Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រសួងសុខាភិបាល ណែនាំប្រុងប្រយ័ត្នជំងឺគ្រុន ឈាម

 ក្រសួងសុខាភិបាល ណែនាំប្រុងប្រយ័ត្នជំងឺគ្រុន ឈាម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាការប្រុងប្រយ័ត្នខ្ពស់ចំពោះ ករណីកើនឡើងនៅជំងឺគ្រុនឈាម សម្រាប់ឆ្នាំ២០២៣ នេះ ដោយជំងឺគ្រុនឈាមនេះ មានវដ្តនៃការកើនឡើង ខ្ពស់ខុសប្រក្រតី នៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជំងឺគ្រុន ឈាម អាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពង កកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់ រងថ្លាគ្មានក្លិនដូចជា ៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុន ឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺ គ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រ សិទ្ធភាព ដោយអនុវត្តវិធានការដូចខាងក្រោម ៖

– សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ៤០អង្សាសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យ ព្យាបាលនៅតាមមន្ទីរពេទ្យ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅ បាន និងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។

– សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយនិងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋាន របស់ខ្ញុំ គ្មានដង្កូវទឹក”។

វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារ កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យ បានយ៉ាងតិចម្តង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យ បានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាល នៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដ សម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹម បាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលទុកចោល មិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ដុត កម្ទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បី កុំឱ្យមានទឹកដក់។

វិធានការទី២ ៖ សូមឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការិនីដែលកំពុង បំពេញការងារនៅតាម ការដ្ឋានសំណង់ទាំងអស់ត្រូវ សម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដល់ ប្រជាជនទាំងអស់ ដែលរស់នៅចម្ងាយ ១៥០ម៉ែត្រ ជុំវិញការដ្ឋានសំណង់នោះ។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិ បាលរាជធានី-ខេត្ត ទាំង២៥ ត្រូវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយ សារជំងឺគ្រុន ឈាម។

វិធានការទី៣ ៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើ ការគ្រប់គ្រងសំបកកង់ ទាំងនោះឱ្យមានសុវត្ថិភាព ចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកវត្ថុទាំងនោះ ចោល ពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ ការចម្លងជំងឺគ្រុនឈាម កើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាព គ្មានសត្វមូសកកើត គឺត្រូវ ៖ ដាក់គរត្រួតលើគ្នា គ្របដោយ បន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីន ដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅ ក្រោមដំបូល ដើម្បីចៀសវាងការដក់ទឹក ដែលបង្កទៅជាប្រភពកកើតនិងជាជម្រកមូសខ្លា។

វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរសម្លៀកបំពាក់ ទាំងក្នុងនិងក្រៅផ្ទះ ឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកសត្វមូស មកតោងជ្រកទំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំ បាច់ត្រូវស្លៀកសម្លៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយ លេងនៅជិតទីកន្លែងងងឹតៗនោះទេ។

វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។

ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារ សុខភាពអ្នក និងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចៀសផុតពីជំងឺគ្រុនឈាម។ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាព តាមបណ្តាញ តេឡេក្រាម ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល ព្រមទាំងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលោកវេជ្ជបណ្ឌិត លាង ឫទ្ធា លេខទូរស័ព្ទ ៖ ០១២ ៧១៥ ៦៦៦ អ៊ីម៉ែល rithealeang@gmail.com ៕

RELATED ARTICLES