ភ្នំពេញ៖តារាចម្រៀងហង្សមាសចំរើន សុភ័ក្រ្ដ បានដឹកដៃគូដណ្ដឹងនាងទៅថតPre-Wedding នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ក្រោយនាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ជាមន្រ្ដីរាជការអស់រយៈពេលជិត៩ឆ្នាំមកហើយ។ក្នុងឈុតអាពាហ៍ ពិពាហ៍ សម្រាប់ដាក់តាំងរោងការនោះសុភ័ក្រ្ដ និងគូដណ្ដឹងពិតជាសាកសមគ្នាខ្លាំង ទើបមានFan បានខមិនសាទរដែលនាងជិតដល់ថ្ងៃពិសេសរបស់ខ្លួន។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ កញ្ញា ចំរើន សុភ័ក្រ្ដ បានប្រាប់”នគរធំ”ថានាងពិតជាកំពុងត្រៀមខ្លួនចូលរោងការជាមួយគូដណ្ដឹងនៅចុងឆ្នាំ២០២៣ ខាងមុខនេះមែន ។សុភ័ក្រ្ដ ថ្លែងថាមង្គលការរបស់នាងនឹងរៀបចំនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយកម្មវិធីនោះមិនធ្វើជាលក្ខណៈទ្រង់ទ្រាយធំពេកទេគឺធ្វើម៉ាល្មម។នាងថាចំពោះមូលហេតុដែលត្រូវសម្រេចចិត្តរៀបការនៅចុងឆ្នាំនេះគឺព្រោះតែជាពេលវេលាសមស្របមួយដែលមកដល់ដោយសារតែនាងក៍មានអាយុល្មមរៀបការហើយអីចឹងគឺដល់ពេលវេលាដែលត្រូវរៀបចំមង្គលការនេះឡើង ស្របពេលដែលនាងនិងគូដណ្ដឹងក៍បានស្រលាញ់គ្នា យល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយដែរ។
គូរបញ្ជាក់ថាចំរើន សុភ័ក្រ្ដ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់នៅក្រៅរង្វង់សិល្បៈកាលពីឆ្នាំ២០១៤ តែអ្នកទាំងពីរបានស្រលាញ់គ្នាតាំងពីឆ្នាំ២០០៦ ម្លេះ ពោលគឺចំណងស្នេហ៍មានរយៈពេល១៧ឆ្នាំទៅហើយ។មុនសម្រេចចិត្តរៀបអាពាហ៍ ពិពាហ៍ នេះសុភ័ក្រ្ដ ធ្លាប់ប្រាប់អ្នកសារព័តមានថាមូលហេតុដែលនាងពន្យាពេលរៀបការកន្លងមកដោយសារតែត្រូវការសន្សំលុយធ្វើពិធីនោះឲ្យគ្រប់គ្រាន់ ខណៈដែលនាងនិងគូដណ្ដឹងក៍បានទិញផ្ទះបាន១ល្វែងរួមគ្នាមុនក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នាពេលខាងមុខនេះដែរ។
ចំរើន សុភ័ក្រ្ដ អាយុ៣២ឆ្នាំ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១និងជាកូនក្រុមលោកណុប បាយ៉ារិទ្ធ ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រ្ដតែកាលនោះប៊ុត សីហា ជាម្ចាស់ពាន ។តារាចម្រៀងរាងតូចច្រឡឹងរូបនេះមានសម្ថភាពច្រៀងមិនធម្មតាទេព្រោះនាងផ្ដើមចេញអ្នកចម្រៀងផ្នែកបុរាណហើយថែមទាំងចេះស្មូតទៀតផងទើបការច្រៀងបទដែលប្រើសម្លេងអឿនបានយ៉ាងល្អ។ប្រភពបានឲ្យដឹងថាក្រៅពីចំរើន សុភ័ក្រ្ដ តារាចម្រៀងរួមទ្រនុំ២គូទៀតគឺពេជ្រ សោភា និងប៉ាច គីមមួយ ក៍គ្រោងដឹកដៃគូស្នេហ៍ចូលរោងការនៅឆ្នាំ២០២៤ ខាងមុខនេះដែរ ខណៈដែលម៉ង ចាន់កញ្ញា និងឈិន ម៉ានិច្ច អត់ដំណឹងការប្ដីបើទោះជាពួកគេសុទ្ធតែមានម្ចាស់ស្នេហ៍រៀងៗខ្លួនក្ដី ។
ចំរើន សុភ័ក្រ្ដ បន្ថែមថាសម្រាប់ភ្ញៀវដែលនាងត្រៀមហៅនៅថ្ងៃពិសេសរបស់នាងនោះគឺមានអ្នកសិល្បៈពាក់កណ្ដាល ភ្ញៀវខាងក្រៅពាក់កណ្ដាល ។ដោយឡែកគូដណ្ដឹងរបស់នាងវិញលោកក៍ត្រូវជាសាច់ញាត្តិរបស់នាងដែរ។នាងថាដោយសារតែដល់វ័យត្រូវរៀបការហេតុនេះមិនបានគិតច្រើនឬបារម្ភខ្លាចថាមានប្ដីទៅអាជីពសិល្បៈលែងមានលំនឹងឡើយ តែគិតថាមិនអាចពន្យាពេលតទៅទៀតបានទេ ហេតុនេះហើយទើបច្បាស់លាស់ថានឹងរៀបការនៅខែ១១ តែម្ដង។
ប្រភពបានឲ្យដឹងថាចំរើន សុភ័ក្រ្ដ និងអនាគតស្វាមីមិនដែលមានភាពរកាំរកូសជាមួយគ្នាទេតាំងពីពួកគេស្រលាញ់គ្នាជាង១៧ឆ្នាំមកនេះ ពិសេសគឺគូដណ្ដឹងមិនចេះប្រចណ្ឌ ឬហួងហែងនាងឡើយ។ចំរើន សុភ័ក្រ្ដ ត្រូវបានគេចាត់ទុកថានាងជាតារាចម្រៀងសំនៀងក្រអួនក្រអៅម្នាក់ដែលអាចច្រៀងបានជាច្រើនទម្រង់ ហើយថែមទាំងអាចបកស្រាយបទចម្រៀងជាមរតកដើមបានយ៉ាងពិរោះទៀតផង ទើបនៅតាមកម្មវិធីមង្គលការ ឬSponsor នាំតារាចេញទៅក្រៅស្រុកនោះពួកគេតែងតែចង់បាននិងសរសើរដល់នាងសាកសមជាអ្នកចម្រៀងអាជីពម្នាក់។ប៉ុន្ដែសុភ័ក្រ្ដ នៅមិនទាន់ស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសឡើយដោយសារតែតំណែងនេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមិនទាន់ព្រលែង។
ទស្សនិកជនរងចាំមើលថាក្រោយចំរើន សុភ័ក្រ្ដ រៀបការប្ដីនៅខែ១១ ខាងមុខនេះរួចនាងនៅតែមានទីផ្សារសិល្បៈដូចដើម ឬមានការប្រែប្រួលដូចឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម ដែលពេលនេះលេងសូវខ្លាំងដូចមុន …៕