ភ្នំពេញ៖រូបភាពជាច្រើនរបស់ទេព បូព្រឹក្ស ទាំងនៅក្នុងនិងក្រៅស្រុកបង្ហាញឲ្យឃើញថាស្វាមីនាងលោកងួន ចាន់ដេវីត ពិតជាថ្នាក់ថ្នមនាងលើសដើមដូចការអះអាងរបស់នាងដែលថាតាំងពីនាងពពោះម្លេះដែលដេវីត ថ្នមនាងប្លែកទៅៗនោះមែន ខណៈដែលថ្មីៗនេះពួកគេថែមទាំងឆក់បានទីផ្សារឃោសនាឲ្យផលិតផលនៅបរទេសទៀតផង។ប្រសិនបើបូព្រឹក្ស ពិតជាត្រូវបានប្ដីថ្នមទេ្វដងដូចការលើកឡើងរបស់នាងនេះមានន័យថាតារាកូន១រូបនេះកំពុងតែត្រូវបានគេចាត់ទុកថាតារាមានសំណាងដូចឱក សុគន្ធកញ្ញា ដែលត្រូវលោកសុខលី ហៅលោកថាជាមាតាដៃ១០០ ,ឧត្តមភរិយា ឬBeautiful Wife នោះជាមិនខាន។ប៉ុន្ដែចំណុចខុសគ្នានោះគឺនាងបូព្រឹក្ស បានសម្រេចចិត្តជ្រើសផ្លូវយកកូនមុនរៀបការ ខណៈដែលសុគន្ធកញ្ញា រៀបការរួចទើបយកកូន។
សូមបញ្ជាក់ថាទេព បូព្រឹក្ស បានវិលមករកសែង្វៀនសិល្បៈសារជាថ្មីកាលពីដើមខែសីហា ក្រោយនាងបានបាត់មុខពីឆាកតន្ត្រីជិត១០ខែ និងសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ កុម្ភៈ ២០២៣ ។ដើម្បីអុកឡុកទីផ្សារចម្រៀងសារជាថ្មីម្ដងទៀតនេះបូព្រឹក្ស ព្យាយាមសម្រកទម្ងន់ថែមទៀតបើទោះជាពេលនេះនាងនៅសល់ត្រឹមជាង៥០ គ.ក្រ ខណៈដែលអំឡុងពពោះឡើងដល់ជាង៧០ គ.ក្រ ក្ដី តែស្រីនិច្ច ដឹងច្បាស់ថាបើសិនជាគីឡូឡើងជ្រុលនោះនាងពិបាកស្ដារមុខមាត់ជាថ្មីជាមិនខាន ។មានការលើកឡើងថាទីផ្សារចម្រៀងស្ទុះឡើងវិញស្រីនិច្ច មានតែមធ្យោបាយមួយប៉ុណ្ណោះគឺការចាប់ដៃគូជាមួយស្វាមីនាងលោកដេវីត ហើយវាសនាអាជីពចម្រៀងនាងក៍នៅលើបុរសរូបនេះមួយផ្នែកធំដែរ ព្រោះលោកអាចនិពន្ធបទភ្លេង និងMelody ឲ្យនាងច្រៀង ដោយសារតែស្រីនិច្ច គ្មានដំណឹងទៅឈជើងនៅផលិតកម្មណាឡើយ ក្រោយនាងលែងជាតារាហង្សមាសជាច្រើនឆ្នាំមកនេះ។
ក្រៅពីទេព បូព្រឹក្ស តារាកូន១ដែលព្យាយាមពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញមានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើម ប៉ុន្ដែមានតែស្រីនិច្ច ម្នាក់ទេ ដែលនាងមានគូស្នេហ៍ធ្វើបទភ្លេងឲ្យច្រៀង ហើយថ្មីៗនេះនាងបានបង្ហាញសញ្ញានៅតែក្ដាប់ទីផ្សារសិល្បៈបានជាធម្មតា តាមរយៈមានក្រុមហ៊ុនខ្លះបានជួលនាងធ្វើជាBA ក្នុងតម្លៃខ្ពស់ទៀតផង។
គេកត់សម្គាល់ថាទេព បូព្រឹក្ស ល្បីឈ្មោះនាពេលកន្លងមក ព្រោះតែនាងជាតារាដែលលេងខ្លួនជាមួយសម្លៀកបំពាក់ម៉ាកប្រេន ប្រេន និងក្បាច់រាំសាហាវៗជាងការប្រើទឹកដមសម្លេង ហើយសូម្បីតែថ្មីៗនេះនៅសសៃខ្ចីសោះតែពេលចេញមុខលើកដំបូងវិញស្រីនិច្ច មិនបន្ធូដៃឡើយ និងខ្លះថានាងរាំកាន់តែកាចជាងមុនទៀតផង។ប្រភពខ្លះបានលើកឡើងថាបូព្រឹក្ស បានឥទ្ធិពលគូស្នេហ៍ជាតារារ៉េប ល្បីហេតុនេះបើសិនជាដេវីត ចេញបទចម្រៀងនិងនាំនាងឡើងឆាកច្រើននោះច្បាស់ជាខាងSponsor ចង់បានម្នាក់តែពួកគេទាមទារទាល់តែឡើងទាំងពីរនឹងធ្វើឲ្យស្រីនិច្ច មានភាពលេចធ្លោជាងនេះមិនខាន។
ទេព បូព្រឹក្ស គ្មានផែនការណ៍រៀបការនោះទេ ទោះជាពេលនេះនាងរក្សារចំណងស្នេហាជាមួយដេវីត បាន៧ឆ្នាំក្ដី ប៉ុន្ដែនាងថារឿងខ្លះអាចនិយាយបា្រប់អ្នកសារព័តមានបាន និងរឿងខ្លះទៀតមិនអាចប្រាប់បានឡើយ។ព័តមានខ្លះថាអ្នកទាំងពីរបានចុះអេតាស៊ីវិលរួចទៅហើយ មុនពេលអ្នកទាំងពីរ សម្រេចចិត្តយកកូនរួមគ្នា បើទោះជាក្រោយស្រីនិច្ច និងដេវីត ដឹកដៃគ្នាទៅថតPre_Wedding នៅកោះម៉ាល់ឌីវតាំងពីឆ្នាំ២០១៩ លែងមានដំណឹងអ្នកទាំងពីរក្រាបផ្ទឹមក្ដី ។
ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមតារាស្រីដែលអាចច្រៀងរ៉េប បាននៅឆ្នាំ២០២៣ ដូចគ្នាទៅនិងពេជ្រ សោភា និងសួស វីសា និងតន់ ច័ន្ទសីម៉ា ជាដើម តែតារាដែលយកកូនមុនរៀកការមានអត្រាកើនឡើងនារយៈពេលចុងក្រោយក្នុងនោះមានដូចជានៅ សុនិតា ,ឌុច លីដា ,ពេជ្រ សូលីកា ,កែវ ពេជ្រពិសី និងផាត់ ផាន់ណា ជាដើម។Fan រងចាំមើលថាក្រៅពីសកម្មភាពបង្ហាញឲ្យគេមើលឃើញថាស្រីនិច្ច ត្រូវស្វាមីថ្នមនិងផ្គាប់ចិត្តខ្លាំងនោះលោកដេវីត អាចនឹងចេញសារផ្អែមល្ហែមដាក់ភរិយាដូចស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែរឬទេ?ប៉ុន្ដែច្បាស់ណាស់ថាការស្រលាញ់ ឬគ្រាន់តែនិយាយពាក្យថាស្រលាញ់នោះមិនសំខាន់ទេ តែរឿងដែលចាំបាច់គឺនៅលើសកម្មភាពជាក់ស្ដែងជាជាងការសន្យា ដែលមិនដឹងពេលណាបានបង្ហាញឲ្យគេឃើញ។ចំពោះដេវីត វិញក្រោយចាប់ដៃនាងស្រីនិច្ច ជាង៧ឆ្នាំនេះក៍គ្មានដំណឹងថាលោកក្បត់ចិត្តភរិយាងាករេទៅរកស្រីថ្មីម្ដងណាឡើយ ៕