រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គកាសម្អាតទន្លេសមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀប ចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយ ម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១ ០០០ នាក់។ សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំចាប់ តាំងពីឆ្នាំ២០១៨មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោលបំណងដោះស្រាយបញ្ហាការគ្រប់គ្រង កាក់សំណល់មិនបាន ត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។



ក្នុងពិធីនេះ ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំ ទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពល រដ្ឋឱ្យចូល រួមក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។



លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា អង្គការ សម្អាតទន្លេសមុទ្រ នឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់ នៅត្រឹមឆ្នាំ២០២៨។ អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន១គ្រឿងកំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រ ចិត្ត ចំនួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។



លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរ ជាខ្លាំង ដែលក្រុម ហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។ លោកបានថ្លែងថា «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្រប តាមគោលដៅ ចីរភាពរបស់ក្រុមហ៊ុន ‘អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក’។ លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុស ស្មារតីអំពីការគ្រប់គ្រង កាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះ បញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការ អភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវ ការផ្លាស់ប្តូរ ជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។


ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់ តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្ម ភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញ ភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។ គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើក ទី ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយមាន ការចែកសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។ ទិវាសម្អាតបរិស្ថានពិភពលោក បន្ទាប់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា ៕


