ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានមកដល់ខ្មែរជាថ្មីកាលពីថ្ងៃទី២០ កញ្ញា ពោលគឺមកមុនកំណត់ ខណៈដែលតាមគម្រោងនាងត្រូវមកស្រុកនៅដើមខែតុលា ខាងមុខឯណ្ណោះ។ប្រភពបានឲ្យដឹងថាអ្នកនាងអម្ពរ ទេវី មកដល់ខ្មែរភ្លាមមិនបានសម្រាកច្រើននោះទេ តែប្រញ៉ាប់ថតរឿង”អប្សរាមហាអង្គរ” ដែលដឹកនាំដោយលោកហ្វៃ សំអាង ខណៈដែលរឿងបុរាណមួយនេះបានធ្វើពិធីក្រុងពាលី តាំងពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣ ហើយតារាផ្សេងៗទៀតដែលត្រូវជ្រើសឲ្យលេងរឿងមួយនេះបានចេញថតបាន៧ខែមុនអ្នកនាងទេវី មកដល់ខ្មែរ។
លោកហ្វៃ សំអាង ជាអ្នកដឹកនាំសម្ដែងរឿង”អប្សរាមហាអង្គរ” មិនលើកទូរស័ព្ទទេកាលពីរសៀលថ្ងៃទី២៥ កញ្ញា ប៉ុន្ដែលោកធ្លាប់ប្រាប់ថានៅពេលអ្នកនាងអម្ពរ ទេវី មកដល់ខ្មែរគឺប្លង់នាងត្រូវសម្រុកថតយកតែម្ដង ព្រោះគាត់មកខ្មែរមានកំណត់ច្បាស់លាស់។លោកហ្វៃ សំអាង ធ្លាប់ប្រាប់ថារឿង”អប្សរា មហាអង្គរ”ប្រើពេលថត១ឆ្នាំកន្លះ និងមានចំនួន៥០ភាគ ។
ប្រភពបានឲ្យដឹងថាការមកខ្មែរលើកនេះអ្នកនាងអម្ពរ ទេវី ត្រូវធ្វើរឿងសំខាន់២ព្រមគ្នានោះគឺសម្រុកថតរឿង”អប្សរាមហាអង្គរ”ឲ្យចប់ទៅតាមគម្រោង ហើយអ្នកនាងត្រូវទៅជួបលោកយុត្ថារ៉ា ឆាន្នី ដើម្បីដោះស្រាយរឿងអ្នកនាងបានទិញដីឡូតិ៍អតីតតារាសម្ដែងរូបនេះនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលដីនោះត្រូវបានធនាគារមួយហ៊ុំព័ន្ធរបងជិត បើទោះជាលោកឆាន្នី បានប្រកាសកាលពីថ្ងៃទី២៤ សីហា នោះថាលោកសុំពេល១០ខែ នឹងដោះស្រាយឲ្យរួចរាល់ ហើយបើមិនអាចដោះចេញលោកសុខចិត្តហ៊ានប្រឈមមុខច្បាប់ក្ដី ប៉ុន្ដែពេលនេះអ្នកនាងទេវី នៅមិនទាន់បានជួបតទល់ជាមួយលោកឆានី្ន នោះទេ ។ចំណែកការថតភាពយន្ដរឿង”អប្សរាមហាអង្គរ” វិញតាមព័តមានថាក្រុមការងារហង្សមាសជាអ្នករៀបចំឈុតបុរាណឲ្យនាងស្លៀកពាក់ តែគេមិនដឹងថាអតីតស្វាមីនាងលោកពេជ្រ ភិរុណ នៅតែជាអ្នកនៅពីក្រោយខ្នងនៃការចាត់ចែងការស្នាក់នៅ និងសម្លៀកបំពាក់បន្ថែមដូចនាងមកថតរឿងមុនៗដែរ ឬយ៉ាងណាឡើយ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកពេជ្រ ភិរុណ ដើម្បីចង់ដឹងថាលោកនៅតែយកចិត្តទុកដាក់ដល់អតីតភរិយាលោកដដែលឬយ៉ាងណានាពេលនេះ តែលេខទូរស័ព្ទលោកបែជាមានបុរសម្នាក់លើកហើយថាលោកបានទិញលេខនោះប្រើទៅហើយ លោកភិរុណ កាន់លេខនោះទៀតទេ ទើបមិនទាន់អាចសុំការបំភ្លឺពីស្វាមីចាស់របស់អ្នកនាងទេវី បានទេ។សម្រាប់អ្នកនាងទេវី ការថតរឿង”អប្សរា មហាអង្គរ”នេះនាងបានជួបដៃគូរចាស់ដែលយល់ចិត្តនាងច្បាស់ជាថ្មីម្ដងទៀតនោះគឺលោកទេព រិនដារ៉ូ និងអ្នកនាងនារីរ័ត្ន គន្ធា ផងដែរ។ប៉ុន្ដែមិនមានព័តមានច្បាស់ការថាអ្នកនាងទេវី ស៊ីថ្លៃចំពោះការថតរឿងបុរាណមួយនេះប៉ុន្មាននោះទេ ខណៈដែលលោកភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកនាងទេវី ថតសម្ដែងរឿងថ្មីមួយបានទាល់តែខាងផលិតកររ៉ាប់រងឲ្យគាត់នូវសំបុត្រយកហោះទៅមក ការស្នាក់នៅសណ្ឋាគារ និងស៊ីថ្លៃ១រឿងចាប់ពី១ម៉ឺនដុល្លារឡើងទៅទើបនាងចុះមកបាន។
អ្នកនាងអម្ពរ ទេវី បានបោះបង់អាជីពសិល្បៈជាច្រើនឆ្នាំក្រោយនាងទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីថ្មីលោកលោកPauly Hap ហើយអ្នកទាំងពីរក៍ទទួលបានចំណងដៃកូនស្រី១អាយុជិត១០ឆ្នាំ។កាលពីឆ្នាំ២០១៧ អ្នកនាងអម្ពរ ទេវី បានចុះមកខ្មែរថតភាពយន្ដ២រឿងគឺរឿង”ទឹកចិត្តម្ដាយសម័យថ្មី” ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ឆន្ទា”របស់Ld ។ប្រភពបានឲ្យដឹងថាការចុះមកខ្មែរជើងនេះអ្នកនាងទេវី ក៍ត្រូវបានផលិតករផ្សេងទៀតចង់ឆក់ឱកាសឲ្យនាងឆ្លៀតសម្ដែងរឿងដុំដែរ តែការចរចារតំណើរការយ៉ាងណា ហើយនាងនាងពេលវេលាគ្រប់គ្រាន់ឬអត់នៅមិនទាន់ដឹង។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា ឆ្នាំ១៩៩២ និងបានចែកផ្លូវគ្នា ក្រោយទទួលបានកូន២(ស្រី១)ហើយអ្នកនាងបានចេញទៅរស់នៅអាមេរិករៀបការស្វាមីថ្ងៃទី២៨ ធ្នូ ២០១៤។សព្វថ្ងៃទំនាក់ទំនងរវាងអ្នកនាងអម្ពរ ទេវី និងលោកភិរុណ គឺដូចជាបងប្អូនតែជាទូទៅអ្នកនាងទេវី បានហៅលោកភិរុណ ថាជាប៉ាៗវិញ ។លោកពេជ្រ ភិរុណ ក្រោយពីបែកបាក់អ្នកនាងទេវី អតីតតារាសម្ដែងវ័យ៦៨ឆ្នាំ រូបនេះមិនយកភរិយាថ្មីនោះទេហើយរឿងដែលមនុស្សប្រុសភាគច្រើនមិនអាចធ្វើបានដូចលោកនោះគឺទោះជាអស់និស្ស័យជាប្ដីប្រពន្ធគ្នាមែន តែលោកនៅតែទៅទទួលនិងជូនបាច់ផ្កាដល់អ្នកនាងទេវី ដល់ព្រលានយន្ដហោះរៀងរាល់ពេលនាងមកខ្មែរ។លោកពេជ្រ ភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យតែកូនប្រុសស្រីរបស់លោកមានអនាគតល្អ ៕