ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានប្រារពខួបកំណើតគម្រប់អាយុ៣០ ឆ្នាំនៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ ដោយមានFan បានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់ ដែលសារភាគច្រើនមានខ្លឹមសារស្រដៀងគ្នានោះគឺអ្នកគាំទ្រចង់ឲ្យនាងល្បីថែម ទៀតនិងសម្រស់កាន់តែស្រស់ស្អាត។ចំណែកសារពិសេសរបស់អ៊ីវ៉ា ដែលទទួលបានពីម្ចាស់ស្នេហ៍នាងលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាយធីត នោះពិតជាចាក់ដោតខ្លាំងព្រោះលោកបានឆ្លៀតយកឱកាសនេះរំលឹកដល់ស្រីនាថ ថាសូមកំភ្លេចការសន្យារវាងលោកនិងស្រីនាថ ដែលបានថ្ពក់ដៃគ្នា ព្រោះលោកចង់ឃើញពាក្យពេជ្រន៍ទាំងនោះបានសម្រេចឆាប់ៗ។
លោកលី សេងហួរ ផ្ញើរសារទៅអ៊ីវ៉ា យ៉ាងចាក់ដោតថា”Happy Birth Day មេធំ អត់មានអីជូនពរច្រើនទេ សូមឲ្យមេសម្រស់កាន់តែស្អាត មានលុយចាយច្រើនៗ មានគេគោរពស្រលាញ់កាន់តែច្រើន ម្យាងទៀតសូមសន្យាកាលថ្ពក់ដៃ នឹងបានសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ “។
បើទោះជាថៅកែក្លឹបបាល់ទាត់សៀមរាប យូណាយធីត មិនបញ្ជាក់ឲ្យច្បាស់ថាលោកនិងអ៊ីវ៉ា ថ្ពក់ដៃគ្នាសន្យាធ្វើរឿងអីជាមួយគ្នាក្នុងពេលឆាប់ៗនេះហើយសូមឲ្យស្រីនាថ គោរពទៅតាមការសន្យានោះថាជារឿងអ្វីឲ្យប្រាកដក៍ដោយ ប៉ុន្ដែគេអាចយល់បានថារឿងសម្ងាត់របស់អ៊ីវ៉ា និងសង្សារគ្មានអ្វីក្រៅពីការព្រមព្រៀងថានឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះឡើយ។សាររបស់លោកសេងហួរ នេះក៍បង្កប់ទៅដោយអត្ថន័យថាលោកចង់រៀបការឆាប់ៗដូចដែលខ្លួននិងស្រីនាថ ព្រមព្រៀងគ្នា ដែលពិធីនោះរងចាំតែស្រីនាថ សម្រេចចិត្តប៉ុណ្ណោះ ហើយនៅពេលដែលនាងឆ្លើយថាOK ហើយនោះកម្មវិធីអាពាហ៍ ពិពាហ៍ របស់អ្នកទាំងពីរនឹងប្រព្រឹត្តិឡើងភ្លាមតែម្ដង ព្រោះថៅកែក្លឹបបាល់ទាត់ធំមួយនេះមិនចង់ពន្យាពេលតទៅទៀតទេ គឺចង់បើកស្នេហ៍ជាចំហ ហើយទៅណាមកណាបណ្ដើរគ្នាជាសាធារណៈគ្រប់ពេលវេលា ។
អ៊ីវ៉ា បានសាងស្នេហាជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំមកហើយតែចំណងស្នេហាទើបតែបានបែកធ្លាយកាលពីខែឧសភា ឆ្នាំ២០២៣ ប៉ុណ្ណោះនៅពេលដែលនាងនិងគូស្នេហ៍ដើរហៅភ្ញៀវការប្អូនលោកសេងហួរ គឺមង្គលការលោកលី សេងថៃ កាលពីថ្ងៃទី២៥ ឧសភា ២០២៣ ។ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ក៍បានភ្ជាប់ពាក្យជាមួយលោកសេងហួរ រួចហើយ ដែរតែរឿងនេះស្រីនាថ ចង់លាក់លៀមហើយអ្នកយកព័តមានយើងធ្លាប់សាកសួរដំណឹងនេះទៅអ៊ីវ៉ា តាមទូរស័ព្ទដែរ ប៉ុន្ដែគ្រាន់តែឭថាជាអ្នកកាសែតនាងចុចផ្ដាច់ទូរស័ព្ទតែម្ដង។ទោះជាយ៉ាងណាក្នុងជំនួបលើកមុនៗស្រីនាថ ធ្លាប់ប្រាប់ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ (២០២៣ )ព្រោះតែនាងយល់ថាមនុស្សស្រីចូលរោងការនៅអាយុនេះសាកសមបំផុត គឺមិនចាស់ពេក មិនក្មេងពេក ម៉ាល្មម ។
ការអះអាងរបស់អ៊ីវ៉ា បែបនេះក្រោយនាងរងសម្ពាធពីឪពុកនាងលោកអ៊ូ វ៉ាវ ដែលជម្រុញឲ្យនាងរៀបការប្ដីកាន់តែឆាប់ រឹតតែល្អ ព្រោះលោកយល់ថាមនុស្សយើងទុកភាពនៅលីវយូពេក អត់ប្រយោជន៍ ឬប្រៀបដូចជាផ្ការីកកាលណាក៍រោយលំអងទៅវិញ។ប៉ុន្ដែស្រីនាថ មិនគិតដូច្នេះទេ ទើបនាងសុខចិត្តសាងស្នេហ៍លាក់បាំងដល់ទៅ៧ឆ្នាំ ដោយសារតែខ្លាចប៉ៈពាល់ដល់អាជីពសិល្បៈ ។តែពេលនេះភាគីខាងប្រុសលែងចង់បន្ដស្នេហ៍លួចលាក់តទៅទៀតទើបធ្វើឲ្យស្រីនាថ ពិបាកគេចមង្គលការដែលអាចរៀបចំឡើងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខនេះ។គេជឿរថាអ៊ីវ៉ា នឹងធ្វើឲ្យឪពុកនាងលោកវ៉ាវ ដែលចង់បានចៅព និងរកអ្នកបើករថយន្ដជូនស្រីនាថ ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយជំនួសដៃជើងលោកនោះពេលនេះបំណងលោកជិតបានសម្រេចហើយ ។ចំណែកតារារួមអាជីពក៍បានសរសើរស្រីនាថ ថាភ្នែកមុតមិនធម្មតាទេ ព្រោះរកបានម្ចាស់ចិត្តគឺជាថៅកែក្លឹបបាល់ទាត់ដែលមានទ្រព្យស្ដុកស្ដម។គេជឿរថាមង្គលការរបស់អ៊ីវ៉ា នឹងរៀបចំធំដុំនិងពិសេសមិនចាញ់អាពាហ៍ ពិពាហ៍ របស់តារាល្បីៗដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ឡើយ ។
អ្នកយកព័តមានយើងក៍បានទូរស័ព្ទសាកសួរទៅតារាសាន់ដេ ដែលជិតដិតអ៊ីវ៉ា ចំពោះមង្គលការរបស់ស្រីនាថ និងលោកសេងហួរ ថាធ្វើឡើងនៅពេលណាដែរ ប៉ុន្ដែពួកគេថាមិនទាន់ទទួលបានធីបការរបស់ស្រីនាថ នៅឡើយ ដោយគ្រាន់តែបង្ហើបថាឪពុកនាងលោកវ៉ាវ ពិតជាចង់ឲ្យកូនស្រីលោករៀបការឆាប់ៗនេះមែន៕