ភ្នំពេញ៖លោកគួច ខេវិន បានបង្ហាញនូវការឈឺចាប់ចំពោះជនគ្មានសប្បជញ្ញៈមួយចំនួនដែលប្រមូលក្រសោបទ្រព្យសម្បត្តិអ្នកដ៍ទៃជារបស់ខ្លួន រហូតមានអ្នកខ្លះហ៊ានរហូតដល់ទៅកែអត្តសញ្ញាណរបស់ខ្លួនកុហក់ខ្លួនឯង ប្រឌិតកែប្រែប្រវត្តិ តាំងខ្លួនជាកូនអធិរាជសម្លេងមាស កូនថៅកែផលិតកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានភាពអៀនខ្មាសសូម្បីតែបន្ដិច។អតីតអគ្គនាយកទូរទស្សន៍Ctn ,Sea Tv និងEtv រូបនេះក៍បានភ្ជាប់ជាមួយបទចម្រៀងមួយបទដែលបានផលិតកាលពី២៣ឆ្នាំមុន ”ឱភ្នំពេញអើយ “ដែលដឹកនាំដោយលោកគួច ខេវិន ផ្ទាល់នៅផលិតកម្មឆ្លងដែន ច្រៀងនិងសម្ដែងដោយកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា ហើយលោកលើកឡើងថាទំនុកច្រៀងមួយបទនេះក៍មានការខ្វែងគំនិតគ្នារវាងចោរ និងម្ចាស់កម្មសិទ្ធិពិតផងដែរ។
លោកគួច ខេវិន បានថ្លែងសារថា”សព្វថ្ងៃមនុស្សដែលគ្មានសតិសម្បជញ្ញៈមួយចំនួនរមែងប្រមូលអោបក្រសោបសម្បត្តិអ្នកដ៏ទៃទាំងរូបិយនិងអរូបិយមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយឥតអៀនខ្មាសដើម្បីតែផលប្រយោជន៍និងលាភសក្ការៈ ទោះជាអំពើថោកទាបយ៉ាងណាក៏ហ៊ានធ្វើ ។ សម័យDigital អ្នកណាស្រវាចាប់អ្វីមួយមកក្តាប់ក្នុងដៃហើយច្នៃដាក់ចូលទៅក្នុងកម្មវិធីផ្សេងៗឲ្យបានមុនគេនោះអ្នកហ្នឹងក៏ក្លាយជាម្ចាស់កម្មសិទ្ធិនៃការចែក ចាយ ទោះជាលួចគេក៏ដោយ ។
តួយ៉ាងដូចជាបទចម្រៀងជាច្រើនដែលកប់បាត់មិនសូវមានអ្នកនឹកនា លុះដល់ពេលដែលមានគេគាស់កកាយយកមកបញ្ចូលរូបភាព បន្ថែមតន្ត្រីឲ្យកាន់តែល្អ រួចដាក់ចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏ស្រាប់តែមានការទាស់ទែងខ្វែងយោបល់គ្នាថាជាកេរ្តិ៍មរតក ជាកម្មសិទ្ធិរបស់ខ្លួនរវាងចោរនឹងម្ចាស់ ។ តើអ្នកទាំងនោះបានអនុលោមទៅតាមច្បាប់រក្សារសិទ្ធិរួចហើយឬនៅនាគ្រាកន្លងមក?។
ក៏មានអ្នកខ្លះហ៊ានរហូតដល់ទៅក្លែងអត្តសញ្ញាណរបស់ខ្លួនកុហកខ្លួនឯង កុហកពូជពង្សវង្សត្រកូលឯង កុហកអ្នកដែលស្លាប់ទៅហើយ ប្រឌិតរឿងកែប្រវត្តិតាំងខ្លួនជាកូនអធិរាជសម្លេងមាស ជាកូនអ្នកនិពន្ធ ជាកូនថៅកែផលិតកម្មដើម្បីតែប្រយោជន៍គ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សសូម្បីតែបន្តិច ទោះជាប់ឈ្មោះជាចោរលួចកេរ្តិ៍របស់គេក៏ដោយ ។ ពពួកមនុស្សអស់ទាំងនោះ យល់អាក្រក់ថាល្អ យល់សថាខ្មៅ យល់ត្រូវថាខុស យល់ទោសថាគុណ យល់បុណ្យថាបាប ធ្វើឲ្យសង្គមច្របូកច្របល់ មិនដឹងនរណាជានរណា?បើអាចកែបានកែទៅ !!!
ពេលនេះ ខ្ញុំសូមរំលឹកឡើងវិញនូវកម្រង បទចម្រៀងដ៏ពិរោះរណ្តំដែលបានផលិតកាល ពី ២៣ឆ្នាំកន្លងទៅ ”ឱ ភ្នំពេញអើយ”ច្រៀងនិងសំដែងដោយកំពូលតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ផលិតក្នុងឆ្នាំ២០០១! ទំនុកច្រៀងនេះក៏មានការទាស់ទែងខ្វែង យោបល់គ្នាថាជាកេរ្តិ៍មរតក ជាកម្មសិទ្ធិរបស់ខ្លួនរវាងចោរនឹងម្ចាស់ផងដែរ! អរគុណ”។
ប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះកើតមានក្រោយពេលអតីតកីឡាករប្រដាល់លោកបឺត សំរេច បានអះអាងថាលោកជាកូនអធិរាជសម្លេងមាសស៊ីន ស៊ីសាមុត ប៉ុន្ដែមានទស្សនិកជនខ្លះជឿរនិងខ្លះទៀតអត់ជឿរព្រោះតែគ្មានភស្ដុតាងណាមួយបញ្ជាក់ការពិត តែមុននេះលោកសុះ ម៉ាច ដែលជាកូនតារាចម្រៀងសុះ ម៉ាត់ និងជាកូនធ័មរបស់ភរិយាអធិរាជសម្លេងមាសស៊ីន ស៊ីសាមុត បានអះអាងថា១០០% លោកហ៊ាននិយាយថាលោកបឺត សំរេច មិនមែនជាកូនរបស់អធិរាជសម្លេងមាស ស៊ីនស៊ីសាមុត នោះទេ ព្រោះលោកថាសំរេច និយាយកុហករូបលោកនៅចំពោះមុខលោកឧកញ៉ាសៀង ណាំ ថាកូនស្រីរបស់លោកស៊ីន ស៊ីសាមុត ទូរស័ព្ទទារ ២ម៉ឺនដុល្លារ ជាថ្នូរនិងការពិនិត្យDNA តែការពិតគ្មានរឿងបែបនោះឡើយ ព្រោះកូនស្រីលោកស៊ីន ស៊ីសាមុត ថាមិនដែលទាំងស្គាល់លេខទូរស័ព្ទសំរេច ផង ។យ៉ាងណានៅពេលដែលមិនទាន់ដឹងថាសំរេច ពិត ឬមិនពិតជាកូនអធិរាជសម្លេងមាសលោកស៊ីន ស៊ីសាមុត នោះគេឃើញលោកសំរេច ទទួលបានអំណោយពីសប្បុរសជនជាបន្ដបន្ទាប់ទាំងថវិការ ,រថយន្ដ និងផ្ទះទៅហើយ ស្របពេលដែលថ្មីៗនេះលោកអធិរាជ មហាសាច់ បានស្នើអគ្គស្នងការ ចាប់បឺត សំរេច ដោយលោកយល់ថារឿងលោកសំរេច អះអាងថាជាកូនលោកស៊ីន ស៊ីសាមុត នោះជាការបោកប្រាស់។
ដោយឡែករឿងដាច់ដោយឡែកមួយទៀតលោកលោកមុន្នី ដែលជាថៅកែផលិតកម្មឆ្លងដែនថ្ មីនោះអះអាងថាលោកជាកូនប្រុសរបស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែនចាស់ បើទោះជាកូនប្រុសរបស់លោកសុន ដែលកំពុងរស់នៅ អាមេរិក ឈ្មោះTonyson Tong បញ្ជាក់ថាលោកមិនដែលស្គាល់លោកមុន្នី និងចាត់ទុកថានោះជារឿងបោកប្រាស់មហាជនក្ដី ប៉ុន្ដែលោកមុន្នី ធ្លាប់សន្យាថានឹងធ្វើសន្និសីទកាសែតទ្រង់ទ្រាយធំនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៣ ដើម្បីបំភ្លឺរឿងរ៉ាវនេះឲ្យជ្រះស្រឡះ ប៉ុន្ដែឥឡូវបែជាស្ងាត់ដូចចោរលួចសេះទៅវិញ។ចំពោះបទ”ឱភ្នំពេញអើយ” អ្នកនាងម៉េង កែវពេជ្ជតា បានចេញមុខនិយាយថាបទនេះសំនៀងដើមរបស់អ្នកស្រីសូ ចាន់នី ដែលសព្វថ្ងៃគាត់កំពុងរស់នៅសហរដ្ឋអាមេរិក ចំណែកទំនុកច្រៀងរបស់លោកតាកែវ ចិន្ដា ជាអតីតរដ្ឋមន្រ្ដីក្រសួងក្រសួងវប្បធ័ម និងវិចិត្រ សិល្បៈ (ពីមុនក្រសួងឃោសនាការវប្បធ័ម និងព័តមាន)និងក្រោយមកលោកក្លាយជាថៅហ្វាយក្រុងភ្នំពេញ រីឯបទភ្លេងជាបទបុរាណឡៅឡឹកកែច្នៃរ បទភ្លេងសម្រួលដោយលោកតាជ័យ សុភា ។ប៉ុន្ដែអ្នកនិពន្ធផ្សេងទៀតអះអាងថាជារបស់គេនោះអ្នកនាងមិនបានដឹងឡើយ ។
ជុំវិញសាររបស់លោកគួច ខេវិន ខាងលើនេះមហាជនជាច្រើនបានសម្ដែងការគាំទ្រ ចំពោះទស្សនៈរបស់លោកដើម្បីផ្ដល់ភាពយុត្តិធ័មដល់ម្ចាស់ស្នាដៃពិត ខណៈខ្លះទៀតថារឿងបឺត សំរេច កាន់តែមានភាពចម្រូងចម្រាស់៕