នាងស្រាន រឿ អាយុ២៩ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់ មានឪពុកឈ្មោះពុត ស្រាន (ស្លាប់) ម្តាយឈ្មោះយាង យ៉ាំ អាយុ៥៥ឆ្នាំ។ នាងរៀបការជាមួយប្តីឈ្មោះពៅ ឈុន សព្វថ្ងៃ អាយុ៣៦ ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងអាពាហ៍ពិពាហ៍។ ចាប់តាំងពីរៀបការមានប្តីមក ជីវិតនាងរស់នៅមានសេចក្តីសុខតិចណាស់ ព្រោះប្តីជាមនុស្សមានចិត្តនៅចុងច្រមុះ ឆេវឆាវឆាប់ខឹងច្រឡោត អាងប្រើកម្លាំងបាយ វាយតប់លើប្រពន្ធ។ មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងកើតរោគ ប្រចណ្ឌនៅក្នុងខ្លួន មិនជឿទុកចិត្តប្រពន្ធ ចោទនាងក្បត់ចិត្តលួចមានប្រុសឈ្មោលជាដើម ដែលហេតុផលទាំងអស់នេះហើយ ទើបធ្វើឱ្យក្រុមគ្រួសារ នាងតែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាឥតស្វាង។
នាងស្រាន រឿ បញ្ជាក់ថា បើប្តីមិនផឹកស្រា មិនសូវកើតមានជម្លោះទេ តែឱ្យតែជាតិស្រាចូលពោះ ចូលមកដល់ផ្ទះកាលណា ប្តីតែងកើតរោគប្រចណ្ឌ ចោទប្រពន្ធក្បត់ចិត្តលួចមានទំនាក់ទំនងស្នេហាជាមួយប្រុសឈ្មោល រួចចាប់បង្ខំរួមរ័កមេត្រីទាំងកំរោល តើឱ្យស្រីណាមានអារម្មណ៍ជាមួយប្តីរបៀបនេះនោះ? នាងមិនចូលចិត្តមនុស្សប្រុសផឹកស្រាទេ តែបែរជាស្អប់ជំពប់លើ ដោយប្តីចេញទៅអង្គុយព័ទ្ធវង់ជល់កែវ ជាមួយបនភឿន ដល់ពាក់កណ្តាលអធ្រាត្រ ទើបចូលផ្ទះ មិនទៅងូតទឹកងូតភក់សម្អាតខ្លួនទេ គឺលូនចូលក្នុងមុង ស្អុយក្លិនស្រាឱ្យហួង ហើយចាប់ផ្តើមកេះកៀវប្រពន្ធរួមភេទ លុះនាងមិនព្រមបំពេញបំណង ក៏ខឹងច្រឡោត ចោទនាងមានប្រុសសហាយជាបន្តបន្ទាប់។
ស្ត្រីជាប្រពន្ធរូបនេះបន្តថា ហេតុដែលនាងមិនព្រមឱ្យប្តីប៉ះពាល់ខ្លួនប្រាណ មិនមែននាងមានគំនិតបែកឆ្វេង លួចមានប្រុសថ្មីទេ គឺនាងបង្អត់ចំណីប្តី បំណងឱ្យប្តីចេះភ្ញាក់រលឹក កែខ្លួនធ្វើជាប្តីល្អឡើងវិញ ប៉ុន្តែប្តីមិនយល់ពីអារម្មណ៍ប្រពន្ធឡើយ ដោយគិតឃើញក្នុងផ្លូវមិនល្អឯណោះឆ្កុយ។ ហើយកាលពីផ្ទុះជម្លោះលើកចុងក្រោយនេះ នាងបានផ្តាច់របបប្តីចំនួន៣យប់ ស្រាប់តែប្តីកើតរោគមួម៉ៅក្តៅក្រហាយ ដើរទៅផឹកស្រាបាត់ លុះស្រវឹងធ្លាក់ភ្នែកត្រឡប់ចូលដល់ផ្ទះ រករឿងបង្កជម្លោះបោក របស់របរចានឆ្នាំងក្នុងផ្ទះខ្ទេចខ្ទីអស់ រួចស្ទុះមកទះនាងចំនួន៣ដៃ ព្រមទាំងចាប់បង្ខំរួមភេទ រហូតបានសម្រេចតណ្ហារបស់ខ្លួន ទើបប្តីអស់ចិត្ត ដោយមិនយល់ពីអារម្មណ៍របស់ប្រពន្ធឡើយ ធ្វើឱ្យនាងឈឺចាប់ពើតផ្សាក្នុងឱរា ដែលប្តីមិនផ្តល់តម្លៃ ឱ្យនាងជាប្រពន្ធបន្តិចសោះ។
លោកពៅ ឈុន ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សាទះកំផ្លៀងប្រពន្ធ ៣ដៃមែន ព្រោះតែភ្លើងកំហឹងដុតរោល មិនអាចគ្រប់គ្រងខ្លួនឯងបាន ប៉ុន្តែរឿងរ៉ាវទាំងនោះ មកពីប្រពន្ធជាអ្នកបង្កាត់ភ្លើងដែរ បើនាងចេះស្តាប់ពាក្យសម្តីប្តី កុំប្រើពាក្យសម្តីអសុរោះ ជេរដៀលត្មះ ពូជអម្បូរប្តី ក៏លោកមិនផ្ទុះជម្លោះជាមួយនាងដែរ។ លោកមិនមែនជាមនុស្សប្រចណ្ឌគ្មានហេតុផលឡើយ តែទង្វើរបស់ប្រពន្ធធ្វើឱ្យលោកទុកចិត្តនាងមិនបាន ពោលគឺនៅពេលដែលលោកចេញទៅស៊ីឈ្នួលជួលព័ទ្ធគេ ឬចូលព្រៃរកអនុផលព្រៃឈើបោចវល្លិ ដងជ័រ ប្រពន្ធតែងដើរចេញតាមក្រោយបាត់ៗពីផ្ទះ មិនដឹងជាទៅទីកន្លែងណា និងមានការអ្វី មិនគិតរឿងដាំបាយ ធ្វើម្ហូបឱ្យកូន និងប្តីហូបឡើយ។ លុះពេលលោកត្រឡប់មកពីធ្វើការហត់នឿយអស់កម្លាំង មកដល់ផ្ទះ ប្រពន្ធមិនដាំបាយ ធ្វើម្ហូប តើមិនឱ្យលោកមិនខឹងប្រពន្ធម្តេចនឹងកើត? ជួលកាលប្រពន្ធថែមទាំងមានថ្លើមធំហ៊ានមករករឿងជេរបញ្ចោរ ពន្យុះ ឱ្យលោកវាយនាងទៀត ធ្វើឱ្យលោកទ្រាំមិនបាន ក៏ប្រើកម្លាំងបាយ ព្រមាននាងខ្លះទៅ ដើម្បីកាច់ធ្មុងនាង កុំឱ្យខ្លាំងដៃពេក។
បុរសជាប្តីរូបនេះបញ្ជាក់ថា ប្រពន្ធរបស់លោកអាងតែខ្លួនមានរបស់ឆ្ងាញ់ អត់ស៊ីមិនបាន ឱ្យតែខឹងបន្តិច អាងដេកត្បៀតបង្អត់ចំណីប្តី លុះពេលលោកប្រើកម្លាំងចាប់បង្ខំរួមរ័កមេត្រី នាងចោទលោកជាមនុស្សកំរោលចូល អាងប្រើកម្លាំងបាយ និងបំបិទសិទ្ធិសេរីភាពនាងទៅវិញ យកធ្វើជាលេស ដើម្បីទម្លាក់កំហុសឱ្យលោកតែម្នាក់ឯង ធ្វើឱ្យលោកមិនអាចទទួលយកបានទេ។ បើចង់ឱ្យលោកឈប់ប្រចណ្ឌ និងប្រើដៃជើង ទាល់តែប្រពន្ធខ្លួនឯងកែទម្លាប់អាក្រក់របស់ខ្លួនចេញ បំពេញតួនាទីធ្វើ ជាប្រពន្ធល្អជាមុនសិន។
អ្នកស្រីឃុន ខម ជាមេភូមិរងបានឱ្យដឹងថា ប្តីប្រពន្ធនាងរឿ មិនចេះទទួលយកការអប់រំរបស់ក្រុមគ្រួសារ និងអាជ្ញាធរឡើយ។ កន្លងមក គាត់ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះទៅធ្វើការអប់រំពន្យល់ពួកគេ ចំនួន២ដងមកហើយ តែមិនទទួលបានផលវិជ្ជមានសោះ ពោលគឺប្តីប្រពន្ធពួកគេនៅតែបន្តរករឿងឈ្លោះ ប្រកែកគ្នាដដែល។ តាមគាត់សង្កេតឃើញជាក់ស្តែង បុរសជាប្តីច្រើនកើតរោគប្រចណ្ឌ និងអាងប្រើកម្លាំង បាយ រីឯស្ត្រីជាប្រពន្ធចូលចិត្តដើរលេងផ្ទះគេ មិនសូវនៅផ្ទះ គិតគូររឿងរៀបចំបាយទឹកឱ្យប្តី។ ជាពិសេស ស្ត្រី ជាប្រពន្ធអាងបង្អត់ចំណីលើគ្រែមិនឱ្យប្តីប៉ះពាល់ខ្លួនប្រាណ មានពេលខ្លះផ្អាករហូតដល់៣រាត្រី ធ្វើឱ្យប្តីខឹង ទះ៣ដៃ ក៏កើតជាជម្លោះ រហូតមានពេលខ្លះឈានដល់ការប្រើអំពើហិង្សាទៀតផង។ តែយ៉ាងណា ដ្បិតតែប្តី ប្រពន្ធពួកគេឧស្សាហ៍ឈ្លោះគ្នាមែន តែក៏ឆាប់ត្រូវរ៉ូវគ្នាវិញដែរ៕ អាន ប៊ុនរ័ត្ននៈ