រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងតែជិះម៉ូតូដឹកមិត្តស្រីទៅដើរលេងបានសម្រេចហើយត្រូវម្ចាស់ខ្សែកជិះដេញតាមបុកបណ្តាលឲ្យដួលចាប់បានទាំង២នាក់ប្រជាពលរដ្ឋនាំគ្នាវាយបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧ នៅចំណុចធានាគារកម្ពុជាសារធារណ: តាមផ្លូវ១១៤ ស្ថិតនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជនសង្ស័យជាអ្នកបើកម៉ូតូមានឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា និងអ្នកឆក់មានឈ្មោះ យ៉ា យ៉ាន់សឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់អូរស្សី៣ ខណ្ឌ៧មករា ។
ជនរងគ្រោះមានឈ្មោះ ទិត្យ សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅតាមផ្លូវ ១៥០ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បានប្រាប់ថា មុនកើតហេតុគាត់បានជិះម៉ូតូម៉ាក ZOOMER.X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CD ៨៨៣៣ ដឹកមិត្តស្រីដើរលេងគោល បំណងទៅលេងនៅមុខព្រះបរមរាជវាំងតាមផ្លូវ១១៤ ក្នុងទិសដៅពីលិចទៅកើតពេលមកដល់ ចំណុចមុខធានាគារកម្ពុជាសារធារណ: ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក HayaTE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១F ១៥៥៤ បានជិះមកអែបជាប់នឹងម៉ូតូរបស់គាត់ នឹកស្មានតែមិត្តភក្តិបានក្រឡេកមើលក៏ត្រូវជនសង្ស័យអង្គុយខាងក្រោយធ្វើសកម្មភាពឆក់ ខ្សែកផ្លាទីនទម្ងន់៥ជីរបស់គាត់យកទៅបាត់ ភ្លាមៗនោះគាត់បានឲ្យមិត្តស្រីអោបចង្កេះអោយជាប់ដើម្បីបន្ថែមលឿនដេញតាមជនសង្ស័យហើយស្រែកអោយគេជួយបានដេញតាមរហូតដល់ខាងក្រោយពេទ្យអង្គឌួងគាត់បានជិះម៉ូតូទៅបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលទាំងអស់គ្នាហើយស្រែកអោយអ្នកដំណើរជួយចាប់បានវាយមួយដៃមួយ ជើងរហូតបែកមុខបែកមាត់ទើបប្រគល់ឲ្យសមត្ថកិច្ច ។
នគរបាលប៉ុស្តិ៍ផ្សារថ្មី២ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកមកសួរនាំជនសង្ស័យបានសារ ភាពថា ខ្លួនពិតជាបានឆក់ខ្សែកពិតប្រាកដមែន ។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការតាមច្បាប់ ចំណែកខ្សែក របស់ជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យវិញ ៕