ភ្នំពេញ ៖ ព្រះនាងតូច នរោត្តម ជេនណា ដែលជាអ្នកសិល្បៈសែរាជវង្ស មានទេពកោសល្យសិល្បៈច្រើនយ៉ាង ទាំងសម្តែង ច្រៀង រាំ បង្ហាញម៉ូដ ជាដើម ទទួលបានការចាប់អារម្មណ៍គាំទ្រពីជនរួមជាតិនោះ បានឲ្យដឹងថា ព្រះនាងនឹងយាងទៅទស្សនាកន្លែងថតភាពយន្ត នៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិ របស់ហូលីវូដ រយ:ពេល ៣ថ្ងៃ (ពីថ្ងៃទី០៧-១០ កញ្ញា ២០២៣) តាមការអញ្ជើញពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហូលីវូដ។
ព្រះនាងតូចដ៏ស្រស់បវរ បានបញ្ជាក់ថា ព្រះនាងនឹងនាំយកកិត្យានុភាពសិល្បៈ វប្បធម៌ខ្មែរ ទៅបង្ហាញពិភព លោក ឲ្យបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរដ៏ល្អប្រពៃណី ។
ព្រះនាងតូច នរោត្តម ជេនណា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះនាង នៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣ ថា «នឹងចូលរួមចំណែកមួយផ្នែក ដោយនាំកិត្យានុភាពសិល្បៈ វប្បធម៌ខ្មែរ ទៅកាន់ពិភព លោក។
ខ្ញុំមានក្តីរីករាយណាស់ ដោយបានទទួលនូវការអញ្ជើញជាផ្លូវការ ពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយ ទៅទស្សនាកន្លែងថតភាពយន្ត នៅអឺរ៉ុប និងការចូលរួមសម្តែង ក្នុងខ្សែ ភាពយន្តខ្នាតអន្តរជាតិ។
ក្នុងការសហការជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្ដ Nu Boyana Film Studios ដែលមិនមែនត្រឹមតែជា ក្រុមហ៊ុន ផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយនៅអឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ផលិត ខ្សែភាពយន្ដដ៏ធំបំផុតមួយ ទូទាំងពិភពលោក។ ក្រុមហ៊ុន Millennium Media ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ពួកគេ គឺជាក្រុមហ៊ុនហូលីវូដ (ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព) ដែលបានផលិត ភាពយន្ដ ចំនួន ៤០០ខ្សែភាពយន្ដ ដែលរួមមានដូចជា the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, The Mechanic….. ។ល។
តារាសម្ដែងជាច្រើននាក់ ដូចជា លោក Robert De Niro, Al Pacino, Sylvester Stallone, Arnold Schwarzenegger, Jason Statham, Orlando Bloom, Megan Fox, Jessica Alba, Antonio Banderas, Penelope Cruz និងតារាសម្ដែងជាច្រើនទៀត ផ្ដល់ការទុកចិត្តលើក្រុមការងារនិងសម្ដែងនៅក្នុងខ្សែភាពយន្ដ»។
ព្រះនាងតូច នរោត្តម ជេនណា បន្ថា «ក្រុមហ៊ុននឹងរៀបចំការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុងស្ទូឌូយ៉ូ (Studios) របស់ពួកគេ ដោយខ្ញុំ នឹងចូលរួមសម្ដែងជាមួយតារាសម្ដែងអន្ដរជាតិជាច្រើន ដូចជា ៖ Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំង ដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone ( តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)។
ខ្ញុំសូមអរគុណដល់លោកផលិតករ Gaël និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ របស់ក្រុមហ៊ុន។ កន្លងទៅ លោកក៏ជាអ្នកគ្រប់គ្រងនៃបវរកញ្ញា Miss Bulgaria 2023 ផងដែរ ហើយខ្ញុំ បានទទួលនូវកិត្តិយស ក្នុងការសម្ដែង នៅក្នុងកម្មវិធីនេះ ក្នុងនាមជាភ្ញៀវពិសេស។
តាមរយ:ការងារសិល្បៈរបស់ខ្ញុំមួយនេះ ខ្ញុំប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរ ឲ្យអន្តរជាតិបានស្គាល់កាន់តែ ច្បាស់ នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុម ក្នុងយុគសម័យដ៏រីករាយ ក្រោម ការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់ នឹងគាំទ្រខ្ញុំ»។
សូមបញ្ជាក់ថា ព្រះនាងតូច នរោត្ដម ជេនណា ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២) គឺជាសមាជិកនៃព្រះរាជ វង្សានុវង្សកម្ពុជា ។ ព្រះនាងជាបុត្រីទីពីរ របស់ព្រះអង្គម្ចាស់ នរោត្តម បុប្ផារី ហើយបិតារបស់ព្រះនាង ជាជន ជាតិបារាំង។ ព្រះនាង ជាចៅបង្កើតរបស់សម្ដេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ និងត្រូវជាចៅរបស់ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវជាចៅទួតរបស់ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះនាងត្រូវបានគេស្គាល់ជាតារាសម្តែង តារា ចម្រៀង អ្នករាំ តារាបង្ហាញម៉ូដ ផងដែរ។
ជីវប្រវត្តិ
ព្រះនាងតូច នរោត្ដម ជេនណា ដែលប្រសូតនៅប្រទេសបារាំង បានយាងមករស់នៅក្នុងប្រទេសកម្ពុជា ជាមួយ ក្រុមគ្រួសារ នៅឆ្នាំ២០១៥ ក្នុងពេលដែលព្រះនាងមានព្រះជន្ម ៣វស្សា ។ ព្រះនាងតូច នាងបានសិក្សា ៥ភាសា ក្នុងនោះមាន ភាសាខ្មែរ ជាភាសាដើមកំណើតរបស់នាង ព្រមទាំងភាសាអង់គ្លេស បារាំង ចិន និងភាសាថៃ ៕ ខៀវទុំ