ភ្នំពេញ ៖ អ្នកដឹកនាំរឿង «អប្សរាមហាអង្គរ» លោកហ្វៃ សំអាង បានឲ្យដឹងថា លោកបានពន្យារពេលថតរឿង នេះ ដោយសាររង់ចាំវត្តមានតួសម្តែងសំខាន់ គឺលោកស្រី អម្ពរ ទេវី មកពីសហរដ្ឋអាមេរិក មកចូលរួម សម្តែង តាមការព្រមព្រៀងគ្នាកន្លងទៅ ព្រោះតែមានឧបសគ្គរាំងស្ទះ ដោយលោកស្រីអម្ពរ ទេវី មានធុរ:ផ្ទាល់ខ្លួន ត្រូវ មើលថែម្តាយឈឺ រហូតដល់ម្តាយលោកស្រី ទទួលមរណភាព និងធ្វើបុណ្យតាមប្រពៃណីរួចរាល់ ទើបលោក ស្រីអម្ពរ ទេវី អាចអញ្ជើញមកប្រទេសកម្ពុជា ចូលរួមសម្តែងបាន។
លោកហ្វៃ សំអាង អ្នកនិពន្ធនិងដឹកនាំរឿងល្បីឈ្មោះ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រី បានបញ្ជាក់បង្ហោះ រូបភាព លោក ជាមួយលោកស្រីចន ច័ន្ទលក្ខិណា និងលោកស្រីអម្ពរ ទេវី ដែលជាតួសម្តែងក្នុងរឿង «អប្សរាមហាអង្គរ» ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយសំណេរថា «នៅ តែស្រស់ស្អាតដដែល super star អម្ពរ ទេវី ចន ច័ន្ទលក្ខិណា ។ ថ្ងៃនេះខ្ញុំសូមនិយាយពី Idol របស់បងប្អូនបន្តិច គឺប្អូនស្រី អម្ពរ ទេវី ខ្ញុំខានថតភាពយន្តជាមួយគាត់ ម្ភៃឆ្នាំមកហើយ ចាប់តាំងពីគាត់ទៅរស់នៅសហរដ្ឋអាមេរិក ។ បើនិយាយពីអនុស្សាវរីយ៍ជាមួយគាត់ និងលោក ទេព រិនដារ៉ូ គឺថាមានរឿងមួយ ចាំមិនភ្លេច ពេលទៅ ប្រទេស ថៃ ឃោសនាបញ្ចាំងរឿង «កូនពស់កេងកង» បើរំលឹកគឺសើចចុកពោះ។ រឿងនេះ ចាំដល់ឆាកថតជុំគ្នាជាមួយ លោក ទេព រិនដារ៉ូ ចាំរំលឹក»។
លោកហ្វៃ សំអាង បន្តថា «ងាកមកការងារថតរឿង «អប្សរាមហាអង្គរ» ឲ្យបងប្អូនស្តាប់បន្តិចសិនមុននឹងបង្ហាញ ឈុតឆាកដែលគាត់សម្តែង។ នៅខែវិច្ឆិកា ចុងឆ្នាំ២០២១ ខ្ញុំចាប់ផ្តើមទូរស័ព្ទទៅ ដើម្បីអញ្ជើញគាត់សម្តែងរឿង នេះ តាមការសន្យា ជាង៧ឆ្នាំមុន។ ក្រោយពីជម្រាបពីតួអង្គនៅក្នុងសាច់រឿងរួចហើយ គាត់ សប្បាយចិត្តនឹង ទទួលយកការសម្ដែងរបស់ផលិតកម្ម ហង្សមាស និងរស្មីហង្សមាស ភ្លាម។ នៅចុងឆ្នាំ២០២២ ក្រុមការងារផលិត ចាប់ផ្ដើមរៀបចំដើម្បីចេញថត ឧបសគ្គដ៏ធំមួយ បានកើតឡើង ដែលនឹកស្មានមិនដល់។ ម្តាយរបស់គាត់ធ្លាក់ខ្លួនឈឺជាទម្ងន់ គាត់មានទុក្ខ ព្រោះត្រូវមើលថែអ្នកម្តាយជាទីស្រឡាញ់ ដែលមានជំងឺស្ទ្រូប គាត់បានសរសេរសារយ៉ាងវែងអន្លាយ រៀបរាប់ពីទុក្ខលំបាក ព្រោះតែជិតដល់ថ្ងៃដែលថតនៅខែឧសភា ឆ្នាំ ២០២៣ ។ គាត់មិនអាចទុកម្តាយនៅអាមេរិក ដើម្បីមកថតភាយន្តនៅកម្ពុជាបានឡើយ ព្រោះគាត់មានតែ ពីរនាក់ស្វាមី កូនជាប់រវល់នៅរៀន គាត់សុំទោសខ្ញុំ រួចហើយជូនពាក្យវិញឲ្យរកតួមកជំនួសតួគាត់វិញ។ ពុទ្ធោ ! ពាក្យនេះនៅក្នុងខួរក្បាលខ្ញុំរហូត តើខ្ញុំទៅរកតួសម្តែងណា មកជំនួសគាត់បាន ? បើខ្ញុំសរសេរសាច់រឿង តួអង្គអ្នកអង្គម្ចាស់ស្ត្រី កាមល សម្តែងជាមួយបណ្ឌិត ខីណាព្រាហ្ម គឺសម្រាប់គាត់និងលោក ទេព រិនដារ៉ូ ? ខ្ញុំផ្តល់កម្លាំងចិត្តឲ្យគាត់ លួងលោមគាត់ឲ្យខំប្រឹងមើលថែអ្នកម្តាយ ឲ្យគាត់បានជាសះស្បើយ ខ្ញុំអាចពន្យារការ ថតសិន ដើម្បីរង់ចាំគាត់។ ពីរខែក្រោយមក គាត់បានទូរស័ព្ទមកខ្ញុំ ប្រាប់ថា ម្តាយ៛បស់គាត់បានធូរ សះស្បើយ ហើយ គាត់អាចមកថតបានហើយ គឺយកម្តាយមកជាមួយ ឲ្យប្អូនស្រីនៅស្រុកខ្មែរ ជាអ្នកជួយមើល។ ខ្ញុំសប្បាយរីករាយជាមួយនឹងគាត់ដែរ»។
អ្នកដឹកនាំរឿង លោកហ្វៃ សំអាង បានបន្តថា «នៅដើមឆ្នាំ២០២៣ យើងចាប់ផ្តើមរៀបចំនិងធ្វើពិធីក្រុងពលី ដើម្បីចេញថត ខ្ញុំត្រូវឲ្យគាត់ចុះមកថត នៅខែកក្កដា ឆ្នាំ២០២៣ ។ អកុសល នៅខែឧសភា ម្តាយរបស់គាត់ ចាប់ផ្ដើមរើឡើងវិញ ហើយមានសភាពធ្ងន់ធ្ងរ ធ្វើឲ្យគាត់ដាច់ចិត្តសុំជូនពាក្យខ្ញុំជាថ្មីម្តងទៀត ខ្លាចខ្ញុំខកនិង ខូចខាតពេលវេលារង់ចាំគាត់។ ខ្ញុំពិបាកចិត្តជាលើកទីបី ខ្ញុំអាណិតគាត់ខ្លាំងណាស់ គាត់មានទុក្ខមើល ថែជំងឺ ម្តាយ ឯចិត្តជាប់ជំពាក់ពាក្យសន្យាសម្តែងភាពយន្ត ព្រោះគាត់ស្រលាញ់ការសម្ដែង ជាពិសេសគឺរឿង «អប្សរាម ហាអង្គរ» ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ព្រោះក្រុមការងារផលិត បន្ទាប់ពីក្រុងពលីហើយ គឺចេញថត ចាប់ពី ខែកុម្ភ: មក យើងថតបានចំនួន ៤ខែហើយ។ ខ្ញុំអស់សង្ឃឹម មិនដឹងទៅយកតួណាមកជំនួសគាត់បានទេ ខ្ញុំនៅ តែផ្តល់ពេលវេលាជូនគាត់ទៀត ដោយប្រាប់គាត់ថា មិនអីទេប្អូន មើលថែជំងឺអ្នកម្តាយបន្តទៀតចុះ បងអាច រង់ចាំប្អូនបាន ព្រោះនៅសល់មួយខែទៀតដែរ។ ក្រុមការងារផលិត សម្រុកចេញថតជារៀងរាល់ថ្ងៃ ខែកក្កដា បានចូលមកដល់ ជំងឺម្តាយរបស់គាត់មិនបានធូរស្រាលឡើយ លើកនេះគាត់និយាយទាំងអស់សង្ឃឹម សុំជូន ពាក្យខ្ញុំវិញ សុំអភ័យទោសដោយក្រែងចិត្តខ្ញុំ»។
លោកហ្វៃ សំអាង បន្តទៀតថា «លើកចុងក្រោយ ខ្ញុំនៅតែផ្តល់ពេលវេលាជូនគាត់ទៀត គឺខ្ញុំលើកប្លង់ថតរបស់ គាត់ នៅពាក់កណ្តាលខែកញ្ញា វិញ គាត់ថា «មិនបានទេបង ជំងឺម្តាយខ្ញុំ មិនអាចយកគាត់ទៅណាឆ្ងាយ ពីមន្ទីរ ពេទ្យបានទេបងអើយ! ប្អូនសុំទោសបង! ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលមិនបានសម្ដែងក្នុងរឿង «អប្សរាមហាអង្គរនេះ»។ ខ្ញុំកំពុងជិះរថយន្តនៅលើផ្លូវល្បឿនលឿន ទៅមើលទីតាំងថត នៅឯខេត្តព្រះសីហនុ ជាមួយឯកឧត្តម កែ វិបុល ទូរស័ព្ទជាមួយគាត់ ពេលនោះនៅអាមេរិក ម៉ោង១រំលងអធ្រាត្រ កន្លែងខ្លះមានសេវា ទូរស័ព្ទ កន្លែងខ្លះដាច់ យើងព្យាយាមខលទៅវិញទៅមក ទាំងលំបាក។ ខ្ញុំបានជម្រាបគាត់វិញថា ខ្ញុំផ្ដល់ពេល វេលាជូនគាត់ ចំនួនមួយខែទៀត គឺដល់ចុងខែសីហា ដើម្បីមើលថែជំងឺម្តាយ ឲ្យគាត់បានជាសះស្បើយ។ គាត់មិនប្រកែកទេ គាត់អរគុណខ្ញុំ។ ខ្ញុំនិងក្រុមការងារ ត្រូវផ្លាស់ប្តូរកម្មវិធីថត ដើម្បីរង់ចាំគាត់។ ភាពតក់ស្លុតបានកើតមានឡើងជាថ្មីម្ដងទៀត លើកនេះគឺគាត់មានទុក្ខជាទម្ងន់ ដែលមិនអាចអធិប្បាយបាន អ្នកម្ដាយជាទីស្រលាញ់របស់គាត់ បានចែកឋានទៅកាន់បរិលោក គ្មានថ្ងៃជួបវិញទេ។ ក្រុមការងារផលិតព្រម ទាំងតារាសម្តែងនៅក្នុងរឿង «អប្សរាមហាអង្គរ» នៅតែរង់ចាំវត្តមានរបស់គាត់ ដើម្បីបំពេញពាក្យសន្យា ជាមួយបងប្អូនទស្សនិកជនគ្រប់ជាន់ថ្នាក់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស។ ទេពកោសល្យ និងតម្លៃនៃការទទួលខុសត្រូវខ្ពស់ My idol នៅមានភាគបន្ត លោកជំទាវ ចន ច័ន្ទលក្ខិណា»។
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកហ្វៃ សំអាង បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់លោកដដែល នូវរូបភាពនៃការថត សម្តែងក្នុងរឿង «អប្សរាមហាអង្គរ» លោកស្រី អម្ពរ ទេវី សម្តែងជាតួអង្គ «អ្នកអង្គម្ចាស់ស្ត្រី កាមល» និងលោកស្រី ចន ច័ន្ទលក្ខិណា សម្តែងជាតួអង្គ «អ្នកម្នាង ដាយ៉ាត» និងមានតួសម្តែងស្រីជាច្រើនទៀត ចូលរួមសម្តែង ក្នុងនោះមានទាំងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) ផងដែរ។
លោកហ្វៃ សំអាង បានសរសេររៀបរាប់បន្ថែមថា «មកដល់ហើយ និមិត្តរូបរបស់បងប្អូនណាខ្លះ? សូមចូលមកបញ្ចេញស្នាមញញឹម និងការផ្តល់កម្លាំងចិត្តដល់ពួកគាត់ផង។ អ្នកអង្គម្ចាស់ស្ត្រី កាមល ជានាដកាឯករបាំ ប្រចាំព្រះមហានគរ រហូតបានក្លាយទៅជាសាស្ត្រាចារ្យ សម្តែងដោយ super star អម្ពរ ទេវី បទពិសោធន៍នៃការសម្ដែង ៣៤ឆ្នាំហើយ ធ្លាប់សម្ដែងភាពយន្តធំៗចម្រៀងកាយវិការ ខារ៉ាអូខេ សុទ្ធតែទទួលបានភាពល្បីល្បាញ។ អ្នកនាង ដាយ៉ាត សម្ដែងដោយ super star លោកជំទាវ ចន ច័ន្ទលក្ខិណា បទពិសោធន៍សម្តែង ២៨ឆ្នាំ ភាពយន្តធំៗ ភាពយន្តភាគ ចម្រៀងកាយវិការ ខារ៉ាអូខេ ពិធីការិនី បង្ហាញម៉ូដ ។ អ្នកគ្រូ ទេព រៀម នាដការឯកអប្សរា រហូតក្លាយជាសាស្ត្រាចារ្យ សម្តែងដោយអ្នកគ្រូ វុធ ច័ន្ទម៉ូលី ដែលជាសាស្ត្រាចារ្យរបាំព្រះរាជទ្រព្យ បទពិសោធន៍នៅលើវិស័យសិល្ប:របាំ ស្ទើរពេញមួយជីវិត។ នាងបទុម កូនស្រីចៅហ្វាយខេត្ត នគររាជ សម្តែងដោយកញ្ញា ដាំ សុភ័ក្រស៊ីនឌី កញ្ញាឯកភពផែនដី (Miss planet 2023 ) នាងកេសរ កូនស្រីចៅហ្វាយខេត្ត ព្រះត្រពាំង សម្តែងដោយកញ្ញា ហុក សេរីតុលា និងរួមតារាផ្សេងៗទៀត បងប្អូនស្គាល់តួអង្គគាត់សម្តែងរួចមកហើយ ។ នៅក្នុងឈុតឆាកនេះ កំពុងហាត់របាំអប្សរាមហាអង្គរ ផលិតដោយផលិតកម្ម ហង្សមាស និងរស្មីហង្សមាស»៕ ខៀវទុំ