ភ្នំពេញ៖អ្នកនាងលី ម៉ារីណា បានធ្វើខួបកំណើតរបស់នាងគម្រប់អាយុ៤៣ឆ្នាំ កាលពីរាត្រីថ្ងៃទី២៤ កញ្ញា ដែលពិធីនោះនាងក៍ធ្វើផ្គួបជាមួយខួបកូនប្រុសនាងសាត ថៃសាន់ ផងដែរដើម្បីកុំឲ្យពិបាកធ្វើពីរដង។ពិតណាស់ពិធីនោះមានតារារួមអាជីព និងអ្នកដឹកនាំសម្ដែងរឿងល្បីៗក៍បានចូលរួមជូនពរថ្ងៃខួបរបស់ម៉ារីណា ដូចខួបនាងឆ្នាំមុនៗ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះខួបឆ្នាំនេះរបស់ម៉ារីណា ក៍មានគូស្នេហ៍ថ្មីរបស់នាងលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បង្ហាញខ្លួនជាចំហដូចខួបនាងគម្រប់អាយុ៤២ឆ្នាំ ដែរដែលបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែរលូនល្អ គ្មានភាពរកាំរកូសឡើយក្រោយសាងស្នេហាជាសាធារណៈអស់រយៈពេលជាង១ឆ្នាំ។ប្រភពបានឲ្យដឹងថាអ្នកនាងម៉ារីណា សែនកក់ក្ដៅក្នុងចិន្ដាខ្លាំងណាស់ព្រោះម្ចាស់ចិត្តថ្មីនាងតែងតែយកចិត្តទុកដាក់ខ្លាំងនៅថ្ងៃខួបកំណើតរបស់នាងពិសេសលោកវីរសេនីយ៍ឯក ថែមទាំងស្រលាញ់កូនប្រុសរបស់នាងប្រៀបដូចជាកូនរបស់លោកដែរ។ប៉ុន្ដែខួបឆ្នាំនេះម៉ារីណា មិនបញ្ជាក់ទេថាតើលោកទៀង ច័ន្ទសារជាអ្នកចេញលុយចំណាយកម្មវិធីរបស់នាងទាំងមូលដូចឆ្នាំមុនដែរ ឬយ៉ាងណានោះទេ ។ដោយឡែកក្រុមតារារួមអាជីពជាមួយម៉ារីណា ខ្លះបាននិយាយថាពួកគេបានចូលរួមពិធីខួបកំណើតរបស់នាងជាង១០លើកទៅហើយ ព្រោះនាងធ្វើទៀងទាត់គឺជាប្រចាំតែម្ដងនៅចុងខែកញ្ញា ខណៈដែលអ្នកដឹកនាំសម្ដែងភាពយន្ដ និងខារ៉ាអូខេនៅហង្សមាសលោកកៅ សីហា ថាលោកបានចូលរួមពិធីខួបកំណើតរបស់លី ម៉ារីណា ច្រើនជាងគេ។
លោកកៅ សីហា បានចេញសារនៅលើហ្វេសបុកថា”ចូលរួមខួបកំណើតកូនរបស់សម្លាញ់លី ម៉ារីណា ជាលើកទី១៨០ “។
ការថ្លែងរបស់លោកកៅ សីហា បែបនេះមានន័យថាម៉ារីណា ធ្វើខួបកំណើតផ្ទាល់ខ្លួននិងកូនប្រុសច្រើនជាងគេរហូតដល់លោកគិតត្រួសត្រួសៗថាបានទៅកម្មវិធីខួបរបស់តារាកូន១រូបនេះសរុបជិត២០០លើក ទៅហើយគិតត្រឹមឆ្នាំ២០២៣ នេះ។
សូមបញ្ជាក់ថាលី ម៉ារីណា ត្រូវបានគេចាត់ទុកថានាងជាតារាសាច់ចាំ មិនងាយចាស់ទៅតាមវ័យនោះទេគឺស្បែកនៅតែរលោងសខ្ចីម៉ដខៃ ក្រមុំសុំខ្មាសតែម្ដង។ ដោយសារតែរក្សារបានសម្រស់ផូផង់បែបនេះហើយទើបមានបុរសទាំងក្នុងនិងក្រៅស្រុកតាមចែចង់ក្រោយនាងចែកផ្លូវជាមួយលោកសាត ចាន់ថន កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីចាប់ដៃគ្នាបាន១០ឆ្នាំគត់ និងទទួលបានចំណងដៃកូនប្រុស១អាយុជិត១០ឆ្នាំ ។ម៉ារីណា ធ្លាប់ប្រាប់ថាអតីតស្វាមីចង់ទាមទារយកកូនប្រុសពីនាង តែនាងមិនព្រមជាដាច់ខាត ហើយក៍គ្មានផែនការណ៍ប្ដឹងអតីតប្ដីឡើងតុលាការរឿងលួចគ្រឿងអលង្ការពីនាងអស់ពីខ្លួនដែរ។ដោយឡែកទាក់ទងចំណងស្នេហាជាមួយលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នេះម៉ារីណា នៅតែមិនព្រមឆ្លើយតបចំពោះសំណួររបស់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកឡើយ។
តារារួមអាជីពដែលស្និតស្នាលនិងលី ម៉ារីណា បានចាប់ផ្ដើមហៅនាងថាជាលោក”ជំទាវៗ” បើទោះជាម៉ារីណា និងលោកទៀង ច័ន្ទសារ នៅមិនទាន់មានដំណឹងដឹកដៃគ្នាចូលរោងការក្ដី ប៉ុន្ដែមើលទៅសកម្មភាពរបស់អ្នកទាំងពីរពេលនេះចិត្ត១ ថ្លើម១ គ្នាទៅហើយ។ប្រភពបានឲ្យដឹងថាម៉ារីណា ដែលធ្លាប់រៀបការ២លើកគឺលើកទី១ជាមួយលោកទឹត ថាវរិទ្ធ និងលើកទី២ជាមួយលោកសាត ចាន់ថន នោះនាងនៅតែចង់រៀបការតាមប្រពៃណីខ្មែរជាថ្មីម្ដងទៀត ពោលគឺរៀបការលើកទី៣ នាពេលខាងមុខនេះ ហើយគេជឿរថាបំណងរបស់នាងមួយនេះនឹងត្រូវបានគូស្នេហ៍ថ្មីរបស់នាងបំពេញឲ្យជាមិនខានក្រោយពីពួកគេស្វែងយល់ចិត្តគ្នាជាង១ឆ្នាំមកនេះ។សម្រាប់ម៉ារីណា ក្រោយពីនាងចាប់ដៃលោកច័ន្ទសារ នេះនាងនៅ តែមមាញឹកការលក់អ៊ឺវ៉ាន់តាមOnline និងថាក្នុង១ឆ្នាំទទួលថតតែ១រឿងប៉ុណ្ណោះ ក្រៅពីនេះទុកពេលទាំងអស់រកស៊ី ។ម៉ារីណា ក៍ទើបហាងលក់នំបញ្ចុកកាលពីពេលថ្មីៗនេះដែរក្រៅពីលក់សម្លៀកបំពាក់ហើយនាងថាការប្រឹងរកស៊ីផង ថតភាពយន្ដផងដើម្បីបានលុយចិញ្ចឹមនិងផ្គត់ផ្គងការសិក្សារដល់កូនប្រុស ព្រោះអតីតប្ដីមិនដែលផ្ដល់លុយឲ្យកូនរៀនឡើយ គឺនាងម្នាក់ឯងជាអ្នករ៉ាប់រងទាំងអស់ ៕