Wednesday, December 25, 2024
Homeព័ត៌មានជាតិសង្ឃ៣​អង្គ លួច​ដោះ​ស្បង់​ចូល​ក្លឹប

សង្ឃ៣​អង្គ លួច​ដោះ​ស្បង់​ចូល​ក្លឹប

ខេត្តកំពង់ឆ្នាំង ៖ សង្ឃវ័យក្មេង៣អង្គ រួមនិងបក្ខពួក៤នាក់ផ្សេងទៀត បានលួចដោះ ស្បង់ តុបតែងខ្លួនជាក្មេង​ស្ទាវ នាំគ្នាចូលក្លឹប ផឹកស៊ីរាំលេងយ៉ាងក្អាកក្អាយ លុះត្រឡប់មក វិញ មិនទាន់អស់ចំហាយនាំគ្នាអង្គុយលេងលើ សួនច្បារ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញសង្ស័យ ឃើញសក់ខ្លីៗ ឃាត់ខ្លួនសាកសួរ ទើបដឹងថា គឺជាសង្ឃលួចដោះ​ស្បង់ចូលក្លឹបរាត្រី។

ករណីឃាត់ខ្លួនសង្ឃ ដែលលបលួចចូល ក្លឹបរាត្រីជាមួយបនភឿននេះ បានកើតឡើង កាលពីវេលាម៉ោង១និង​៣០​នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចសួនច្បារដើមពោធិ ស្ថិតក្នុងក្រុង​កំពង់ឆ្នាំង។

សង្ឃទាំង៣អង្គ ដែលលួចដោះស្បង់ដើរ លេងយប់នេះ រួមមាន ទី១-ឈ្មោះថន ពិសា អាយុ១៧ឆ្នាំ ទី២-ឈ្មោះ​ម៉ា​ត សុមិត អាយុ ១៦ឆ្នាំ និងទី៣-ឈ្មោះណៃ ចំណាន។ ទាំង៣ នាក់ គឺជាសង្ឃគង់នៅវត្តសង្វររង្សី ស្ថិតក្នុងឃុំ ផ្សារ ស្រុកបរិបូរណ៍។ ចំណែកបក្ខពួក៤នាក់ ទៀត រួមមាន ទី១-ឈ្មោះប៉ុន មឿន អាយុ ២០ឆ្នាំ ទី២-ឈ្មោះ​ឈឿន វណ្ណា អាយុ២០ឆ្នាំ រស់នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ទី៣-ឈ្មោះ ប៉ិន វណ្ណៈ អាយុ២២ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល និងទី៤-ឈ្មោះធឿង ថាង អាយុ ២២ឆ្នាំ។

តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តកំពង់- ឆ្នាំង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្លាំងអាវុធហត្ថ កំពុងចេញល្បាត តាមមូលដ្ឋាន ស្រាប់តែប្រទះឃើញយុវជន មួយក្រុមមានគ្នា៧នាក់អង្គុយលេងនៅលើសួន ច្បារដើមពោធិ ហើយក្នុងនេះ ឃើញយុវជន ៣នាក់ មានក្បាលត្រងោល សក់ខ្លីៗ ទើបសង្ស័យ ក៏ឃាត់ខ្លួនមក​សាកសួរ ទើបដឹងថា ក្នុងចំណោម យុវជនទាំង៧នាក់ មាន៣នាក់ គឺជាសង្ឃដែល លួចចេញពីវត្ត មកដើរលេង​យប់។

ក្រោយធ្វើការឃាត់ខ្លួនយុវជនទាំង៧នាក់ មកធ្វើការសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួចមក មន្ត្រីអាវុធហត្ថ បានធ្វើតេស្តរកសារធាតុញៀនលើខ្លួនយុវជន ទាំង៧នាក់ ក្នុងនោះឃើញថា មានម្នាក់​ឈ្មោះ ធឿង ថា មានសារធាតុញៀននៅក្នុងខ្លួន។

នៅចំពោះមុខកម្លាំងអាវុធហត្ថ ក្រុមយុវជនខាងលើ បានឆ្លើយសារភាពថា ដំបូង ឡើយ ឈ្មោះធឿង ថាង ដែល​មានសារធាតុ ញៀនក្នុងខ្លួនបានបបួលមិត្តភក្តិចំនួន៣នាក់ ទៀត ទៅដើរលេងយប់ជាមួយគ្នា បន្ទាប់មក ៣នាក់​នោះ បានទៅបបួលសង្ឃវ័យក្មេងទាំង ៣អង្គ ដែលគង់នៅវត្តសង្វររង្សី ទៅជាមួយ គ្នា បន្ទាប់មកសង្ឃទាំង៣​អង្គ ក៏នាំគ្នាលួចដោះ ស្បង់ចេញ រួចស្លៀកពាក់ខោអាវ ហើយក៏នាំ គ្នាចេញមកដើរលេងនៅទីរួមខេត្ត ដោយ​បាន ចូលក្លឹបផឹកស៊ីរាំលេងយ៉ាងសប្បាយដោយមិនិ មានអ្នកណាម្នាក់ បានដឹងរឿងសោះឡើយ។ លុះពេល​ចេញ​មកពីក្លឹបវិញ ដោយសារមិនទាន់ អស់ចំហាយសប្បាយ ទើបសង្ឃទាំង៣អង្គ មិនទាន់ចង់ត្រឡប់ទៅវត្ត​វិញ ក៏នាំគ្នាទៅអង្គុយ លេងនៅលើសួនច្បារ ស្រាប់តែត្រូវកម្លាំង អាវុធហត្ថ ចេញល្បាតចាប់ថ្នាក់បានឃាត់ខ្លួន មកសាកសួរ ទើបបែកធ្លាយរឿងរ៉ាវតែម្តង។

ក្រោយពីសាកសួររួចរាល់ យុវជនជាសង្ឃ ដែលលួចដោះស្បង់ចេញពីវត្តដើរលេងយប់ ទាំង៣នាក់ ត្រូវបាន​សមត្ថ​កិច្ច​ប្រគល់ទៅឱ្យខាង មន្ទីរធម្មការខេត្ត ជាអ្នកចាត់ការបន្ត។ ចំណែក យុវជន៣នាក់ផ្សេងទៀត ត្រូវបាន​ដោះលែង ឱ្យមានសេរីភាពដោយគ្រាន់តែធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តបែបនេះទៀតប៉ុណ្ណោះ។ ដោយ ឡែក យុវ​ជនឈ្មោះធឿង ថាង ដែលមានសារ- ធាតុញៀនក្នុងខ្លួនត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕”

RELATED ARTICLES