ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិគោកស្វាយ ឃុំភូមិច្មី ស្រុកថ្មពួក ដោយជាប់សង្ស័យថាបានរួមគំនិត ជាមួយនឹងប្តីជាឃាតករ ក្នុងអំពើឃាតកម្មទៅ លើស្ត្រីមេម៉ាយម្នាក់ នៅចំណុចបន្ទប់ផ្ទះសំណាក់ ម៉ារីមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ស្ត្រីសង្ស័យដែលកម្លាំងអាវុធហត្ថ ចាប់ ឃាត់ខ្លួននោះ មានឈ្មោះសឿយ ណាត អាយុ ៤៥ឆ្នាំ រស់នៅភូមិដែលសមត្ថកិច្ចចុះចាប់ខ្លួន និងត្រូវជាប្រពន្ធរបស់ជនសង្ស័យជាឃាតករ ឈ្មោះសែន សុខន អាយុ៤១ឆ្នាំ (កំពុងរត់ គេចខ្លួន)។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្រុស ស្នេហ៍ល្បួងរួមរ័ក រួចច្របាច់កសម្លាប់ប្លន់ទ្រព្យសម្បត្តិ ឈ្មោះប៊ុន សូមៀត ហៅប៉ក់ អាយុ ៤០ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ ប្រកបរបរលក់ ចាប់ហួយ និងជាគ្រូទស្សន៍ទាយតាមសន្លឹកបៀ មានលំនៅក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីបានពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសពស្ត្រីរងគ្រោះ ដែលត្រូវឃាតករដៃឆៅសម្លាប់នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ រួចមក សមត្ថកិច្ចបាន ធ្វើការសន្និដ្ឋានថា គឺជាអំពើឃាតកម្មសម្លាប់ ប្លន់ទ្រព្យសម្បត្តិ។ បន្ទាប់មក សមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតកំណត់ មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម សម្លាប់ប្លន់យកទ្រព្យសម្បត្តិ។
នៅក្នុងប្រតិបត្តិការឃាត់ខ្លួនស្ត្រីសង្ស័យ ខាងលើនេះ សមត្ថកិច្ចដកហូតបានទ្រព្យសម្បត្តិ របស់ស្ត្រីរងគ្រោះមួយចំនួន រួមមាន ១-ខ្សែក ប្លាទីន ក្បាច់ច្រវាក់ឆាប១ខ្សែ ទម្ងន់៤ជី២ហ៊ុន ២-ខ្សែកប្លាទីន ក្បាច់ព្រលឹតកាច់១ខ្សែ ទម្ងន់ ៤ជី៩ហ៊ុន៨លី ៣-ខ្សែដៃក្បាច់ផ្កាបីកង់១ខ្សែ ទម្ងន់ ២ជី៩ហ៊ុន៨លី ៤-ចិញ្ចៀនប្លាទីន ក្បាច់ អង្គាដី១វង់ ទម្ងន់២ជី៤ហ៊ុន៨លី ៥-មាសដុំ ទម្ងន់៣ជី ៦-កងដៃប្លាទីន១០កង ទម្ងន់៦ជី ៧-ខ្សែដៃប្លាទីនក្បាច់អង្គាដី១ខ្សែ ទម្ងន់២ ជី៦ហ៊ុន៣លី ៨-ខ្សែកប្លាទីនក្បាច់ថ្នង្មាំអំពៅ ១ខ្សែ ទម្ងន់២ជី១ហ៊ុន៥លី និង៩-ខ្សែកប្លាទីន ក្បាច់សក់ក្រង ១ខ្សែ ទម្ងន់៤ជី៨លី។ ចំណែក ម៉ូតូ១គ្រឿង រួមនិងទ្រព្យសម្បត្តិមួយចំនួន ទៀត ត្រូវបានជនសង្ស័យជាឃាតករ ឈ្មោះ សែន សុខន ត្រូវជាប្តីរបស់ស្ត្រីសង្ស័យឈ្មោះ សឿយ ណាត បានយកគេចខ្លួនបាត់ទៅហើយ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះ សឿយ ណាត បានសារភាពថា នាងពិតជាបាន ទទួលគ្រឿងអលង្ការមួយចំនួន ពីប្តីពិតមែន តែមិនដឹងថា ប្តីបានទ្រព្យសម្បត្តិនោះ ពីណា មកទេ។
ដោយយោងតាមចម្លើយសារភាព និង ផ្អែកលើវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន សមត្ថកិច្ចបានសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនស្ត្រីសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែក ជនសង្ស័យជាឃាតករ ដែលបានរត់គេច ខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននាំ យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
ដោយឡែក វត្ថុតាងជាទ្រព្យសម្បត្តិដែល សមត្ថកិច្ចដកហូតបាន សមត្ថកិច្ចបានប្រគល់ ទៅឱ្យកូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះសិទ្ធ សៀវលីស៊ីង អាយុ១២ឆ្នាំ និងបុរសឈ្មោះប៊ុន លី អាយុ៥០ឆ្នាំ ជាគ្រូបង្រៀនអនុវិទ្យាល័យ ភ្លៀត រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាសាច់ញាតិ រួចរាល់ ហើយ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ មានករណី ឃាតកម្មប្លន់សម្លាប់យ៉ាងសាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះសំណាក់យីហោ ម៉ារីមានជ័យ បន្ទប់លេខ២ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយស្ត្រីមេម៉ាយម្នាក់ ត្រូវប្រុសស្នេហ៍ល្បួង ឡើងផ្ទះសំ-ណាក់រួមរ័កមេត្រី លុះស្កប់ស្កល់ តណ្ហា ក៏ធ្វើសកម្មភាពចាប់ច្របាច់ក រហូតដល់ ស្លាប់ប្លន់យកទ្រព្យសម្បត្តិ រួចរត់គេចខ្លួនបាត់ ស្រមោល។
តាមប្រភពពីបុរសឈ្មោះសោម ម៉ារីន ជា ម្ចាស់ផ្ទះសំណាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ គេ ឃើញស្ត្រីរងគ្រោះ និងជនសង្ស័យខាងលើ បាន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ចូលមកជួលបន្ទប់ ស្នាក់នៅមួយយប់ រួចក៏នាំគ្នាចូលទៅសម្ងំស្នាក់នៅក្នុងបន្ទប់លេខ២បាត់ទៅ។ រហូតមកដល់ វេលាម៉ោង៨យប់ថ្ងៃដដែល ស្រាប់តែឃើញ ភាគីខាងប្រុសជាជនសង្ស័យបានចាកចេញទៅ វិញ ដោយជិះម៉ូតូចេញទៅ តែមិនឃើញស្ត្រីរងគ្រោះចេញមកជាមួយនោះទេ។ ចំណែក បុគ្គលិកផ្ទះសំណាក់ ក៏មិនហ៊ានសាកសួរអ្វីដែរ ព្រោះនឹកស្មានថា ជនសង្ស័យជិះម៉ូតូចេញទៅ រកទិញអីហូប ដោយទុកឱ្យស្ត្រីរងគ្រោះនៅចាំ ក្នុងបន្ទប់។
ម្ចាស់ផ្ទះសំណាក់ខាងលើ បានបន្តថា តាំង ពីជនសង្ស័យចាកចេញទៅ មិនឃើញត្រឡប់ មកវិញសោះ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយមិន ឃើញស្ត្រីរងគ្រោះចេញពីក្នុងបន្ទប់ ទើបបុគ្គលិក ផ្ទះសំណាក់ដើរទៅគោះទ្វារសាកសួរចង់ដឹង ថា ត្រូវស្នាក់នៅបន្ត ឬយ៉ាងណា តែគោះទ្វារ មិនឮសំឡេងឆ្លើយតប ទើបធ្វើឱ្យកើតមានការ សង្ស័យ ក៏ប្រញាប់ចាក់សោចូលទៅមើល លុះ បើកទ្វារចូលទៅ ក៏ប្រទះឃើញស្ត្រីរងគ្រោះ ស្លាប់បាត់ទៅហើយ រួចក៏ប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ លុះក្រោយពេលធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ស្ត្រីរងគ្រាះទទួល រងច្របាច់ក រហូតដល់បែកបំពង់ក និងត្រូវគេ យកខ្នើយខ្ទប់មាត់ច្រមុះ រហូតដល់ដាច់ខ្យល់ ស្លាប់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យច្របាច់កសម្លាប់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បាន ឱ្យដឹងថា ស្ត្រីរងគ្រោះគឺជាស្រីមេម៉ាយ ហើយ កន្លងមកធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ នឹងជនសង្ស័យឈ្មោះសែន សុខន។ នៅមុន ពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យ ណាត់ជួបនៅផ្ទះសំណាក់ខាងលើ។ ទីបំផុត ក៏ត្រូវ ជនសង្ស័យជាប្រុសស្នេហ៍ច្របាច់កសម្លាប់ប្លន់ យកទ្រព្យសម្បត្តិតែម្តង។
ប្រភពដដែលអះអាងថា ទ្រព្យសម្បត្តិ របស់ស្ត្រីរងគ្រោះដែលបាត់បង់រួមមានម៉ូតូមួយ គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G-6256 គ្រឿងអលង្ការជាច្រើន រួមនិង ប្រាក់មួយចំនួនទៀតផង។
ទីបំផុត សមត្ថកិច្ចបានស្រាវជ្រាវឃើញ ថា ករណីឃាតកម្មនេះ ប្រព្រឹត្តដោយប្តីប្រពន្ធ ២នាក់ រួចក៏ឈានដល់ការចាប់ខ្លួនស្ត្រីសង្ស័យ ជាប្រពន្ធ និងកំពុងតាមប្រមាញ់បុរសជាប្តី ដែល ជាឃាតករបន្តទៀត៕