កំពង់ធំ៖លឹម សេរីហាន់នីកា បានក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវកាលទី៣ ក្រោយយកឈ្នះបេក្ខភាព៣រូបផ្សេងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១ តុលា ២០២៣ នោះគឺសាល បាទី កូនក្រុមរបស់លោកឆន សុវណ្ណារាជ ,សួន សុវណ្ណមុន្នី កូនក្រុមរបស់លោកណុប បាយ៉ារិទ្ធ និងគឹម សុវណ្ណ កូនក្រុមរបស់ឱក សុគន្ធកញ្ញា ។សេរីហាន់នីកា មានអាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ ទទួលបានរង្វាន់១០០លានរៀនពីហង្សមាស និងរង្វាន់ផ្សេងៗទៀតរួមទាំងកុងត្រាជាមួយផលិតកម្មនេះរយៈពេល៥ឆ្នាំ។
លឹម សេរីហាន់នីកា រំភើបសឹងស្រក់ទឹកភ្នែកនៅពេលនាងក្លាយទៅជាម្ចាស់ពានThe Voice Cambodia រដូវកាលទី៣ ខណៈដែលពេជ្រ សោភា ឯណ្ណោះវិញបានថ្លែងសារថា”អបអរសាទ ក្មេងតូចលឹម សេរីហាន់នីកា សម្ថភាពនាំឲ្យទទួលបានជោគជ័យ ក្នុងនាមខ្ញុំជាគ្រូបង្វឹគពិតជាសប្បាយចិត្តចំពោះការជោគជ័យរបស់អូន”។
គូររំលឹកថាលឹម សេរីហាន់នីកា បង្ហាញខ្លួននៅវគ្គ Blind Audition នាងទទួលបានតែមួយកៅអីពីពេជ្រ សោភា ប៉ុណ្ណោះ ដែលចុចប៊ូតុងយកនាង ប៉ុន្ដែមិននឹកស្មានថានីកា បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងរហូតឈ្នះពានដូចក្ដីស្រម៉ៃរបស់នាងបានបែបនេះឡើយ។តែគេចាំបានថាយុវតីវ័យក្មេងសេរីហាន់នីកា បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងតាំងពីនៅវគ្គLive Show សប្ដាហ៍ទី២ ដែលនាងច្រៀងបទ”ក្ដាមស្រែ” ប្រើបច្ចេកទេសច្រៀងដល់ទៅ៤ស្ទីលគឺRock ,ស្លូវ,ប៊ុនណារ៉ូ និងហ៊ីបហប និងនៅសប្ដាហ៍ទី៣ នាងច្រៀងបទ”យុត្តិធ័មគ្មាន សម្រាប់អ្នកស្មោះ”ត្រូវបានឆាណែលThe Voice លំដាប់ពិភពលោកយកទៅផុសការច្រៀងរបស់នាងទាំង២វគ្គនេះជាប់គ្នាជាមួយបេក្ខភាពនៅប្រទេសដ៍ទៃទៀតលើពិភពលោកដោយចាត់ទុកថាជាអ្នកធ្វើបានល្អបំផុតប្រចាំសប្ដាហ៍(The Best Performances This Week On The Voice ) ទើបធ្វើឲ្យនីកា ឡើងកូដស្រឺតៗ រហូតឡើងទៅវគ្គFinal និងក្លាយទៅជាម្ចាស់ជ័យលាភីតែម្ដង។
ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងថានីកា មានដើមទុនរួចជាស្រេចនោះគឺសម្លេង នៅខ្វះតែការបង្វឹគ ។បន្ទាប់ពីបានបង្វឹគរួចគឺគាត់អាចច្រៀងបានគ្រប់ទម្រង់ទាំងអស់ បទអីក៍គាត់ធ្វើបានដែរ។ម្យាងទៀតសម្លេងរបស់នីកា គឺបែបផែនដែលសម្លេងគ្មានអ្នកណាដូច គឺគាត់ចង់ច្រៀងបទសុគន្ធ និសា ,ឱក សុគន្ធកញ្ញា ឬច្រៀងបទតារាណាក៍សម្លេងគាត់មិនដូចគេដែរបានន័យថាគាត់ច្រៀងបទរបស់អ្នកណាក៍នៅតែជាសម្លេងរបស់គាត់ដដែល។សម្លេងនីកា ជាប្រភេទសម្លេងទឹកភ្នែកច្រៀងបទឲ្យគេឈឺ គឺឈឺ យំគឺយំ សប្បាយគឺសប្បាយ ឲ្យមានស្នេហាគឺមានស្នេហា… តែម្ដង។
សូមបញ្ជាក់ថាThe Voice Cambodia រដូវកាលទី១ម្ចាស់ពានគឺលោកប៊ុត សីហា និងរដូវកាលទី២លោកថែល ថៃ ខណៈដែលរដូវកាលទី៣ម្ចាស់ពានគឺនារីវិញម្ដងនោះគឺស្រីស្រស់វ័យក្មេងលឹម សេរីហាន់នីកា នេះឯង។ហាន់នីកា ជាម្ចាស់ពានដែលហង្សមាសជ្រើសបានជានារីបន្ទាប់ពីនាងឈិន ម៉ានិច្ច ជ័យលាភីCambodian Idol រដូវកាលទី២ ខណៈដែលម្ចាស់ពានប្រុសៗវិញតាមបណ្ដារកម្មវិធីផ្សេងៗគ្នាដែលក្រុមហ៊ុនមួយនេះធ្លាប់ជ្រើសបានមានដូចជាប៊ុត សីហា ,នី រតនា ,ថែល ថៃ ,គ្រី ថៃពៅ ,ពេជ្រ ថៃ ,ទេព ពិសិដ្ឋ ,សារុំ បញ្ញាស័ក្ដ និងយឿន ពិសី ជាដើម។
ការលើកពានរបស់លឹម សេរីហាន់នីកា នេះធ្វើឲ្យពេជ្រ សោភា បាននាំកូនក្រុមរបស់ខ្លួនលើកពានជាលើកទី១ផងដែរ ព្រោះThe Voice Cambodia រដូវកាលទី១ លោកឆន សុវណ្ណារាជ នាំកូនក្រុមប៊ុត សីហា លើកពាន ខណៈដែលThe Voice Cambodia រដូវកាលទី២ ឱក សុគន្ធកញ្ញា ជួយកូនក្រុមខ្លួនលោកថែល ថៃ ឈ្នះពាន។ចំណុច ខាងលើ នេះ បញ្ជាក់ថាក្នុងចំណោមCoach ទាំង៤រូបគឺនៅតែលោកណុប បាយ៉ារិទ្ធ ម្នាក់ប៉ុណ្ណោះ មិនទាន់ អាចដឹកដៃកូនក្រុមលោកលើកពានដូចCoach សុវណ្ណារាជ ,សុគន្ធកញ្ញា និងសោភា បានទេ។
ចំណែកមជ្ឈដ្ឋានមហាជនវិញរងចាំមើលថាតើស្រីក្មេងរូបស្រស់លឹម សេរីហាន់នីកា អាចប្រជែងទីផ្សារច្រៀងនៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗនៅបានដែរឬទេ ព្រោះផលិតកម្មធំនេះត្រូវការចាយពេល៥ឆ្នាំដើម្បីឲ្យនីកា បញ្ចេញសម្ថភាពថានីកា ពិតជាពិសេសដូចពេជ្រ សោភា ថាមែន ឬយ៉ាងណា ?