ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មាន «នគរធំ» ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះផ្សាយនូវអត្ថបទព័ត៌ មាន «ព្រះនាងតូច នរោត្តម ជេនណា នឹងយាងចូលរួមសម្តែងភាពយន្តហូលីវូដ» ដោយមានការភ័ន្តច្រឡំទៅ លើព្រះបរមងារសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ដោយសរសេរថា «សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់» ក្រសួងព្រះបរមរាជវាំង បានផ្ញើសេចក្តីបំភ្លឺ មក «នគរធំ» ដោយបញ្ជាក់ថា សម្តេចព្រះមហិស្សរា នរោត្តម ចក្រ ពង្ស់ មិនមែនជា «សម្តេចក្រុមព្រះ» ឡើយ។
សេចក្តីបំភ្លឺ របស់ក្រសួងព្រះបរមរាជវាំង ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដែល «នគរធំ» ទទួលបាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «អត្ថបទសារព័ត៌មាន នគរធំ ចេញផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ព្រះនាងតូច នរោត្តម ជេនណា នឹងយាងចូលរួមសម្តែងភាពយន្តហូលីវូដ» ។ ក្នុងអត្ថបទនេះ បានសរសេរថា ព្រះនាងជាចៅបង្កើតរបស់សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់ ……..។
ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនសារព័ត៌មាន នគរធំ ជ្រាបថា សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ មិនមែនជា សម្តេចក្រុមព្រះ ឡើយ»។
សូមរំឭកថា សារព័ត៌មាន «នគរធំ» ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយ ក្រោមចំណងជើងថា «ព្រះនាងតូច នរោត្តម ជេនណា នឹងយាងចូលរួមសម្តែងភាពយន្តហូលីវូដ» នៅទំព័រមុខ និងតទៅទំព័រទី ។ នៅក្នុងអត្ថបទនេះ ដោយសារមានការភ័ន្តច្រឡំទៅលើព្រះបរមងារសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ នៅចំណុចកថាខណ្ឌខាងលើកថាខណ្ឌបញ្ចប់នៃអត្ថបទព័ត៌មាននេះ បានសរសេរថា «……. ព្រះនាងជាចៅបង្កើតរបស់សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់» ដូច្នេះចំណុចនេះ សូមកែថា «……. ព្រះនាងជា ចៅបង្កើតរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ …» វិញ។
សារព័ត៌មាន «នគរធំ» សូមអភ័យទោស ចំពោះកំហុសដោយអចេតនានេះ។
ខាងក្រោមនេះ ជាអត្ថបទព័ត៌មាន «ព្រះនាងតូច នរោត្តម ជេនណា នឹងយាងចូលរួមសម្តែងភាពយន្តហូលីវូដ» ដែលការិយាល័យនិពន្ធសារព័ត៌មាន «នគរធំ» បានកែសម្រួល ចុះផ្សាយឡើងវិញ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ភ្នំពេញ ៖ ព្រះនាងតូច នរោត្តម ជេនណា ដែលជាអ្នកសិល្បៈសែរាជវង្ស មានទេពកោសល្យសិល្បៈច្រើនយ៉ាង ទាំងសម្តែង ច្រៀង រាំ បង្ហាញម៉ូដ ជាដើម ទទួលបានការចាប់អារម្មណ៍គាំទ្រពីជនរួមជាតិ បានឲ្យដឹងថា ព្រះនាង នឹងយាងទៅទស្សនាកន្លែងថតភាពយន្ត នៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិ របស់ ហូលីវូដ រយ:ពេល ៣ថ្ងៃ (ពីថ្ងៃទី០៧-១០ កញ្ញា ២០២៣) តាមការអញ្ជើញពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហូលីវូដ។
ព្រះនាងតូចដ៏ស្រស់បវរ បានបញ្ជាក់ថា ព្រះនាង នឹងនាំយកកិត្យានុភាពសិល្បៈ វប្បធម៌ខ្មែរ ទៅបង្ហាញពិភព លោក ឲ្យបានស្គាល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរដ៏ល្អប្រពៃ ។
ព្រះនាងតូច នរោត្តម ជេនណា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះនាង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ថា «នឹងចូលរួមចំណែកមួយផ្នែក ដោយនាំកិត្យានុភាពសិល្បៈ វប្បធម៌ខ្មែរ ទៅកាន់ពិភព លោក។
ខ្ញុំមានក្តីរីករាយណាស់ ដោយបានទទួលនូវការអញ្ជើញជាផ្លូវការ ពីក្រុមហ៊ុនភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយ ទៅទស្សនាកន្លែងថតភាពយន្ត នៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែ ភាពយន្តខ្នាតអន្តរជាតិ។
ក្នុងការសហការជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្ដ Nu Boyana Film Studios ដែលមិនមែនត្រឹមតែជាក្រុម ហ៊ុនផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយនៅអឺរ៉ុប ប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ ត្រូវបានទទួលស្គាល់ថា ជាក្រុម ហ៊ុនផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយ ទូទាំងពិភពលោក។ ក្រុមហ៊ុន Millennium Media ដែលត្រូវជា បុត្រ សម្ព័ន្ធរបស់ពួកគេ គឺជាក្រុមហ៊ុនហូលីវូដ (ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព) ដែលបានផលិតភាពយន្ដចំនួន ៤០០ខ្សែភាពយន្ដ ដែលរួមមានដូចជា the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, The Mechanic….. ។ល។
តារាសម្ដែងជាច្រើននាក់ ដូចជា លោក Robert De Niro, Al Pacino, Sylvester Stallone, Arnold Schwarzenegger, Jason Statham, Orlando Bloom, Megan Fox, Jessica Alba, Antonio Banderas, Penelope Cruz និងតារាសម្ដែងជាច្រើនទៀត ផ្ដល់ការទុកចិត្តលើក្រុមការងារនិងសម្ដែងនៅក្នុងខ្សែភាពយន្ដ»។
ព្រះនាងតូច នរោត្តម ជេនណា បានបន្ត «ក្រុមហ៊ុននឹងរៀបចំការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុងស្ទូឌូយ៉ូ (Studios) របស់ពួកគេ ដោយខ្ញុំ នឹងចូលរួមសម្ដែងជាមួយតារាសម្ដែងអន្ដរជាតិជាច្រើន ដូចជា ៖ Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំង ដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone ( តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)។
ខ្ញុំសូមអរគុណដល់លោកផលិតករ Gaël និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ របស់ក្រុមហ៊ុន។ កន្លងទៅ លោកក៏ជាអ្នកគ្រប់គ្រងនៃបវរកញ្ញា Miss Bulgaria 2023 ផងដែរ ហើយខ្ញុំ បានទទួលនូវកិត្តិយសក្នុង ការសម្ដែង នៅក្នុងកម្មវិធីនេះ ក្នុងនាមជាភ្ញៀវពិសេស។
តាមរយ:ការងារសិល្បៈរបស់ខ្ញុំមួយនេះ ខ្ញុំប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរ ឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់ នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុម ក្នុងយុគសម័យដ៏រីករាយ ក្រោមការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់ នឹងគាំទ្រខ្ញុំ»។
សូមបញ្ជាក់ថា ព្រះនាងតូច នរោត្ដម ជេនណា ប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ។ ព្រះនាងគឺជាសមាជិកនៃ ព្រះរាជវង្សានុវង្សកម្ពុជា ។ ព្រះនាងជាបុត្រីទីពីរ របស់ព្រះអង្គម្ចាស់ នរោត្តម បុប្ផារី ហើយបិតារបស់ព្រះនាង ជាជនជាតិបារាំង។ ព្រះនាង ជាចៅបង្កើតរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស់ និងត្រូវជាចៅរបស់ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវ ជាចៅទួតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះនាង ត្រូវបានគេស្គាល់ជាតារា សម្តែង តារាចម្រៀង អ្នករាំ តារាបង្ហាញម៉ូដ និងជាទូតសុច្ឆន្ទៈរបស់ពាណិជ្ជសញ្ញាធំៗជាច្រើនផងដែរ។
ព្រះនាងតូច នរោត្ដម ជេនណា ដែលប្រសូតនៅប្រទេសបារាំង បានយាងមកគង់រស់នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមគ្រួសារ នៅឆ្នាំ២០១៥ ក្នុងពេលដែលព្រះនាង មានព្រះជន្ម ៣ព្រះវស្សា ។ ព្រះនាងតូច បានសិក្សា ៥ភាសា ក្នុងនោះមាន ភាសាខ្មែរ ជាភាសាដើមកំណើតរបស់ព្រះនាង ព្រមទាំងភាសាអង់គ្លេស បារាំង ចិន និងភាសាថៃ ៕ ខៀវទុំ