ភ្នំពេញ៖គេកត់សម្គាល់ឃើញថានៅតាមផលិតកម្មនីមួយៗតែងតែមានតារាស្រីលំដាប់ជូរមុខឈជាតួឯកប្រៀបបានតំណាងផលិតកម្មតែម្ដងដែលខ្លះរក្សារតំណែងបានជាង១០ឆ្នាំ អត់ទាន់មានអ្នកជំនួសក៍មានក្នុងនោះមានដូចជាឱក សុគន្ធកញ្ញា តួឯករបស់ហង្សមាស ,សុខ ពិសី តួឯករបស់សាន់ដេ និងតន់ ច័ន្ទសីម៉ា តួឯកGalaxy ជាដើម។ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣ នេះគេសង្កេតឃើញមានតារាស្រី៣ដួងបានឈប់ច្រៀងនៅខាងក្រៅផលិតកម្មធំៗទាំងនោះហើយងាកមកផលិតបទចម្រៀងដោយខ្លួនឯងវិញ។តើការច្រៀងនៅផលិកម្មគេ និងច្រៀងខ្លួនឯង១ ណាល្បីជាងទៅ?
១៖មាស សុខសោភាៈអតីតតួឯករបស់ថោន និងរាម រូបនេះប្រកាសថានៅឆ្នាំ២០២៣ នេះរូបនាងមិនទៅច្រៀងនៅផលិតកម្មណាទាំងអស់ ពោលគឺចេញបទចម្រៀងនៅផលិតកម្ម ផ្ទាល់ខ្លួន CamtraxMusic ដែលមានស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រង។ប៉ុន្ដែរយៈពេលជិត៩ខែមកនេះសោភា ទើបចេញបានចម្រៀង ១បទប៉ុណ្ណោះដែលជាបទទាក់ទងការសរសើរប្ដី ហើយនាងបានយកស្វាមីថតMV ជាមួយគ្នាតែម្ដងដែលការចេញបានតិចបទបែបនេះប្រាកដណាស់ថាមិនអាចវាយលុកទីផ្សារចម្រៀងបានទេ ។តែសោភា នៅតែក្ដាប់បានទីផ្សារសិល្បៈជាធម្មតាទៅវិញ តាមរយៈការចេញមុខច្រៀងកម្មវិធីធំៗជាបន្ដបន្ទាប់ ព្រោះនាងច្រៀងបទល្បីៗពីមុន។អ្នកជំនាញសិល្បៈបានលើកឡើងថាការអះអាងរបស់សុខសោភា ថានាងមិនចង់ទៅច្រៀងនៅផលិតកម្មណាក្រោយចេញពីរាម កាលពីដើមឆ្នាំ២០២៣ នោះគ្រាន់តែជាសញ្ញាមួយដើម្បីបើកផ្លូវឲ្យផលិតកម្មទាំងឡាយចង់បាននាងចូលចែចូវប៉ុណ្ណោះ ហើយក្នុងចំណោមនោះបើនាងចចាត្រូវរ៉ូវគ្នាហើយនឹងទៅផលិតកម្មនោះមុនកំណត់ជាមិនខាន។ប៉ុន្ដែសុខសោភា ថាសម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីបានដែរ។
២៖ទេព បូព្រឹក្សៈអតីតតារាហង្សមាសរូបនេះទើបវិលរកឆាកតន្រ្ដីវិញកាលពីដើមខែ៨ ក្រោយនាងបានផ្អាករាំច្រៀងអស់រយៈពេលជាងកន្លះឆ្នាំដើម្បីថែគ័រនិងសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ កុម្ភៈ ២០២៣។បូព្រឹក្ស មិនមានផលិតកម្មធំណាជ្រកកោនទេ តែនាងច្រៀងបទដែលស្វាមីនាងរៀបចំឲ្យដូចគ្នាទៅនិងមាស សុខសោភា ដែរ ហើយមុនសម្រាលកូននាងរក្សារបានទីផ្សារចម្រៀងផ្នែកយុវវ័យដែលចំណុចខ្លាំងរបស់នាងគឺនៅលើការស្លៀកពាក់តុបតែងខ្លួនប្លែកៗនិងក្បាច់រាំបែបកាចៗនោះឯង។គេនៅមិនទាន់អាចវាយតម្លៃថាបូព្រឹក្ស នៅតែមានFan ច្រើន ឬចុះខ្សោយដូចតារាមួយចំនួនទៀតដែលមានស្វាមី និងកូនដូចនាងនោះទេ ខណៈដែលពេលនេះនាងចាប់ដៃជាមួយលោកងួន ចាន់ដេវីត តែម្ដង ហេតុនេះគេអាចនិយាយបានថាជោគវាសនាអាជីពចម្រៀងរបស់ស្រីនិច្ច នៅលើស្វាមីនាងជាអ្នកកណត់ ព្រោះតារាកូន១រូបនេះក៍គ្មានដំណឹងទៅចូលផលិតកម្មណាដែរ ដោយសារតែនាងមានដេវីត ជាអ្នកធ្វើភ្លេង សរសេរប៉ារូលឲ្យនាងច្រៀងទៅហើយ។
៣៖បេប៊ីៈក្នុងកុងត្រាជាមួយថោន ៥ឆ្នាំ បេប៊ី បានបាត់មុខពីការច្រៀងសម្ដែងអស់ជាង៣ឆ្នាំបាត់ទៅហើយដោយសម្អាងថានាងជាប់បើកហាងកាហ្វេដល់ទៅ៥សាខាផ្សេងគ្នា គ្មានអ្នកមើលខុសត្រូវជំនួស តែអ្នកខ្លះសង្ស័យថានាងត្រូវគូស្នេហ៍ហួងហែង។តែពេលនេះនាងចេញមកអះអាងថាកុងត្រានៅថោន បានអស់សុពលភាព និងអត់បន្ដកុងត្រាថ្មីនោះទេ។នាងរចនាពេជ្រ បានសន្យាថានឹងចេញឡើងច្រៀងរាំតាមឆាកតន្រ្ដីដូចមុនឡើងវិញមុនពិធីបុណ្យអុំទូកនៅចុងខែ១១ នេះ ខណៈពេលនេះនាងបានចំណាយថវិការផ្ទាល់ខ្លួនជួលគេធ្វើបទថ្មីៗឲ្យ។អតីតពិធីការិនីCTN រូបនេះថាដោយសារតែនាងបាត់មុខយូពេកហេតុនេះការចេញមកលើកនេះទាល់តែមានអ្វីដែលថ្មីនិងប្លែកបំផុត ទើបធ្វើឲ្យទស្សនិកជនងាកមកចាប់អារម្មណ៍នាងវិញ។
ថ្វីត្បិតតែតារាទាំង៣ដួងខាងលើហាក់មានជំនឿរចិត្តលើការមិនពឹងលើផលិតដ៍ទៃដូចមុនទៀតក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈព្រមានថាការច្រៀងផលិតកម្មខ្លួនឯងមិនដូចច្រៀងនៅផលិតកម្មគេ ទេព្រោះផលិតកម្មមានស្ដង់ដាគេមានធនធានមនុស្ស និងរចនាសម្ព័ន្ធត្រឹមត្រូវ អាចផលិតបទចម្រៀងមានគុណភាពល្អជាងធ្វើខ្លួនឯងដែលមានគ្នាតិច ឬខ្វះធនធានមនុស្សល្អៗប្រមូលផ្ដុំគ្នា ៕