ខេត្តបាត់ដំបង ៖ ស្របពេលដែលមានអ្នកស្រាវជ្រាវម្នាក់ បានប្រកាសថា នឹងបង្ហាញបើកវាំងននខ្មៅ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបញ្ជាក់ថា លោកធីម ភក្រលីន ហៅបឺត សំរេច ជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដូចសាមីខ្លួនអះអាង ឬជាកូនអ្នកណា? បន្ទាប់ពីមជ្ឈដ្ឋានមួយចំនួន រួមទាំងអ្នកសិល្បៈ លោកសុះ ម៉ាច បានអះអាងថា បឺត សំរេច មិនមែនជាកូនលោកស៊ីន ស៊ីសាមុត នោះ ស្រាប់តែមានបុរសម្នាក់ បានចេញមុខអះ អាងថា រូបលោកគឺជាបងធម៌របស់ធីម ភក្រលីន ដោយលោកបានអះអាងដោយធានាដាក់ជីវិតថា ធីម ភក្រលីន ហៅបឺត សំរេច មិនមែនជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជាមួយអ្នករបាំព្រះរាជទ្រព្យ ធីម វិជ្ជរ៉ា នោះទេ គឺជាកូនបង្កើតរបស់អ្នកស្រី ធីម រី ដែលបឺត សំរេច អះអាងថាជាម្ដាយចិញ្ចឹមបច្ចុប្បន្ន និងត្រូវជាអ៊ំ បង្កើត នេះឯង។

សូមបញ្ជាក់ថា នៅថ្ងៃទិ១៩ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានអនឡាញ HP Media បានបានផ្សាយថា ថ្មីៗនេះ មានបុរសម្នាក់ អះអាងខ្លួនជាបងធម៌របស់បឺត សំរេច បានទូរស័ព្ទមកទម្លាយប្រាប់ថា លោកបឺត សំរេច មិន មែនជាកូនលោកស៊ីន ស៊ីសាមុត នោះទេ ។ បុរសនោះ បានបញ្ជាក់ថា តាមពិត កាលនៅរាប់អានគ្នាជាបង ប្អូនធម៌ គាត់គ្រាន់តែនិយាយលេងថា ប្អូនធម៌ (ធីម ភក្រលីន ហៅបឺត សំរេច) ច្រៀងពីរោះអ៊ីចឹង បើប្រាប់មហា ជនថា ជាកូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏គេជឿដែរ ។ ស្រាប់តែបែកគ្នាអស់ជាច្រើនឆ្នាំមកនេះ បឺត សំរេច មិនដឹងជាគិតអី ស្រាប់តែយកពាក្យដែលគាត់និយាយលេងនោះ មកអះអាងថាខ្លួនគឺជាកូនរបស់លោក ស៊ីន ស៊ីសាមុត ទៅវិញ ។

សារព័ត៌មាន HP Media បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ថា “មាន បងប្រុសម្នាក់ ជាបងធម៌របស់ធីម ភ័ក្រលីន ហៅបឺត សំរេច បានខលមកខ្ញុំ ប្រាប់រឿងទាំងអស់ កាល ពីនៅ ក្មេងៗជាមួយគ្នា និងបាននិយាយថា : កាលនោះគាត់ឃើញបឺត សំរេច ច្រៀងពីរោះ ចង់ណែនាំឲ្យច្រៀង តែបឺត សំរេច ថាអត់ខ្សែ អត់ខ្នង ពិបាកណាស់បង ហើយបងប្រុសម្នាក់នោះក៏និយាយលេងថាបើច្រៀងពីរោះ ចឹង លីន ឯងប្រាប់គេថាកូនស៊ីន ស៊ីសាមុត ទៅ ក៏គេជឿដែរ ។ តាំងពីពេលហ្នឹងមក គាត់ក៏បែកគ្នា ហើយស្រាប់ តែឃើញ ក្នុងបណ្តាញសង្គម គាត់ក៏ឆ្ងល់ម៉េចបានជាអាលីន (បឺត សំរេច) កូនយាយរី ទៅជាកូនតាស៊ីន ស៊ីសាមុត វិញ គាត់ហ៊ានយកជីវិតគាត់ កូនប្រពន្ធគាត់ថា អាលីន មិនមែនជាកូនលោកតាស៊ីន ស៊ីសាមុត ទេ“ ។

ដោយឡែក បុរសម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ជាអតីតពលទាហាន មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នមានគ្រួសារ និងរស់នៅខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថា ក្រោយសារព័ត៌មានខាងលើ ផ្សាយថា មានបុរសម្នាក់ អះអាងថាជាបងធម៌របស់លោកបឺត សំរេច ធានាដាក់ ជីវិតថា ធីម ភក្រលីន ហៅបឺត សំរេច មិនមែនជាកូនលោកស៊ីន ស៊ីសាមុត មកនោះ មានមនុស្សជាច្រើន បាន ទូរស័ព្ទមកសាកសួរលោកបន្ថែមពីរឿងនេះ ព្រោះមជ្ឈដ្ឋានទាំងនោះយល់ច្រឡំថា រូបលោក គឺជាបុរសដែល អះអាងខ្លួនជាបងធម៌លោកបឺត សំរេច ។ ប៉ុន្តែការពិត លោកមិនមែនជាបងធម៌របស់លោកបឺត សំរេច ទេ គឺលោកគ្រាន់តែជាអ្នករួមដំណើរជាមួយបុរសដែលអះអាងថាជាបងធម៌របស់លោកបឺត សំរេច នោះហើយ បុរសនោះ បានខ្ចីទូរស័ព្ទរបស់លោក ហៅទៅអ្នកសារព័ត៌មាននោះ ដើម្បីបញ្ជាក់ថា ធីម ភក្រលីន ឬបឺត សំរេច មិនមែនជាកូនរបស់លោកស៊ីន ស៊ីសាមុត នោះទេ ។ ប៉ុន្តែយ៉ាងណា លោកទទួលស្គាល់ថា អ្វីដែលអ្នកសារ ព័ត៌មានខាងលើ បានទម្លាយចេញនោះ គឺដូចទៅនឹងអ្វីដែលបុរសដែលអះអាងជាបងធម៌លោកបឺត សំរេច នោះរៀបរាប់ប្រាប់លោកដែរ ។

បុរសសុំមិនបញ្ចេញឈ្មោះរូបនោះ បានរៀបរាប់ប្រាប់ «នគរធំ» ថា ថ្មីៗនេះ លោកបានធ្វើដំណើរ ពីស្រុក មោង ឫស្សី ខេត្តបាត់ដំបង ដែលជាស្រុកកំណើត ត្រលប់មកខេត្តព្រៃវែង ដែលជាកន្លែងរស់នៅបច្ចុប្បន្នវិញ ។ ក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តតាក់ស៊ី (ឡានតូច) នោះ លោកបានទាញទូរសព័្ទមកបើកមើលព័ត៌ មាននៅ ក្នុងហ្វេសប៊ុក ហើយក៏បើកចំព័ត៌មានមួយ ដែលនិយាយពីលោកបឺត សំរេច ។ ពេលនោះ មានបុរសម្នាក់ដែល អង្គុយក្នុងឡាន ជិតលោក បានងាកមកមើលជាមួយលោកដែរ ហើយបានលាន់មាត់ថា ធីម ភក្រលីន (បឺត សំរេច) ហ្នឹង ជាប្អូនធម៌របស់គាត់ ហើយគាត់បានសុំឲ្យជួយរកលេខទូរស័ព្ទអ្នកសារព័ត៌មាន ដើម្បីហៅទៅ បញ្ជាក់ថា លោកបឺត សំរេច ពិតជាប្អូនធម៌របស់លោក ។ ប៉ុន្តែពេលរកលេខទូរស័ព្ទរបស់អ្នកសារព័ត៌មានបានហើយ ដោយសារទូរស័ព្ទសខ្មៅ (អិនចុចពិល) របស់គាត់ គ្មានទឹកប្រាក់ សម្រាប់ហៅចេញ គាត់ក៏សុំខ្ចីទូរស័ព្ទស្មាតហ្វូន របស់លោក ហៅទៅអ្នកសារព័ត៌មានខាងលើ ហើយក៏បានរៀបរាប់ថា គាត់គឺជាបងធម៌របស់ធីម ភក្រលីន ហៅបឺត សំរេច ដែលធ្លាប់រស់នៅជាមួយគ្នានៅជំរំ និងបានស្គាល់ច្បាស់ឪពុកម្ដាយ បងប្អូនរបស់បឺត សំរេច ។
ប្រភពដដែល បន្តថា បុរសដែលអះអាងខ្លួនជាបងធម៌របស់ធីម ភក្រលីន បានបញ្ជាក់ថា គាត់ពិតជា ធ្លាប់រស់ នៅជំរំ ជាមួយលោកបឺត សំរេច មែន ហើយគាត់ថា ពីមុនគាត់គឺជាអ្នកមានធូរធារម្នាក់ ហើយបានជួយទំនុក បម្រុងប្អូនធម៌ច្រើនដែរ ប៉ុន្តែពេលនេះ គាត់មិនត្រឹមតែធ្លាក់ខ្លួនក្រទេ គាត់ថែមទាំងមានជំងឺប្រចាំកាយទៀតផង ។ ដូច្នេះគាត់ចង់រកឱកាសទៅជួបប្អូនធម៌ ដែលបែកគ្នាអស់ច្រើនឆ្នាំនេះ ក្រែងលោគេតបស្នងសង គុណដល់ លោកវិញខ្លះ ដើម្បីបានប្រាក់យកទៅដោះស្រាយជីវភាព និងព្យាបាលជំងឺ ព្រោះគាត់ជឿថា ប្អូនធម៌រូបនេះប្រា កដជាមានបានជាងមុនឆ្ងាយ បន្ទាប់ពីបានប្រកាសថា ជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ ប៉ុន្តែគាត់ថា គាត់ពុំសូវស្គាល់ភ្នំពេញ ច្បាស់ទេ មិនដឹងទៅរកប្អូនធម៌នេះឃើញនៅកន្លែងណាទេ គាត់សុំឲ្យ លោកជួយនាំទៅរក តែលោកអត់ស្គាល់ភ្នំពេញ ច្បាស់ដែរ ហើយក៏មិនដឹងថា ផ្ទះលោកបឺត សំរេច នៅទីណា ក៏មិនអាចជូនគាត់ទៅ ហើយក៏បានបែកគ្នាត្រឹមស្ពានព្រែកតាមាក់ គឺគាត់បានចុះនៅទីនោះ រីឯលោកបាន បន្តដំណើរទៅខាងកើតទន្លេមេគង្គ (ខេត្តព្រៃវែង) ។
បុរសខាងលើ បានបញ្ជាក់ថា នៅពេលរំលឹករឿងអតីតកាលនោះ បុរសដែលអះអាងថាជាបងធម៌លោកបឺត សំរេច នោះ បានបង្ហាញអារម្មណ៍ក្ដុកក្ដួល រលីងរលោងទឹកភ្នែក ដែលមិនគួរណាធ្លាក់ខ្លួនក្រ និងមានជំងឺ ហើយមិនដឹងថា ពេលបានជួបគ្នា តើប្អូនធម៌ នៅស្គាល់គាត់ឬអត់ទេ? ឬមួយគេភ្លេចគាត់ហើយក៏មិនដឹង? ប៉ុន្តែគាត់មិនភ្លេចគេទេ គឺគេមិនមែនជាកូនលោកស៊ីន ស៊ីសាមុត ទេ ។ លើសពីនេះ គាត់បានអះអាងថា នៅពេលនោះ ក្រោយពេលដែលគាត់បានប្រាប់អ្នកសារព័ត៌មានថា ធីម ភក្រលីន មិនមែនជាកូនអធិរាជសំឡេង មាស ស៊ីន ស៊ីសាមុត ហើយ គាត់មិនខ្លាចមានរឿងប្ដឹងផ្ដល់ ឬមានមេធាវី តុលាការ មកសួរនាំ ស៊ើបអង្កេតទេ ។ ប៉ុន្តែគួរឲ្យស្ដាយ លោកមិនបានសុំលេខទូរស័ព្ទគាត់ទុក និងមិនបានសួរអាសយដ្ឋានបច្ចុប្បន្នរបស់គាត់ គ្រាន់តែឮគាត់ប្រាប់ថា បើចង់ទៅរកគាត់ អាចទៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយសួរគេទៅ នឹងឃើញគាត់ហើយ ។ ជាពិសេសគាត់ថា ទៅសួរម្ដាយក្មេក ធីម ភក្រលីន (បឺត សំរេច) ដែលរស់នៅភូមិ-ឃុំនោះទៅ នឹងបានស្គាល់គាត់ហើយ ។

ទោះបីយ៉ាងណា ជុំវិញការអះអាងពីប្រភពខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺ ឆ្លើយតប ពីលោកបឺត សំរេច បានទេ កាលពីម្សិលមិញ ។ ចំណែកបុរសដែលអះអាងថាជាបងធម៌របស់លោកធីម ភក្រ លីន ហៅបឺត សំរេច នោះ ក៏យើងអាចទាក់ទងបាននៅឡើយ គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ ប៉ុន្តែយើងនឹងបន្តស្រាវជ្រាវលម្អិតព័ត៌មាននេះ នៅពេលក្រោយទៀត ៕ កុលបុត្រ