ភ្នំពេញ ៖ រយៈពេល៥ខែដើមឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់ កើនឡើង២.៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកគង់ សុភារក្សប្រធាននាយកដ្ឋានស្ថិតិនិងព៌តមានទេសចរណ៍ នៃក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ទេសចរណ៍បរទេសបានមកដល់កម្ពុជា២.០៣០.៧៦២នាក់ កើនឡើង២.៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានភ្ញៀវទេសចរណ៍សរុបចំនួន១.៩៨៣.៧២៣នាក់។លោកបន្តថា កំនើនភ្ញៀវទេសចរណ៍មកកម្ពុជាឆ្នាំនេះ មានសភាពទាបជាងឆ្នាំមុន ដោយសារបញ្ហាមួយចំនួននៅក្នុងពិភពលោក ទាក់ទងនឹងអំពើភេវរកម្ម ការធ្លាក់ចុះសេដ្ឋកិច្ច និងភាពច្របូកច្របល់មួយចំនួននៅសហភាពអឺរ៉ុប។
លោកបន្តថា ភ្ញៀវទេសចរណ៍វៀតណាមនៅតែជាប់ចំណាត់ថ្នាក់លេខ១ ដោយមានចំនួនភ្ញៀវសរុបជាង៣៨ម៉ឺននាក់ ចិនជាប់លេខ២មានចំនួនជាង៣២ម៉ឺននាក់ កូរ៉េមានចំនួនជាង១៧ម៉ឺននាក់ជាប់ចំណាត់ថ្នាក់លេខ៣ ថៃមានចំនួនជាង១៤ម៉ឺននាក់ជាប់ចំណាត់ថ្នាក់លេខ៤ និងសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៥ ដោយមានភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាជាង១០ម៉ឺននាក់។
លោកគង់ សុភារក្សបានបន្តថា ការមកដល់របស់ភ្ញៀវតាមផ្លូវគោកឆ្នាំនេះបានធ្លាក់ចុះជាង៣ភាគរយ តែការធ្វើដំណើរតាមផ្លូវអាកាសកើនឡើង៥ភាគរយ ដោយសារការធ្លាក់ចុះតំលៃសំបុត្រយន្តហោះ និងការភ្ជាប់ជើងហោះហើរកាន់តែច្រើន។ រីឯការធ្វើដំណើរតាមផ្លូវទឹកមានកំនើនរហូតដល់២៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា “កំនើនទេសចរណ៍ឆ្នាំនេះ ធ្វើឲ្យយើងគិតថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៥លាននាក់ប៉ុណ្ណោះនៅដំណាច់ឆ្នាំនេះ”។
លោកហូ វណ្ឌីអគ្គលេខាសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងទទួលស្គាល់ថា កំនើនភ្ញៀវទេសចរណ៍ឆ្នាំនេះពិតជាយឺត ប៉ុន្តែអ្វីៗមិនទាន់អាចបញ្ជាក់បាននៅឡើយ ដោយសារកម្ពុជានៅសល់ពេលវេលាច្រើនបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំនេះ ប៉ុន្តែប្រសិនជាពិភពលោកមិនប្រឈមនឹងគ្រោះមហន្តរាយ អំពើភេវរកម្ម ទុរភឹក្សកម្ពុជាអាចទទួល បានភ្ញៀវទេសចរណ៍បានតាមការរំពឹងទុករបស់ក្រសួង។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោកធួន ស៊ីណានបានទាមទារឲ្យក្រសួង និងវិស័យឯកជនធ្វើការសហការគ្នាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយៈការពង្រីកថវិកាបន្ថែមរបស់រដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការបង្កើនការតភ្ជាប់ជើងហោះហើរកាន់តែច្រើនមកកាន់កម្ពុជា៕
គង់ លាងហួរ