Tuesday, November 19, 2024
Homeតារាខ្មែរវី ឌីណែត ៖ប្រឹងជម្នះព្រហ្មលិខិត តែបាត់ស្នេហា

វី ឌីណែត ៖ប្រឹងជម្នះព្រហ្មលិខិត តែបាត់ស្នេហា

ភ្នំពេញ៖បើតាមស្ថានភាពសុខភាពរបស់វី ឌីណែត នាងពិបាកក្នុងការប្រើប្រាស់​សម្លេង​ច្រៀង​បទចម្រៀង​ប្រភេទខ្ពស់ៗដូចមុនណាស់ ព្រោះតែមិនអំណោយផលដោយសារ​តែ​ជំ​ងឺ​ពកក​ជាច្រើនឆ្នាំមកហើយនិង​គ្រូពេទ្យតម្រូវឲ្យ​នាងលេបថ្នាំអស់១ជីវិត​ទៀតផង។ប៉ុន្ដែពេល​នេះ​ឌីណែត មិនព្រមចុះចាញ់និងព្រហ្ម​លិខិត​ដែលតម្រូវឲ្យនាងជួបឧប​សគ្គធំក្នុងអាជីព​នោះ​ទេ ហើយថ្មីៗនេះនាងថែមទាំងព្យាយាមប្រើប្រាស់​សម្លេង​ខ្ពស់ៗឡើងវិញទៀតផង ថ្វីត្បិត​តែ​អ្នកតាមដានស្ដាប់បទចម្រៀងរបស់នាងមើលឃើញ​ថាសម្លេងរបស់កូន​ក្រមុំលោកហួរ ឡាវី ម្នាក់នេះមានការប្រែប្រួលពីមុនខ្លះៗក្ដី ។

 លោកហួរ ឡាវី បានឲ្យប្រាប់តាមទូរស័ព្ទថាកូនស្រីរបស់លោកឌីណែត មានសុខភាព​ល្អធម្មតាទេ ហើយនាង​ឡើងច្រៀងតាមឆាកតន្រ្ដីដូចមុនអីចឹង។លោកឡាវី បន្ថែមថា​បច្ចុ​ប្បន្ន​ឌីណែត នៅតែបន្ដច្រៀងផងថតកុន​ផង​ចឹង ហើយសម្លេងគ្មានការប្រែប្រួលទេ​គឺនៅតែល្អដូច​ដើម។

 វី ឌីណែត ត្រូវបានគេមើលឃើញថាសម្ថភាពច្រៀងរបស់នាងមិនចាញ់ឱក សុគន្ធ​កញ្ញា នោះទេ ប៉ុន្ដែនាងបែ​ជាមិនសូវលេចធ្លោទៅវិញ ព្រោះហង្សមាសមានតារាច្រើនពេក ទើបបទចម្រៀងមានការបែកចែកវិលជុំ ទើបកាលពីដើមឆ្នាំ២០២០ វីណែត ធ្លាប់ប្រកាស​ជាសាធារ​ណៈ​ម្ដងរួចទៅហើយថានាងជិតបញ្ចប់អាជីពចម្រៀង ដែលពេលនោះ​Fan ភាគ​ច្រើន​របស់​នាងម៉ៃថាកូនក្រមុំលោកឡាវី អាកអន់ស្រពោនចិត្តជាមួយហង្ស​មាសដែល​មិន​សូវលើកនាង។

 ឆ្លើយតបសំណួរថាតើការលេចធ្លោរបស់វី ឌីណែត នាពេលនេះលោកហួរ ឡាវី ពេញ​ចិត្តអត់ ?ឬមួយលោកគិត​ថានាងមិនទាន់បញ្ចេញសម្ថភាពអស់ ហើយឌីណែត នឹងចេញពី​ហង្ស​មាស នោះលោកឡាវី ថាកូនស្រីរបស់​លោកនៅតែជាតារាចម្រៀង​មានកុងត្រានៅ​ហង្ស​មាសនៅឡើយ ហើយសម្រាប់លោកពេញចិត្តដែលឌីណែត បានល្បីនិងលេចធ្លោរបាន​ប៉ុ​ណ្ណោះ​ ។លោកបន្ថែមថាឌីណែត គ្មានគម្រោងចាកចេញពីហង្សមាសនោះទេ។

វី ឌីណែត ទោះជាបង្ហាញភាពរឹងមាំថាសុខភាពនាងអត់បញ្ហា និងឡើងច្រៀងចេញថត​ភាពយន្ដជាធម្មតាមែន ប៉ុន្ដែរឿងស្នេហារបស់នាងបានស្ងប់ស្ងាត់ទៅវិញ​ឈឹងតែម្ដងជាង​៣ឆ្នាំ​មកនេះ ក្រោយនាងបង្ហាញភាព​ស្និតស្នេហ៍​ជាមួយបុរសម្នាក់​ដោយយកស្ទីគ័របាំងមុខ​មួយ​ប្រាវ តែអត់ហ៊ានបង្ហាញមុខប្រុសនោះពិតឲ្យគេស្គាល់ថាជាអ្នក​ណាដោយគ្រាន់តែបង្ហើបថា​ជា​បុរសម្នាក់នៅក្នុងចង្កោមអ្នកសិល្បៈដូចនាងដែរនោះ ខណៈដែលតារារួម​ដំបូល​មាន​ដូចជា​ពេជ្រ សោភា ,ប៉ាច គីមមួយ ,ចំរើន សុភ័ក្រ និងម៉ង់ ច័ន្ទកញ្ញា ជាដើមពួកគេសុទ្ធតែក្លាហាន​ហ៊ាន​បង្ហាញមុខគូស្នេហ៍ពិតរៀងៗខ្លួន។ការបាត់ដំណឹងម្ចាស់ស្នេហ៍នេះបញ្ជាក់ថាឌីណែត អត់ទាន់ប្រាកដ​ស្នេហ៍​ឡើយ ហេតុនេះដំណឹងនាងរៀបការដូចមិត្តភក្ដិក៍​គ្មានដែរ។ប៉ុន្ដែ​កាល​ពីចុងខែកក្កដា ឌីណែត បានទិញកាដូ​លួងចិត្តខ្លួនឯងនោះគឺរថយន្ដម៉ាកMG Rx5 Reborn 2023  ព័ណខ្មៅ ដែលមានតម្លៃ៤ ម៉ឺនដុល្លារ ក្រោយគេ​ថា​ឆ្នាំនេះនាងមិនសូវមានយ៊ីអ៊ុនល្អ​ទាំងស្នេហា និងសុខភាព។

ប្រភពខ្លះថាវី ឌីណែត ចង់ទុករឿងស្នេហាទុកមួយអន្លើសិនព្រោះតែនាង​នៅតែអា​លោះ​​​អាល័យម្ដាយជា​ទីស្រ​លាញ់អ្នកស្រីងឿន សុផានី ដែលទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយសារតែជំងឺកូវីដ។ដោយឡែកលោកហួរ ឡាវី តែងតែលើកទឹក​ចិត្ត​ដល់កូនស្រីលោកជានិច្ចទាំងការកំពុងព្យាបាលដោយជំងឺ និង​នាង​នឹក​រលឹក​ដល់ម្ដាយ​គ្រប់វិ​នាទីនោះ ហើយទាក់ទងរឿងគូស្រករវិញលោកផ្ដល់សិទ្ធិឲ្យកូន​ស្រី​ដោយពេញ​លេញ។

 ក្រៅពីវី ឌីណែត តារាដែលនៅបន្ដអាជីពចម្រៀងទាំងសុខ​ភាពមិនសូវល្អមានដូចជា​នាង​សួស វីសា (ឈឺជំងឺ​រលាក​បំពង់ក) និងពេជ្រ សោភា (មានជំងឺឈាមស ស៊ីឈាមក្រហម)​ជា​ដើម។គេចាំមើលថានៅពេលដែលឱក សុគន្ធកញ្ញ សម្រេចចិត្តពពោះកូនទី២ ដែលបញ្ជាក់​ថានាងកាន់តែបន្ធូដៃក្នុងការប្រជែងទីផ្សារចម្រៀង​នោះនាង​ឌីណែត អាចនឹងត្រូវហង្សមាស​លើក​ឲ្យនាងល្បីជាងនេះដែរ ឬទេ?

RELATED ARTICLES