ភ្នំពេញ ៖ ស្របពេលដែលកំពុងមានការជជែកវែកញែកមិនចប់ ជុំវិញករណីអតីតកីឡាករប្រដាល់ លោកបឺត សំរេច អះអាងខ្លួនជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដោយអ្នកខ្លះជឿ អ្នកខ្លះថាជាការ បោកប្រាស់ ជាពិសេសចុងក្រោយថ្មីៗនេះ តារាចម្រៀងសុះ ម៉ាច ជាកូនធម៌របស់ភរិយាលោកស៊ីន ស៊ីសាមុត បានអះអាងថា បឺត សំរេច មិនមែនជាឈាមជ័រអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទេនោះ ស្រាប់តែលោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះមួយរូប បានចេញមុខជេរប្រមាថលោកបឺត សំរេចនិងបានស្នើអគ្គស្នងការនគរបាលជាតិ ចាប់ខ្លួនលោកបឺត សំរេច យកទៅចាត់ការតាមច្បាប់ ដោយចោទ ថា ការអះអាងរបស់បឺត សំរេច ថាជាកូនលោកស៊ីន ស៊ីសាមុត គឺជាការកុហកបោកប្រាស់។

លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បាននិយាយក្នុងវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័របណ្តាញសង្គម ហ្វេស ប៊ុក របស់ខ្លួន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថា “មនុស្សខ្ញុំ រឿងដែលមិន ទទួលបានការពិត អារម្មណ៍នៅ មិនសុខ មានបងប្អូនជាច្រើន ឆាតមករារាំងមិនឱ្យខ្ញុំនិយាយ ខ្លះនិយាយថា រឿងរបស់គេតើ! រឿងរបស់គេម៉េច? តាមពិតខ្ញុំអត់ចង់និយាយទេ ទុកឱ្យវាឯករាជ្យទៅ យ៉ាងណាខ្ញុំត្រូវតែនិយាយ អាបឺត សំរេច អ្ហែងមិនបាច់ព្យា យាមកុហកទេ! ឃើញលោកយាយសាត (ធីម រី) និយាយថា បឺត សំរេច ពិតជាកូនលោកស៊ីន ស៊ីសាមុត ពិត ប្រាកដ។ លោកយាយចាស់ហើយ ហេតុអីស្តាប់គេបញ្ជាឱ្យធ្វើធើអី? អាមួយអ្នកសម្ភាសន៍ ហើយបញ្ជាឱ្យយាយ ហ្នឹងនិយាយ តាមពិតខ្ញុំមើលអារម្មណ៍ ឧត្តមគតិគាត់ អត់ចង់និយាយទេ លើកដៃសំពះឡើងញ័រ យំហ្នឹង មិនមែន យំរឿងអាបឺត សំរេច ទេ គឺយំកុហកការពិត ខ្ញុំមើលអារម្មណ៍គាត់នោះ បឺត សំរេច ចាំបាច់ធ្វើបាបម្តាយធ្វើអី? អញដឹងជាជម្រើសចុងក្រោយរបស់អ្ហែង ដែលកុហកមហាជន មុខមិនដូចអីបន្តិចទេ ដូចម្តាយរាល់ថ្ងៃ យាយ សាត ហ្នឹង មានឆ្លុះកញ្ចក់មើលខ្លួនឯងអត់ទេ រាល់ថ្ងៃហ្នឹង? អ្ហែងអត់មានគុណធម៌ទេអី អត់ចេះគោរពព្រះ កន្លោង ទេអី? ឬក៏អត់មានបេះដូងជាមនុស្ស អត់មានសារជាតិជាមនុស្សទេអី បានគ្មានមនោសញ្ចេតនាអីបន្តិចសោះ ចំពោះអ្នកមានគុណ មាតាបិតា លេងចេញមកអ៊ីចឹងៗអី បញ្ជាឱ្យគាត់និយាយ គាត់ចាស់ហើយ អាយុ៨៣ឆ្នាំ ហើយទៅបញ្ជាឱ្យគាត់និយាយធ្វើអី? សាងបាបកម្មធ្វើអីទៀត? តាមខ្ញុំមើល លោកយាយអត់ចង់និយាយទេ តែ មានគេបញ្ជាឱ្យគាត់និយាយ»។

លោកហ៊ត ប៉ូ ហៅអធិរាជមហាសាច់ បន្តថា «ខ្ញុំបានប្រាប់ហើយថា ពួកវាហ្នឹងមានគ្នា ៤នាក់ ខ្ញុំមិនចង់ខ្វល់ អារឿងបឺត សំរេច ទេ គេចង់ធ្វើអីធ្វើទៅ តែខ្ញុំចង់ប្រាប់ឱ្យបងប្អូនបានដឹងពីរឿងភូតកុហក មនុស្សណាបើការពិត គេមិនទៅចាំបាច់ហៅឱ្យអ្នកណាជឿទេ ការពិត នៅតែជាការពិតក្នុងខ្លួនរបស់គេ ឈាមរបស់គេ ហ្សែនរបស់គេ ពិតប្រាកដ។ ខ្ញុំបានសួរលោកយាយ ថងញ៉ុត អស់ហើយ លោកតាស៊ីន ស៊ីសាមុត គ្មានពេលទាក់ស្រីទេ លោក តាស៊ីន ស៊ីសាមុត មានប្រពន្ធ២ គាត់ស្រលាញ់លោកយាយអង្គារ៉ា សម្បើមណាស់ គាត់គ្មានវិជ្ជរ៉ា ទេ គ្មាននាង វិជ្ជរ៉ា ទេ លោកតាស៊ីន ស៊ីសាមុត គាត់មានប្រពន្ធដើមគាត់ ឈ្មោះខាវ ថងញ៉ុត គាត់ស្រលាញ់គ្នាជាប្តីប្រពន្ធ រៀបការពេញច្បាប់ ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នោះ គឺកូន២ ប្រុស១ ស្រី១ ។ តាមពិតបទ «បុប្ផាកំពង់ ហាវ» នោះ មិនមែនលោកយាយ ធីម វិជ្ជរ៉ា ទេ តាមពិត គាត់សំដៅទៅលើអ្នកគ្រូពេទ្យម្នាក់ ដឹងពីណាគេអត់? គឺលោកយាយអង្គារ៉ា ។ ស្រាវជ្រាវឡើងវិញ អ្នកជឿទាំងឡាយ តាមពិតឈ្មោះធីម វិជ្ជរ៉ា អត់មានទេក្នុងបញ្ជី ស្រាវជ្រាវមើល បើឈ្មោះអង្គារ៉ា មាន…”។

អធិរាជមហាសាច់ បានបន្តទៀតថា “បឺត សំរេច រូបភាពអ្ហែងទាំងប៉ុន្មាន ជាការកុហកទាំងអស់ អ្ហែងធ្វើអីខ្លួនឯង ដឹងខ្លួនឯងហើយ អ្ហែងមានអាណិតដល់គ្រួសារត្រកូលស៊ីន ទេ? ហេតុអីអ្ហែងធ្វើឱ្យព្រលឹងលោកតាស៊ីន ស៊ីសា មុត មិនស្ងប់សុខជាមួយអ្ហែងអ៊ីចឹង បញ្ឈប់ទៅ អ្ហែងអត់មាន របររកស៊ីអីទេអី? បានជាទៅកុហកបោកប្រាស់ មហាជនអ៊ីចឹង? មនុស្សគេការពិត គេមិនយកឪពុកគេទៅធ្វើអាជីវកម្មអ៊ីចឹងទេ ស្រេចលើការយល់ឃើញរបស់គេ អ្ហែងកាន់តែបកស្រាយកាន់តែខុស បេះដូងអ្ហែងធ្វើអី? អ្ហែងដឹងខ្លួនឯងហើយ អ្ហែងកុហកគេ អ្ហែងមិនបាច់ចាំសារ ភាពក៏បានដែរ នៅតែស្ងៀមទៅចប់ហើយ បែរជាអូសទាំងម៉ែចិញ្ចឹម មកខុសជាមួយទៀត…”។

អធិរាជមហាសាច់ បានបន្ថែមថា “រឿងល្អច្រើនណាស់ ដែលត្រូវធ្វើ ម៉េចក៏មិនធ្វើ អញអត់យល់អ្ហែងទេ! ឥឡូវ ម៉េច ការពិតត្រូវលាតត្រដាងហើយ អ្ហែងខ្មាសគេអត់ អាបឺត សំរេច? អ្ហែងខ្លាំងចេញមុខមក កុំធ្វើអណ្តើកក្នុងស្នូក ដល់ពេលការពិតលាតត្រដាងមក តាំងហើយនៅស្ងៀម ដូចអញថាអ៊ីចឹង ធីម វិជ្ជរ៉ា ពីណាគេ? ម៉ែអ្ហែងរាល់ថ្ងៃហ្នឹង ម៉ែចិញ្ចឹមហ្នឹង ម៉ែបង្កើត ថាម៉ែចិញ្ចឹម ទៅរួចដែរ លើលោកនេះ មានតែម្នាក់ទេ បឺត សំរេច ហើយរួមគ្នាកុហកបានល្អទៀតណា។ បងប្អូន អាហ្នឹងសាហាវណាស់ មិនតែប៉ុណ្ណឹង វាទៅកុហកមហាជនទូទៅ ថា ម៉ែក្មេកវា អត់រួមគំនិត ជាមួយ ច្រានចោលម៉ែក្មេកវា ការផ្អើលពេញភូមិ អ្នកភូមិចាំមុខគ្រប់គ្នា ភូមិតាង៉ែន ឃុំ ស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង គេកំពុងចាំអ្ហែងទៅលេងគេទៅ បើមិនរយះក្បាល ព្រោះគេគប់ទេ អញហ៊ាន ដើរស្រាត! អានេះនិយាយឱ្យចំទៅ អត់បានឆ្លុះកញ្ចក់មើលខ្លួនឯងទេ រឿងល្អច្រើនណាស់ដែលត្រូវធ្វើ ម៉េចវាមិន ធ្វើ? សូមសំណូមពរដល់អគ្គស្នងការ នេត សាវឿន ចាត់ការទៅលើអាបឺត សំរេច និងបក្ខពួកវា បើមិនចាប់បុគ្គល ខូចហ្នឹងទេ នឹងមានបុគ្គលខូចបន្តបន្ទាប់ទៀត ចាប់ឱ្យជាប់ អាណាពូកែបង្ខូចសិល្បករជើងចាស់ ចាប់ឱ្យអស់ អានេះមិនជួយលើកតម្កើងគ្រួសារគេហើយ ថែមទាំងបង្កើតប្រយោជន៍ជាន់ពីលើថែមទៀត។ សូមសំណូមពរអគ្គ ស្នងការ មេត្តាចាត់ការតាមនីតិវិធី ទៅលើបឺត សំរេច ផង ព្រោះអីវាធ្វើស្រែលើកិត្តិយសរបស់ បុព្វបុរសយើងផ្នែក សិល្បៈ វាបង្ខូចកិត្តិយសគ្រួសារគេ…”។

គួររំលឹកថា អតីតកីឡាករប្រដាល់ លោកបឺត សំរេច អាយុ៤៩ឆ្នាំ បានទម្លាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈកម្មវិធីចម្រៀងគ្រួសារខ្មែរ ថាខ្លួនគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប៉ុន្តែរយៈពេលជិត ៥០ឆ្នាំមកនេះ ខ្លួនព្យាយាមលាក់ និងមិនទម្លាយប្រាប់អ្នកណាម្នាក់ឡើយ ដោយសារតែមាន អារម្មណ៍ខ្មាស ដែលខ្លួនមានឈ្មោះជាកូនឥតខាន់ស្លា ដោយសារម្តាយ មិនមែនជាភរិយាស្របច្បាប់ ត្រឹមតែជាគូ កំណាន់របស់លោកស៊ីន ស៊ីសាមុត។

លោកបឺត សំរេច បានអះអាងថា លោកកើតនៅឆ្នាំ១៩៧៤ ដោយម្តាយឈ្មោះធីម វិជ្ជរ៉ា ជាកូនកាត់ ៣សាសន៍ (ឡាវ-ចិន-ខ្មែរ) និងជាអតីតអ្នករបាំព្រះរាជទ្រព្យ ហើយក៏ជាពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង ម្នាក់ផងដែរ។ ក្រោយមក ម្តាយរបស់លោក បានទាក់ទងស្នេហាជាមួយលោកស៊ីន ស៊ីសាមុត រហូតមានតំណក់ឈាម ១ដុំ គឺរូប លោក (បឺត សំរេច)។ លុះក្រោយពីលោកកើតបាន ៦ខែ ម្តាយរបស់លោកខឹងនឹងលោកស៊ីន ស៊ីសាមុត ដែល បានរៀបការចោល ទើបម្តាយលោក បានរត់ទៅស្រុកឡាវ បាត់ទៅ។

លោកបឺត សំរេច បានអះអាងទៀតថា លោកទើបនឹងដឹងរឿងនេះ នៅពេលដែលលោកមានអាយុ១៤ឆ្នាំទៅ ហើយ ដោយម្តាយចិញ្ចឹម របស់លោក ដែលត្រូវជាអ៊ំបង្កើត ជាអ្នកប្រាប់ ខណៈម្តាយបង្កើតរបស់លោក បាន មានគ្រួសារថ្មី (ជនជាតិថៃ) បង្កើតបានកូនស្រី ៣នាក់ថែមទៀត ហើយលោកក៏រស់នៅជាមួយម្តាយចិញ្ចឹម រហូតមក។ ចំពោះមូលហេតុដែលលោកទម្លាយប្រវត្តិរបស់ខ្លួននៅពេលនេះ ថាជាកូនបង្កើតរបស់លោកស៊ីន ស៊ីសាមុត នោះ ក៏ដោយសារតែមានសំណូមពរដ៏ទទូចពីម្តាយចិញ្ចឹម (អ៊ំស្រីបង្កើត) របស់លោក ឈ្មោះធីម រី ដែលគាត់មានវ័យចាស់ណាស់ទៅហើយ ចង់ឲ្យមហាជនដឹងថា លោកស៊ីន ស៊ីសាមុត បានបន្សល់តំណក់ឈាម ជាកូនប្រុសកម្សត់ម្នាក់ទៀត ដើម្បីឲ្យទទួលបានការអាណិតស្រឡាញ់ពីជនរួមជាតិ៕ ដារិទ្ធ