ដ ហើយទើបបានចុះកុងត្រាថតរឿងថ្មីមួយទៀតឲ្យខាង PNN តែមិនដឹងម៉េចទេ ព្រោះអីថ្ងៃការខ្ញុំកាន់តែកៀកទៅហើយ។ មង្គលការខ្ញុំនឹងរៀបចំនៅមជ្ឈមណ្ឌុលម៉ូឌែន២ នៅផ្លូវកម្ពុជាក្រោម ជិតផ្ទះខ្ញុំចាស់ ព្រោះអីមិនអាចធ្វើនៅកោះពេជ្ របានដោយសារតែគេកក់អស់ទៅហើយ ម្យ៉ាងទៀតធ្វើនៅហ្នុងក៏ល្អដែរ ព្រោះនៅស្រុកខ្ញុំ មានអ្នកស្រុកខ្ញុំច្រើនចូលរួម។ ថ្ងៃការខ្ញុំនឹងអញ្ជើញអ្នកសិល្បៈករជាច្រើនចូលរួមជាមិនខាន”៕