Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទៅបោះបាយបិណ្ឌ ចាក់២កាំបិត ធ្លាយពោះ

ទៅបោះបាយបិណ្ឌ ចាក់២កាំបិត ធ្លាយពោះ

ខេត្តកណ្តាល ៖ យុវជន២នាក់ ធ្លាប់មានជម្លោះ វាយគ្នាម្តងរួចមកហើយ លុះក្រោយមក ភាគីម្ខាងចេញ ទៅបោះបាយបិណ្ឌ ពេលត្រឡប់មកវិញ ក៏ជួបនឹងគូទំនាស់តាមផ្លូវ ស្រាប់តែភាគីម្ខាងទាញកាំបិតចាក់ ចំនួន២កាំបិត ចំក្បាលពោះ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ  ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុច វត្តពិជ័យរង្សី ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆាន់ ម៉េងលន់ ភេទប្រុស អាយុ១៤ឆ្នាំ (ថ្ងៃខែឆ្នាំ កំណើត ០៩-០៨-២០០៩) មុខរបរសិស្ស មានលំនៅ ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះសុខា វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល (រងរបួសត្រង់ក្បាលពោះ ចំនួន២កន្លែង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយជនសង្ស័យ ជា ច្រើនលើកច្រើនសាមកហើយ និងធ្លាប់វ៉ៃជនសង្ស័យម្តងទៀតផង។ លុះមកដល់វេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានក្រោកពីដេក រៀបចំ ដាំបាយ យកទៅបោះបាយបិណ្ឌនៅ វត្តពិជ័យរង្សី ស្ថិតក្នុងភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល។ លុះពេលដាំបាយរួច ជនរងគ្រោះ បានចេញទៅវត្ត ជាមួយមិត្តភក្តិ ដើម្បីបោះបាយបិណ្ឌ។ បន្ទាប់ពីបោះបាយបិណ្ឌរួច ជនរងគ្រោះនិងមិត្តភក្តិ បានដើរត្រឡប់ មកផ្ទះវិញ តាមផ្លូវក៏ជួបជាមួយជនសង្ស័យ ហើយក៏មានទំនាស់ជាមួយគ្នាម្តងទៀត  ហើយជនរងគ្រោះរកវ៉ៃ ទៅលើជនសង្ស័យ តែភ្លាមនោះ ជនសង្ស័យបានយកកាំបិតបត់ ចេញពីហោប៉ាវខោ ចាក់ ជនរងគ្រោះ ត្រូវពោះ ២កន្លែង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ រីឯជនសង្ស័យ បានរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំ ពេញ ភ្លាមៗ។ បន្ទាប់មក ម្តាយរបស់ជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី។បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលពុកឫស្សី បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង ១០ព្រឹក ថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង កាំបិតបត់ដែក ពណ៌ខ្មៅ ចំនួន ១ នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES