ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានមកខ្មែរជាថ្មីកាលពីថ្ងៃទី២០ កញ្ញា ដើម្បីថតសម្ដែងរឿង”អប្សរា មហាអង្គរ” ដឹកនាំដោយលោកហ្វៃ សំអាង ។ការមកដល់ស្រុកកំណើតជាថ្មីនេះអ្នកនាងទេវី មិនមែនមកតែម្នាក់ឯងនោះទេ តែស្វាមីថ្មីនាងលោក Pauly Hap ក៍រួមដំណើរជាមួយនាងដែរហើយឆ្លៀតពីការថតសម្ដែងឈុតជាច្រើនប្លង់នៅខេត្តសៀមរាបនោះអ្នកនាងនិងប្ដីក៍បានដើរកម្សាន្ដនិងទស្សនានៅអង្គរវត្តយ៉ាងរីករាយផងដែរ។តាមរយៈរូបភាពជាច្រើនរបស់អ្នកនាងអម្ពរ ទេវី គេឃើញស្វាមីនាងក៍ពូកែថ្នមនាងមិនចាញ់គូស្នេហ៍យុវវ័យឡើយ ហើយដំណើរលើកនេះខុសពីជើងមុនៗព្រោះគ្មានរូបភាពមួយណាមួយបង្ហាញថាអតីតស្វាមីអ្នកនាងទេវី គឺលោកពេជ្រ ភិរុណ ទៅទទួលនាងនៅព្រលានយន្ដហោះ ឬជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ឲ្យនាងប្រើក្នុងភាពយន្ដ ក៍ដូចជារៀបចាត់ចែងសណ្ឋាគារឲ្យនាងស្នាក់នៅដូចឆ្នាំមុនៗឡើយ។ចំណុចទាំងនោះគេអាចយល់បានថានោះដោយសារតែអ្នកនាងទេវី មានស្វាមីថ្មីជាអ្នកចាត់ចែងការងារទាំងនោះហើយ បានជាលោកភិរុណ មិនចាំបាច់ធ្វើដូចមុនទៀត ហើយចំណុចពិសេសនោះលោកមិនចង់រំខានក្ដីសុខរបស់អតីតភរិយាលោកបានជាសម្ងំស្ងៀមខុសពីរាល់ដងបែបនេះ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកពេជ្រ ភិរុណ កាលពីពេលថ្មីៗនេះ តែត្រូវបុរសម្នាក់លើកជំនួសនិងថាលោកជាម្ចាស់លេខនោះ ហើយក៍មិនស្គាល់លេខថ្មីរបស់លោកភិរុណ ដែរ ព្រោះអត់ជាប់សាច់ឈាមគ្នា។ប្រភពបានឲ្យដឹងថាលោកហ្វៃ សំអាង ត្រូវថតសម្រុកប្លង់អ្នកនាងទេវី ឲ្យចប់តាមកាលកំណត់ដើម្បីឲ្យនាងវិលទៅអាមេរិកវិញតាមគម្រោងការណ៍ព្រោះនាងជាប់រកស៊ីមានហាងនៅទីនោះ ហេតុនេះតារាទាំងអស់ដែលសម្ដែងរឿង”អប្សរា មហាអង្គរ” ដែលថតប៉ៈប្លង់ជាមួយអ្នកនាងទេវី មិនអាចយឺតយ៉ាវ ឬអាកខានបានឡើយ។
តារាសម្ដែងវ៉ាន់ វល័ក្ខ ដែលថតរឿង”អប្សរា មហាអង្គរ “ដែរនោះប្រាប់អ្នកយក ព័តមាន យើងថាតួទាំងអស់លេងរឿងនេះត្រូវចាំStand by ពេលអ្នកនាងអម្ពរ ទេវី មកដល់ត្រូវថតជុំគ្នាគឺត្រូវសារ៉េថ្ងៃថតសម្រុកជាមួយគាត់(ទេវី)តាមអ្នកដឹកនាំរៀបចំ។ចំណែកលោកហ្វៃ សំអាង នៅលើហ្វេសបុករបស់លោកបានសរសើរពីគុណសម្បត្តិរបស់អ្នកនាងអម្ពរ ទេវី ដែលមានបទពិសោធន៍សម្ដែងដល់ទៅ៣៤ឆ្នាំ ហើយរឿង”អប្សរា មហាអង្គរ” មិនអាចអត់តួអង្គសំខាន់អ្នកនាងទេវី ដែលសម្ដែងជាតួអង្គម្ចាស់ស្រ្ដីកាមល បានឡើយ។
អ្នកនាងអម្ពរ ទេវី បានផ្អាកសម្ដែងភាពយន្ដជាង១០ឆ្នាំ ក្រោយនាងចេញទៅរស់នៅអាមេរិកជាមួយស្វាមីថ្មីដែលបើកហាងមួយនៅទីនោះ។ប៉ុន្ដែកាលពីឆ្នាំ២០១៧ នាងបានវិលមកថតភាពយន្ដរឿង”ទឹកចិត្តម្ដាយសម័យថ្មី “ ដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផា និងរឿង” ” ឆន្ទា”របស់Ld ។ដោយឡែកសម្រាប់ការមកថតភាពយន្ដរឿង”អប្សរា មហាអង្គរ”នេះមិនទាន់មានដំណឹងថាតើអ្នកនាងទេវី នឹងឆ្លៀតថតរឿងផ្សេងទៀតឬយ៉ាងណាទេ ព្រោះតែមានផលិតករមួយចំនួនចង់ឆក់ឱកាសនេះទាញអ្នកនាងមកសម្ដែងក្នុងរឿងរបស់ពួកគេដែរមុនពេលអ្នកនាងទេវី វិលទៅអាមេរិកវិញ។ប្រភពបានឲ្យដឹងថាអ្នកនាងទេវី សប្បាយចិត្តខ្លាំងពេលសម្ដែងរឿង”អប្សរា មហាអង្គរ”ដឹកនាំដោយលោកហ្វៃ សំអាង នេះព្រោះនាងបានជួបដៃគូចាស់ដ៍យល់ចិត្តលោកទេព រិនដារ៉ូ និងមិត្តស្និតស្នាលអ្នកនាងនារីរ័ត្ន គន្ធា ផងដែរ។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានចាប់ដៃលោកពេជ្រ ភិរុណ បាន២២ឆ្នាំ បានចំណងដៃកូន២នាក់(ស្រី១)ទើបនាងចេញទៅអាមេរិកនិងរៀបការស្វាមីថ្មីនៅថ្ងៃទី២៨ ធ្នូ ២០១៤ ដែលពេលនេះទទួលបានកូនស្រី១ ជិតពេញវ័យក្រមុំ។បច្ចុប្បន្នអ្នកនាងទេវី បានហៅលោកភិរុណ ថាជាប៉ាៗ ហើយអតីតតារាសម្ដែងវ័យ៦៨ឆ្នាំ រូបនេះ គ្មានដំណឹងរឿងលោកចង់រកភរិយាថ្មីទៀតឡើយ ពោលគឺរក្សារភាពស្ងៀមស្ងាត់ និងចូលចិត្តហាត់ប្រាណតែម្នាក់ឯង ។ទស្សនិកជនរងចាំមើលថាតើអ្នកនាងទេវី នឹងនាំស្វាមីថ្មីទៅជួបអតីតប្ដី ឬអត់ក្នុងតំណើរលើកនេះ ព្រោះអំឡុងពេលនាងមកខ្មែរជាង២សប្ដហ៍ទៅហើយនេះគេមិនឃើញលោកភិរុណ ដែលជាអ្នកច្នៃម៉ូដល្បីម្នាក់ឈ្មោះឌីហ្សាញ និកាត់សម្លៀកបំពាក់ជូនអ្នកនាងទេវី ថតរឿងថ្មីនេះទេ។ប្រសិននបើអ្នកនាងទេវី ឆ្លៀតពីថតភាពយន្ដនាំស្វាមីថ្មីទៅជួបលោកភិរុណ នោះច្បាស់ជាធ្វើឲ្យគ្រប់គ្នាជឿរជាក់ថាតាមពិតអ្នកនាងនិងអតីតស្វាមីពិតជានៅបន្ដរាប់អានគ្នាធម្មតាមែនពិសេសលោកភិរុណ មិនឈឺចាប់ដោយសារតែនាងយកប្ដីថ្មីចោលលោកឡើយ ៕