Monday, October 21, 2024
Homeតារាខ្មែរ កែវ ចន្ទសម្ផស្ស ថាទៅវត្ត បាត់ស្បែកជើង លើក ក្រោយ ចងស្បែកជើងជាប់ចង្កេះ

 កែវ ចន្ទសម្ផស្ស ថាទៅវត្ត បាត់ស្បែកជើង លើក ក្រោយ ចងស្បែកជើងជាប់ចង្កេះ

ភ្នំពេញ ៖ តារាចម្រៀងល្បី កែវ ចន្ទសម្ផស្ស បានទម្លាយរឿងហួសចិត្តមួយ គឺពេលនាងទៅវត្ត ធ្វើបុណ្យកាន់ បិណ្ឌ ពេលចេញមកផ្ទះវិញ ស្រាប់តែបាត់ស្បែកជើង ធ្វើឲ្យនាងត្រូវដើរជើងទទេ ហើយនាងបាននិយាយថា ស្បែកជើងរបស់នាងដែលបាត់នោះ មិនមានតម្លៃថ្លៃអីទេ តែនាងហាក់អាក់សទ្ធាបន្តិចដែរ ដោយសារត្រូវដើរ ជើងទទេ មកផ្ទះវិញ ទើបនាងបាននិយាយលេងបន្លំមែនថា លើកក្រោយ មានតែចងស្បែកជើងជាប់ចង្កេះ ដូចគេបង្ហោះក្នុងបណ្តាញសង្គមដែរហើយ ដើម្បីការពារការបាត់បង់ដូចលើកនេះទៀត។

ការទម្លាយរឿងបាត់ស្បែកជើង របស់តារាចម្រៀងកែវ ច័ន្ទសម្ផស្ស នេះ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងចូលទៅបញ្ចេញយោបល់ ចែករំលែកព្រោងព្រាត កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ស្របពេលដែល ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កំពុងនាំគ្នាទៅវត្ត ធ្វើបុណ្យកាន់បិណ្ឌ នៅតាមវត្តអារាម មានមនុស្សកុះករ ហើយជាមួយគ្នានេះ នៅតាមបណ្តាញសង្គម ហ្វេសប៊ុក មានការបង្ហោះរូបភាពអ្នកទៅដាក់បិណ្ឌ នៅវត្តមាន ការប្រុងប្រយ័ត្នខ្ពស់ ខ្លាចបាត់ស្បែកជើង ដោយអ្នកខ្លះបានយកស្បែកជើង មកចងឬសៀតនៅចង្កេះ និងខ្លះ ថែមទាំងយកសោចាក់ស្បែកជើងទៀតផង។ ចំណែកនៅវត្តខ្លះ មានអ្នកស្រុកក្មេងចាស់ប្រុសស្រី អង្គុយចាំ ទទួលយាមស្បែកជើង ដើម្បីបានកម្រៃតាមសទ្ធា ពីអ្នកទៅវត្ត ធ្វើបុណ្យ។

 ភ្ជាប់ជាមួយរូបភាពក្នុងបណ្តាញសង្គមបែបនេះហើយ ទើបតារាចម្រៀង កែវ ច័ន្ទសម្ផស្ស ដែលបាត់ស្បែកជើង ពេលទៅកាន់បិណ្ឌនៅវត្ត បាននិយាយលេងបន្លំមែនថា លើកក្រោយចងស្បែកជើងជាប់ចង្កេះ ដូចគេដែរហើយ ដើម្បីការពារការបាត់បង់។

អ្នកនាងកែវ ច័ន្ទសម្ផស្ស បានឲ្យដឹងថា ការបាត់ស្បែកជើងរបស់នាង កើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅវត្តជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំថ្ងៃកាន់បិណ្ឌទី២ ។

កែវ ច័ន្ទសម្ផស្ស បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «លើកទីមួយក្នុងជីវិត ដែលមក ធ្វើបុណ្យនៅវត្ត ចេញមកវិញ បាត់ស្បែកជើង។ ស្បែកជើង មិនមានតម្លៃថ្លៃទេ តែរងាអាក់សទ្ធាបន្តិចដែរ ដោយ សារត្រូវដើរជើងទទេ មកផ្ទះវិញ ! ហើយអាណិតអ្នកដែលយកស្បែកជើងទៅវិញទេ !

ថ្ងៃបិណ្ឌទីពីរ នារីបាត់ស្បែកជើង ហិហិហិ… លើកក្រោយ ចងជាប់ចង្កេះដែរហើយ! ទឹកចិត្តម្តាយ ឃើញកូន ជើងទទេ ដោះស្បែកជើងឲ្យភ្លាម»៕ ខៀវទុំ

RELATED ARTICLES