ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ថា ការបង្ការដែល ល្អបំផុតពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមាន ការពារខ្លួន កុំឱ្យមូសខ្លាខាំ ស្ត្រីដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់ រឹតតែត្រូវមាន ការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួនពីមូសខ្លា ដែលមានផ្ទុកវីរុសហ្ស៊ីកា ខាំ និងការចម្លងតាមការរួម ភេទ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា « ក្រសួង សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា មានករណីជំងឺហ្ស៊ីកា ចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបាន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨ៈ២៥ នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញាក្តៅខ្លួនខ្លាំង មានក្អួត និងរាក។ បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយ លែងមានក្អួតទៀត។ គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់មកលទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកា ខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកា ឆ្លងពីម្តាយទៅកូន ក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាល។

វីរុសហ្ស៊ីកា ជាធម្មតាបណ្តាលឱ្យមានជំងឺហ្ស៊ីកាស្រាល មិនធ្ងន់ធ្ងរទេ ដែលចេញរោគសញ្ញាពី២ ទៅ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំ ដោយសត្វមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកា រោគសញ្ញាទូទៅ មានដូចជា គ្រុនក្តៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមានភ្នែក ឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេល ពី២ ទៅ៧ថ្ងៃ ហើយ អត្រាស្លាប់មានកម្រិតតិចតួចណាស់។ គេបានប៉ាន់ប្រមាណថា ៨០ភាគរយ នៃមនុស្សដែលបានឆ្លងវីរុសនេះ មិនបានបង្ហាញរោគសញ្ញាអ្វីទេ។ មានករណីតិចតួចបំផុតដែលអាចវិវត្តទៅជាទន់ដៃទន់ជើង ហើយបើកើតមានលើស្ត្រីមានផ្ទៃពោះ គឺអាចទារកស្លាប់ក្នុងផ្ទៃ ឬក្បាលទារក អាចតូច ជាងធម្មតា។

ជំងឺហ្ស៊ីកា មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្តល់ការព្យាបាលគាំទ្រនិងថែទាំទៅតាមរោគសញ្ញាអ្នកជំងឺ។ មនុស្សដែលមានជំងឺហ្ស៊ីកា គួរសម្រាកនិងពិសាទឹក ឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្តៅ ដោយប្រើថ្នាំបញ្ចុះកម្តៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមស្វែងរកការពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យ គឺតាមរយៈមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា ៖ មន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើតេស្តរកវីរុសហ្ស៊ីកា បាន។ បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលអាចប្រើសម្រាប់បង្ការជំងឺនេះនៅឡើយទេ។

ក្រសួងសុខាភិបាល សូមប្រកាសក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ថា ការបង្ការដែលល្អបំផុត ពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែរ រួមមានការពារខ្លួនកុំឲ្យមូសខ្លាខាំ ស្ត្រីដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ និងដៃគូរួមភេទរបស់គាត់ រឹតតែត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកា ខាំ និងការចម្លងតាមការ រួមភេទ ហើយការការពារនេះ អាចអនុវត្តបានដោយ ៖
– បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែត ដាក់ក្នុងពាង ឬអាងស្តុកទឹក។- ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្តប់ភាគច្រើននៃរាងកាយឱ្យជិត (សម្លៀកបំពាក់គួរ តែមានពណ៌ភ្លឺ កុំខ្មៅងងឹត)។
– ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះ អាចប្រើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
– សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃនឹងខ្យល់ចេញចូលបានល្អ។
– ប្រសិនជាមិនចាំបាច់ ស្ត្រីមានផ្ទៃពោះ គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើដំណើរទៅកាន់តំបន់ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួនដែលជម្រាបជូននេះឱ្យបានខ្ជាប់ខ្ជួនបំផុត។
– បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាព (ដោយប្រើប្រាស់ស្រោមអនាម័យ) ឬតមការរួមភេទ យ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការវិលត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកា តាមការរួមភេទ។
– គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច ៦ខែ មុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកា ទៅទារកដែលនឹងបង្កកំណើត។
– ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារ ប៉ុន្តែមិនចង់មានផ្ទៃពោះ ដោយសារតែបានឆ្លងវីរុសហ្ស៊ីកា ត្រូវប្រើវីធីពន្យារកំណើតបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ តាមមូលដ្ឋានសុខាភិបាលសាធារណៈ។

– ស្ត្រីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយគ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងលោកវេជ្ជបណ្ឌិត លាង ឫទ្ធី ដែល ជាមន្ត្រីជំនាញ តាមរយៈលេខទូរស័ព្ទ ០១២ ៧១៥ ៦៦៦ ឬអ៊ីម៉ែល rithealeang@gmail.com »៕