Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាតករអារកម៉ែដេកស្លាប់ក្នុងថ្លុកឈាម កូនចេញ ពីរៀនមកដល់ផ្ទះ ស្រែកយំឆោឡោ

 ឃាតករអារកម៉ែដេកស្លាប់ក្នុងថ្លុកឈាម កូនចេញ ពីរៀនមកដល់ផ្ទះ ស្រែកយំឆោឡោ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាអ្នកលក់ដូរចាប់ហួយ នៅផ្ទះ ខណៈកំពុងនៅផ្ទះតែម្នាក់ឯង ដោយប្តីចេញទៅធ្វើការ កូនទៅរៀនអស់ ស្រាប់តែត្រូវជនមិនស្គាល់មុខ បានចូលមកធ្វើសកម្មភាពចាប់អារក បណ្តាលឱ្យស្លាប់ក្នុង ថ្លុកឈាម ប្លន់យកទ្រព្យសម្បត្តិមួយចំនួន រួចរត់គេចខ្លួនបាត់។ លុះកូនៗត្រឡប់មកពីរៀនវិញ ឃើញ ម្តាយដេកស្លាប់ក្នុងថ្លុកឈាម ក៏ស្រែកយំឆោឡោឡើង។

ករណីឃាតកម្ម អារកសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះលក់ចាប់ហួយ មួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខអារកសម្លាប់ មានឈ្មោះឈឹម ស្រីមុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ ចាប់ហួយ នៅផ្ទះ មានប្តីនិងកូនប្រុសស្រី ២នាក់ ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយ រៀង។

តាមការអះអាងរបស់បុរសជាប្តីរបស់ស្ត្រីរងគ្រោះ ក្រោយកើតមានហេតុការណ៍ខាងលើ ជនសង្ស័យជាឃាតករ បានរើកកាយយកលុយកាក់របស់ស្ត្រីរងគ្រោះមួយចំនួន តែមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់នៅឡើយ។ ចំណែកគ្រឿងអលង្ការជាប់ខ្លួនស្ត្រីរងគ្រោះ មិនមានបាត់បង់ទេ។ ដូច្នេះមិនទាន់អាចស្និដ្ឋានបានថា ជាករណី ប្លន់សម្លាប់ ឬឃាតកម្មដោយសារគំនុំនោះទេ។ យ៉ាងណា បុរសជាប្តីរបស់ស្ត្រីរងគ្រោះ និងកូនៗ បានអះអាងថា ស្ត្រីរងគ្រោះ និងក្រុមគ្រួសារ ទើបតែមកនៅផ្ទះកើតហេតុដែលទើបសាងសង់ហើយ បានប្រមាណជាងកន្លះឆ្នាំ ប៉ុណ្ណោះ ហើយមិនដែលមានទំនាស់ជាមួយអ្នកជិតខាង ឬមនុស្សណាម្នាក់នោះទេ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះ បានចេញទៅធ្វើការ ចំណែកកូនប្រុសស្រី របស់ជនរងគ្រោះ បាននាំគ្នាចេញទៅសាលារៀន ដូចសព្វដង ដោយទុកឱ្យស្ត្រីរងគ្រោះ នៅផ្ទះម្នាក់ឯង។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលកូនប្រុសស្រីទាំង២នាក់ របស់ស្ត្រីរងគ្រោះ វិល ត្រឡប់ពីសាលា មកដល់ផ្ទះវិញ ប្រទះឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាម ក៏ប្រញាប់ទូរស័ព្ទផ្តល់ដំណឹង ដល់ឪពុក និងកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា ជនសង្ស័យ ដើម្បីតាមចាប់ខ្លួនជនសង្ស័យជាឃាតករ យកមកចាត់ការតាមច្បាប់។

ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES