ភ្នំពេញ៖បើទោះជាមិនទាន់មានការប្រកាសជាផ្លូវការរបស់Galaxy ថាកូនប្រុសរបស់លោកព្រាប សុវត្ថិ ២រូបផ្សេងទៀតគឺសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ក្លាយទៅជាសមាជិករបស់ផលិតកម្មមួយនេះក្ដី ប៉ុន្ដែការប្រគុំតន្រ្ដីនៅចុងខែ៩ នៅកូរ៉េខាងត្បូងដែលរៀបចំដោយក្រុមហ៊ុន១នេះនិងមានតារាភាគច្រើនរបស់ផលិតនេះចូលរួមនោះក្នុងនោះកូនទាំង៣របស់ព្រាប សុវត្ថិ ក៍ទៅច្រៀងសម្ដែងដែរ។សម្រាប់សុវត្ថិ មុនីវណ្ណ មិនមែនជាការចម្លែកឡើយព្រោះរូបគេជាតារាGalaxy ស្រាប់ តែចំពោះសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលតាំងពីចាកចេញពីហង្សមាសមកមិនដែលឡើងឆាកហើយលេចមុខនៅGalaxy បែបនេះនាំឲ្យមានការសង្ស័យថាពួកគេនឹងក្លាយទៅជាតារារបស់ផលិតកម្មនេះដោយច្រៀងជាមួយឪពុកនិងបងប្រុសររបស់គេជាថ្មីម្ដងទៀតគឺដូចអំឡុងដែលលោកសុវត្ថិ និងកូនទាំង៣របស់លោកច្រៀងនៅហង្សមាសដែរ។យ៉ាងណារហូតមកដល់ពេលនេះGalaxy មិនទាន់ធ្វើសន្និសីទកាសែតជាផ្លូវការថាកូន២នាក់ទៀតរបស់ព្រាប សុវត្ថិ បានក្លាយទៅជាតារារបស់ខ្លួនឡើយ។
អ្នកស្រីយឹម សុជាតា អ្នកចាត់ការទូទៅរបស់ផលិតកម្មGalaxy បានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ កញ្ញា ថាកូនៗរបស់លោកព្រាប សុវត្ថិ ទាំង៣ រួមទាំងតារាល្បីៗផ្សេងៗទៀតនឹងត្រូវច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍Galaxy Indoor Korea នៅកូរ៉េ រយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៩ និង៣០ កញ្ញា ខាងមុខនេះ។ចំណែកលោកសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ វិញការបង្ហាញក្នុងព្រឹត្តិការណ៍នោះគឺអ្នករៀចំកម្មវិធីធ្វើទៅតាមខាងSponsor ដែលចង់បានពួកគាត់ តែពួកគាត់ទាំងពីរបច្ចុប្បន្នមិនមែនជាតារារបស់Galaxy នោះទេ។ប៉ុន្ដែអ្នកស្រីសុជាតា ថាសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ សុទ្ធតែជាតារាមានសម្ថភាពខ្ពស់ តែថាថ្ងៃមុខនឹងក្លាយទៅជាតារាGalaxy ដែរឬយ៉ាងណានោះលោកស្រីមិនទាន់អាចនិយាយបានទេ។
ថ្វីត្បិតតែអ្នកតំណាងGalaxy អះអាងបែបនេះក្ដី ប៉ុន្ដែគេជឿរថាភាគរយខ្ពស់កូនទី២ និងទី៣ របស់ព្រាប សុវត្ថិ អាចនឹងក្លាយទៅជាតារារបស់ផលិតកម្មមួយនេះដែរជាមិនខាននាពេលអនាគត ព្រោះកូនទី១របស់លោកសុវត្ថិ មុននឹងចុះកុងត្រាជាមួយក្រុមហ៊ុនមួយនេះគេក៍បានចេញច្រៀងសម្ដែងជាមួយឪពុកតាមឆាកមួយចំនួនរបស់ផលិតកម្មនេះដូចប្អូនៗរបស់ពួកគេនាពេលនេះដែរ។ដោយឡែកការមិនព្រមយកកូនៗទាំង៣ចូលGalaxy ព្រមគ្នានោះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថានោះដោយសារតែលោកព្រាប សុវត្ថិ ចង់រក្សារតម្លៃកូនៗរបសលោកឲ្យបានល្អ។
សូមបញ្ជាក់ថាព្រាប សុវត្ថិ បានជ្រកនៅGalaxy រយៈពេលជាង៣ឆ្នាំហើយ ខណៈដែលកូនទី១របស់លោកគឺសុវត្ថិ មុនីវណ្ណ ទើបតែចូលផលិតកម្មទី២នេះមិនទាន់បាន១ឆ្នាំទេ ហើយរូបគេបានផ្លាស់ប្ដូរស្ទីលច្រៀងពីបទស្លូវមកជាចង្វាក់រ៉េបហ៊ីបហមទៅវិញ។ទស្សនិកជនចាំបានថាកាលពីព្រាប សុវត្ថិ ច្រៀងនៅហង្សមាសហើយចាប់ដៃជាមួយកូនៗលោកទាំង៣ តារាវ័យ៤៨ឆ្នាំរូបនេះពិតជាធ្វើឲ្យកូនៗលោកឡើងកូដបាន១ប្រាវដែរ ប៉ុន្ដែពេលនេះអ្វីដែលលោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសថាហង្សមាសនឹងមិនបណ្ដោយឲ្យទាំងព្រាប សុវត្ថិ និងកូនៗធ្លាក់ទៅGalaxy ទាំងអស់ ព្រោះលោកយល់ថាផលិតកម្មធំនេះនឹងជ្រើសផ្លូវ”អ្ហែងយកបានឪ អញយកបានកូន”បានន័យថាក្រោយមិនអាចរក្សារលោកសុវត្ថិ បានត្រូវទប់ឲ្យជាប់កូនៗលោកមិនឲ្យចេញទៅណានោះពេលនេះច្បាស់ការគឺកូនទាំង៣របស់ឧកញ៉ាសុវត្ថិ អាចនឹងទៅច្រៀងជាមួយឪពុករបស់គេជុំគ្នានៅGalaxy តែម្ដង។ចំណែកហង្សមាសវិញក្រោយបាត់បង់តារាសំខាន់របស់ខ្លួនដល់ទៅ២ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រួមទាំងកូនទាំង៣របស់លោកសុវត្ថិ នោះពេលនេះផលិតកម្មចាស់វស្សាហ៍មួយនេះមិនទាន់ទិញតារាជើងខ្លាំងណាទៅជំនួសទេ ប៉ុន្ដែបែជាថ្មីៗនេះបានសម្ពោធផលិតកម្មថ្មីមួយទៀតឈ្មោះGenMusic នឹងដាក់តារាថ្មីៗដែលជ្រើសបានពីការ ប្រលងចម្រៀងទាំងឡាយ ឲ្យនៅម្ដុំ វិញ។ដោយឡែកមហាជនរងចាំមើលថាបើព្រាប សុវត្ថិ និងទាំង៣ច្រៀងសម្ដែងជុំគ្នា ជាលើក ទី២ លើកនេះជោគជ័យ ឬនៅតែទៅមិនរួច ?
លោកនូ ស៊ឹប ធ្លាប់ប្រាប់ថាពេលព្រាប សុវត្ថិ និងកូនៗច្រៀងជុំគ្នានៅហង្សមាសនោះលោកក៍មិនបានឃើញថាមានការជោគជ័យគូរឲ្យកត់សម្គាល់ដែរ ។ប៉ុន្ដែលោកជឿរថាព្រាប សុវត្ថិ នឹងរៀបគម្រោងជាមួយកូនៗលោកដើម្បីបង្ហាញអ្វីពិសេសឲ្យគេឃើញ ៕