Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គប់ផាវចូលផ្ទះម៉ាស្សាលេង ខឹងគេជេរ ដេញកាប់ ជាប់ខ្នោះ៤

 គប់ផាវចូលផ្ទះម៉ាស្សាលេង ខឹងគេជេរ ដេញកាប់ ជាប់ខ្នោះ៤

ខេត្តកណ្តាល ៖ ក្មេងទំនើង ៤នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន បន្ទាប់ពីរពឹសដៃ អុចផាវ គប់ចូលក្នុងទីតាំងកោសជប់ ម៉ាស្សា បង្កជាជម្លោះឈានដល់ក្រុម ក្មេងទាំងនោះ យកដុំថ្មគប់ចូលក្នុងទីតាំងបន្ថែមទៀត បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ចំណុចនៅ ផ្ទះកោសជប់ ម៉ាស្សា មួយកន្លែង ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល។

ជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះអ៊ឹម ណារី ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់ហាងម៉ាស្សា ស្នាក់នៅភូមិ រកាធំ ឃុំបែកចាន ស្រុកអង្គស្នួល និងទី២-ឈ្មោះអ៊ឹម សីហា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល។

ចំណែកជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហៀង លីហួ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល។ ទី២-ឈ្មោះរិន ដានិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល។ ទី៣-ឈ្មោះតុប ចិន្តា ហៅក្រិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល និងទី៤-ឈ្មោះយ៉ាង ពៅសុវណ្ណារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកបក្ខពួក ៤នាក់ទៀត កំពុងរត់គេចខ្លួន។

រីឯសម្ភារៈចាប់យក រួមមាន កាំបិតប៉័ងតោ ចំនួន១ និងដុំថ្ម ចំនួន៤ដុំ (ជារបស់ជនសង្ស័យ)។ ចំណែកផល ប៉ះពាល់ បណ្តាលឱ្យបែកបង្អួចកញ្ចក់ ចំនួន២ផ្ទាំង ទ្វារផ្ទះ មានស្នាមកាប់ដោយកាំបិត។ ដោយឡែកជនរងគ្រោះ ឈ្មោះអ៊ឹម សីហា រងរបួសចំស្មងជើងខាងឆ្វេង បណ្តាលឱ្យ មុតចេញឈាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះទាំងពីរនាក់ និងកូនចៅ បាននៅក្នុងផ្ទះបើកហាងម៉ាស្សា ដូចរាល់ដង ស្រាប់តែបន្តិច ក្រោយមក មានជនសង្ស័យ ៦នាក់ ជិះម៉ូតូ ៣គ្រឿង មកពីទិសខាងត្បូង (បឹងធំ-បែកចាន) បានជិះយឺតៗ មកដល់មុខហាងម៉ាស្សា បានដុតផាវបោះចូលមុខហាងម៉ាស្សា ផ្ទុះបង្កឱ្យមានការភ្ញាក់ផ្អើល ហើយជន រងគ្រោះបានស្រែកជេរជនសង្ស័យទាំងនោះថា “ពួកអាចុយម៉្រាយ! អត់ការងារធ្វើ ដើរដុតផាវបោះចូលផ្ទះគេ”។ ភ្លាមនោះ ជនសង្ស័យ បានស្រែកជេរតបវិញ រួចហើយជនសង្ស័យ បានបើកម៉ូតូទៅទិសខាងជើងបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក្រុមជនសង្ស័យបានបើកម៉ូតូទៅវិញទៅមក ចំនួន៣ដង តែមិនបានធ្វើសកម្ម ភាពអ្វីទេ។ រហូតដល់ម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យ បាននាំគ្នាជិះម៉ូតូ ៤គ្រឿង មានគ្នា ៨នាក់ មកដល់មុខហាងម៉ាស្សាខាងលើ រួចបាននាំគ្នាចុះពីលើម៉ូតូ យកដុំថ្ម គប់ទៅលើហាងរបស់ជនរងគ្រោះ បណ្តាលឱ្យបែកបង្អួចកញ្ចក់ អស់ ២ផ្ទាំង ហើយជនរងគ្រោះបាននាំគ្នារត់ ចូលទៅក្នុងហាង និងទាញទ្វារបិទ តែបិទមិនទាន់ ក៏បានត្រូវពួកជនសង្ស័យគប់ត្រូវចំស្មងជើងជនរង គ្រោះ ឈ្មោះអ៊ឹម សីហា បណ្តាលឱ្យរបួសចេញឈាម។ ពេលជនរងគ្រោះបិទទ្វាររួចហើយ បក្ខពួកជនសង្ស័យ បានយកកាំបិតប៉័ងតោ កាប់ទ្វារហាងជនរងគ្រោះ ធ្វើឱ្យខូចខាតទាំងស្រុង រួចគេចខ្លួនអស់ ចំណែកជនរងគ្រោះ បានរាយការណ៍ និងដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍រដ្ឋបាល។

ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍បែកចាន និងកម្លាំងប៉ុស្តិ៍ក្រាំងម្កាក់ បានសហការជាមួយ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ តាមរកឃាត់ ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ និងយកដុំថ្មគប់ទៅលើជនរងគ្រោះប្រាកដមែន។

ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES