Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍ឡានធំ លើផ្លូវលិចទឹកមួយចំនួន

ខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍ឡានធំ លើផ្លូវលិចទឹកមួយចំនួន

ខេត្តសៀមរាប ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានចេញ សេចក្តីជូនដំណឹង ប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ន ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវ មួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមូលហេតុជំនន់ទឹកភ្លៀង កំពុងជន់លិចលង់កំណាត់ ផ្លូវមួយ ចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់ រថយន្តដឹកទំនិញធុន ធ្ងន់បាន។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប មានខ្លឹមសារទាំងស្រុងថា «ដោយ យោងលើស្ថានភាពទឹកភ្លៀងក្នុងវដូវវស្សា ឆ្នាំ២០២៣ នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន បង្ក ឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់ អាយុជីវិត មនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន។ ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងដែលបាន និងកំពុង ជន់ឡើង ជាហេតុបណ្តាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែល ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសា ធារណការនិងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក-អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង) ផ្លូវខេត្តលេខ 265E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ 266C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ) ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំចំពោះ ការចូលរួម សហការ អនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង»៕

RELATED ARTICLES