ភ្នំពេញ ៖ ចៅស្រីបង្កើត និងក្មួយប្រុសបង្កើត របស់លោកស៊ីន ស៊ីសាមុត ចេញមុខបដិសេធច្រានចោល នូវព័ត៌មានដែលផ្សព្វផ្សាយថា បឺត សំរេច បានទៅជួបលោកយាយ ខាវ ថងញ៉ុត ភរិយាលោកស៊ី ស៊ីសាមុត នៅគេហដ្ឋាន នាខេត្តស្ទឹងត្រែង។

លោកហ៊ី ឌីណារិន្ទ ជាក្មួយបង្កើតរបស់លោកស៊ីន ស៊ីសាមុត បានបញ្ជាក់ថា លោកសូមបដិសេធទាំងស្រុង នូវព័ត៌មានដែលថា បឺត សំរេច បានទៅជួបប្រពន្ធនិងកូនអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅខេត្តស្ទឹង ត្រែង ព្រោះពេលនោះអ៊ំស្រីរបស់លោក មិនបាននៅក្នុងខេត្តស្ទឹងត្រែង ឡើយ ។ លោកថា នោះជាព័ត៌មាន ភូតកុហក។

ក្មួយប្រុសបង្កើតរបស់លោកស៊ីន ស៊ីសាមុត បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា «ក្នុងនាមខ្ញុំត្រូវជាសាច់ញាតិ និងកូនក្មួយសូមបដិសេធនូវព័ត៌ មានទាំង ស្រុងដែលថា បឺត សំរេច បានជួបប្រពន្ធនិងកូនលោកអធិរាជសំ ឡេងមាស ស៊ីន ស៊ីសាមុត នៅខេត្តស្ទឹងត្រែង គឺជាព័ត៌មានមិនពិត ព្រោះថាពេលនោះ អ៊ំរបស់ខ្ញុំ មិនបាននៅក្នុងខេត្តស្ទឹងត្រែង ឡើយ។ សូមមហាជន ជ្រាប នូវព័ត៌មានភូតកុហក ជាពិសេសបងប្អូនដែលចូលរួមក្នុងកម្មវិធីនៅពេលនោះ ជួយពិចារណា»។
ជាមួយគ្នានេះ ចៅស្រីបង្កើតរបស់លោកស៊ីន ស៊ីសាមុត ឈ្មោះស៊ីន មារតី ដែលអះអាងថា លោកយាយ ខាវ ថងញ៉ុត ភរិយាលោកតាស៊ីន ស៊ីសាមុត សព្វថ្ងៃរស់នៅផ្ទះជាមួយខ្លួន ក៏បានច្រានចោលព័ត៌មានដែលថា បឺត សំរេច បានទៅជួបលោកយាយខាវ ថងញ៉ុត នៅគេហដ្ឋានលោកស៊ីន ស៊ីសាមុត នៅខេត្តស្ទឹងត្រែងនោះ ផង ដែរ។

ចៅស្រីលោកស៊ីន ស៊ីសាមុត បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថា « Page បោក មនុស្សក៏បោក ព័ត៌មានបោក ! សូមជម្រាបបងប្អូនថា ផ្ទះនេះ គ្រាន់តែជាផ្ទះដែលលោកស៊ីន ស៊ីសាមុត ធ្លាប់រស់នៅប៉ុណ្ណោះ ហើយសព្វថ្ងៃក៏មិនមែនជាកម្មសិទ្ធិរបស់ប្រពន្ធលោកស៊ីន ស៊ីសាមុត ដែរ។ ប្រពន្ធលោកស៊ីន ស៊ីសាមុត រាល់ថ្ងៃគាត់រស់នៅជាមួយខ្ញុំ ចៅស្រីបង្កើតរបស់គាត់»។
ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏បានបានបង្ហោះរូបភាពផ្ទះរបស់លោកតាស៊ីន ស៊ីសាមុត ដែលដាក់ស្លាកថា «គេហដ្ឋានគ្រួសារលោកតា ស៊ីន ស៊ីសាមុត» មានទីតាំងស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅរាត្រីថ្ងៃដដែល ដោយបញ្ជាក់ថា គឺផ្ទះនេះ ហើយដែលលោកយាយ ខាវ ថងញ៉ុត ភរិយាលោកតាស៊ីន ស៊ីសាមុត របស់នៅជាមួយខ្លួនជាចៅស្រីបង្កើត សព្វថ្ងៃនេះ។
ចៅស្រីលោកស៊ីន ស៊ីសាមុត បានបញ្ជាក់ថា «នេះជាផ្ទះដែលប្រពន្ធលោកស៊ីន ស៊ីសាមុត រស់នៅជាមួយនាងខ្ញុំ សូមមេត្តាជ្រាប»។
ចៅស្រីលោកស៊ីន ស៊ីសាមុត ដដែល បានបញ្ជាក់បន្ថែមថា «ស្ពាន់ គេរាប់ស្ពាន់ គ្នាគេចឹងហើយ ចំណែកមាស សុទ្ធ គឺនៅតែជាមាស មិនខ្លាចភ្លើងទេ។ ក្នុងនាមខ្ញុំជាចៅបង្កើតរបស់លោកស៊ន ស៊ីសាមុត នាងខ្ញុំនឹងបង្ហាញ សាច់ឈាមពិតប្រាកដ ឲ្យបងប្អូនបានជ្រាប និងដឹងច្បាស់ ចៀសវាងមានការយល់ច្រលំ»។

ជាមួយគ្នានេះដែរ ចៅស្រីបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក៏បានគាំទ្រសំណេររបស់លោកសុះ ម៉ាច កូនធម៌របស់លោកយាយ ខាវ ថងញ៉ុត ភរិយាលោកស៊ីន ស៊ីសាមុត ដែលបានបញ្ជាក់ថា ភាពអត់ធ្មត់ របស់កូនចៅ ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានព្រំដែនកំណត់ និងហេតុផល ឈរលើ ក្រមសីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ ហើយឥឡូវនេះ ក្រុមគ្រួសារ បងប្អូន កូនក្មួយលោកស៊ីន ស៊ី សាមុត កំពុងរៀបចំឯកសារតាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញទៅក្រុមដែលប្រព្រឹត្តទង្វើប្រមាថចំពោះគ្រួសារលោកស៊ីន ស៊ីសាមុត ជាពិសេសចំពោះលោកយាយខាវ ថងញ៉ុត ដែលមានអាយុ ៨៥ឆ្នាំ ដែលជាភរិយាស្របច្បាប់ របស់ លោកស៊ីន ស៊ីសាមុត នោះវិញហើយ ក្រោយពីបានពិភាក្សាគ្នាច្រើនលើកច្រើនសាមក និងបានស្នើសុំថ្នាក់ដឹកនាំ យល់ឃើញនិងវែកញែកដោយភាពយុត្តិធម៌បំផុត។
ចៅស្រីលោកស៊ីន ស៊ី សាមុត បានបញ្ជាក់បន្ថែមថា «ការអត់ធ្មត់របស់មនុស្ស មានដែនកំណត់! ម៉ាក់យាយខ្ញុំ ស្រកអស់ 10kg អំឡុងពេលប៉ុន្មានខែនេះ ហើយគាត់តែងតែសួរខ្ញុំថា អញខុសអី ម៉េចម្នាក់ៗជេរអញបែបនេះ? សូមមេត្តាខម្មិនដោយសុជីវធម៌ មិនមែនជេរប្រមាថ ដើម្បីវែកញែកសាច់រឿងអ្នកដទៃទេ។ អ្នកមិនមែនជាគ្រួសារខ្ញុំ អ្នកមិនយល់ពីសម្រែកការឈឺចាប់ក្នុងបេះដូងរបស់ខ្ញុំទេ។ សម្រាប់បងប្អូនអ្នកក្នុងខេត្តស្ទឹងត្រែង ប្រហែលជាភ្លេចលោកយាយ លោកអ៊ំ អ្នកមីង ខាវ ថងញ៉ុត អស់ហើយថា ពីមុន លោកបានធ្វើអំពើល្អជាច្រើនសម្រាប់អ្នកទាំងអស់គ្នា»។

សូមបញ្ជាក់ថា ការបញ្ជាក់របស់ចៅស្រីបង្កើតរបស់លោកស៊ីន ស៊ី សាមុត ខាងលើនេះ បានធ្វើឡើង បន្ទាប់ ពីតារាចម្រៀង សុះ ម៉ាច ជាកូនធម៌របស់លោកយាយ ខាវ ថងញ៉ុត ភរិយាលោកស៊ីន ស៊ីសាមុត បានបញ្ជាក់ ក្រោពេលបានទៅជួបផ្ទាល់ជាមួយភរិយា និងកុនចៅ សាច់ញាតិលោកស៊ីន ស៊ីសាមុត និងថាឥឡូវនេះ ក្រុមគ្រួសារ បងប្អូន កូនក្មួយអធិរាជសំឡេងមាស កំពុងរៀបចំឯកសារតាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញហើយ ក្រោយពីពិភាក្សាគ្នាច្រើនលើកច្រើនសាមកនេះ។ លោកសុះ ម៉ាច បញ្ជាក់ថា គូទឆ្នាំងក្តៅយូរហើយ ដូច្នេះអ្នក ដែលពាក់ព័ន្ធ និងអ្នកដែលជេរប្រមាថឧត្តមភរិយាលោកស៊ីន ស៊ីសាមុត និងអ្នកធ្វើឱ្យប៉ះពាល់កិត្តិនាម កិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត អាចប្រឈមមុខនឹងច្បាប់មិនខាន។ លោកសុះ ម៉ាច បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ថា «ភាពអត់ធ្មត់របស់ពួកយើង មានកម្រិត មានព្រំដែនកំណត់ និងហេតុផល ពួកយើងឈរលើក្រមសីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ។ ឥឡូវនេះក្រុមគ្រួសារ បងប្អូន កូនក្មួយរៀបចំឯកសារតាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញហើយ ក្រោយពីពិភាក្សាគ្នា ច្រើនលើកច្រើនសាមកនេះ។ គូទឆ្នាំងក្តៅយូរហើយ ដូច្នេះអ្នកដែលពាក់ព័ន្ធ និងអ្នកដែលជេរប្រមាថលោក ម្តាយដែលជាឧត្តមភរិយា និងការធ្វើឱ្យប៉ះពាល់កិត្តិនាម កិត្តិយសដ៏ឧត្តុង្គឧត្តមរបស់អធិរាជ ស៊ីនស៊ីសាមុត អាចប្រឈមមុខនឹងច្បាប់មិនខាន។ កម្មនរណាសាង អ្នកនោះនឹងទទួលហើយ។ ការជឿងប់ងុល ខ្វះការពិចារ ណា និងរកការពិតមិនទាន់ឃើញច្បាស់ ជាបញ្ហាមួយអាចនឹងធ្វើឱ្យសង្គមជាតិឱនថយ ព្រោះគ្មានបាន ផ្តល់ប្រ យោជន៍អ្វីបន្តិចសោះ មានតែការឈ្លោះ ជេរប្រមាថគ្នា បែកបាក់គ្នា ដោយសារតែប្រកាន់ម្ខាងរៀងៗខ្លួន ចូរកុំ ខ្វល់រឿងបុគ្គលពេកអី»៕ ខៀវទុំ