ភ្នំពេញ៖ព្រាប សុវត្ថិ បានបង្ហើបថាលោកនឹងចេញទៅច្រៀងសម្ដែងនៅទីក្រុងមែលប៊ន ប្រទេសអូស្រា្ដលីនៅថ្ងៃទី២១ តុលា ខាងមុខនេះហើយ ដែលការទៅលើកនេះក៍មានកូនប្រុសទាំង៣នាក់របស់លោកគឺសុវត្ថិ មុនីវណ្ណ ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ រួមទាំងក្រុមភ្លេង(Bands) ផងដែរ។នេះជាការចេញទៅរកលុយនៅក្រៅស្រុកជាថ្មីម្ដងទៀតរបស់ព្រាប សុវត្ថិ តាំងពីលោកចូលGalaxy ជាង៣ឆ្នាំ ខណៈដែលថ្មីៗនេះដែរលោកបានទៅច្រៀងតែនៅប្រទេសកូរ៉េ និងថៃ តែមិនដែលហោះទៅប្រទេសខាងប៉ែកអ៊ឺរ៉ុបឡើយ ក្រោយឡើងងារជាឧកញ៉ាជាង២ឆ្នាំ មកនេះ។ប្រភពបានឲ្យដឹងថាការគាំទ្រលោកព្រាប សុវត្ថិ នៅប្រទេសកូរ៉េកាលពីពេលថ្មីៗនេះមានកម្រិតព្រោះខ្មែរមួយចំនួននៅទីនោះចោទលោកថាបច្ចុប្បន្នលោកជាតារាបម្រើបក្ស ឬនយោបាយ ខុសពីកាលនៅហង្សមាស ហេតុនេះហើយគេចាំមើលថាពេលទៅដល់អូស្រា្ដលីតើព្រាប សុវត្ថិ នៅតែមានសន្ទុះគាំទ្រខ្លាំងដូចមុនទៀតឬយ៉ាងណា ?
គូរកត់សម្គាល់ថាព្រាប សុវត្ថិ បានចាប់ដៃកូនច្បងសុវត្ថិ មុនីវណ្ណ ច្រៀងសម្ដែងតាមឆាកមួយចំនួននារដូវក្ដៅកន្លងមកតែលោកបានផ្អឹបកូនប្រុស២នាក់គឺសុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនទាន់ឲ្យចូលទៅGalaxy ជាមួយគ្នានោះទេបើទោះជាមានការព្យាករណ៍ថានាពេលខាងមុខនេះលោកសុវត្ថិ នឹងយកកូនទី២ និងទី៣ ទៅច្រៀងរួមផលិតកម្មជាមួយគ្នាជាថ្មីម្ដងទៀតក្ដី។ប៉ុន្ដែសម្រាប់ការចេញច្រៀងសម្ដែងនៅអូស្រា្ដលីលើកនេះលោកសុវត្ថិ យកកូន៣នាក់ទៅម្ដងទៀត បញ្ជាក់ថាលោកនឹងចាប់ដៃច្រៀងជាមួយកូនៗឡើងវិញដូចអំឡុងលោកនិងកូនច្រៀងនៅហង្សមាសដែរ ។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាអំឡុងពេលដែលព្រាប សុវត្ថិ និងកូនៗលោកច្រៀងនៅហង្សមាសនោះតាមការសង្កេតរបស់លោកក៍មិនខ្លាំងក្លាណាស់ណាដែរ ហេតុនេះលោកជឿរថាលោកសុវត្ថិ នឹងមានអ្វីថ្មីៗជាមិនខាន ប្រសិនបើច្រៀងជាមួយកូនៗឡើងវិញនោះ។អតីតតារាចម្រៀងហង្សមាសរូបនេះក៍បានបញ្ជាក់ថាមូលហេតុដែលលោកសុវត្ថិ មិនទាន់យកកូនប្រុស២នាក់ទៀតឲ្យចូលច្រៀងនៅGalaxy រួមគ្នានោះព្រោះលោកចង់រក្សារតម្លៃកូនៗរបស់លោកឲ្យបានល្អ។
ព្រាប សុវត្ថិ បានចុះកុងត្រាតំណាក់កាលដំបូងជាមួយGalaxy រយៈពេល៥ឆ្នាំ ហើយនៅឆ្នាំទី៣នេះគេនៅតែមិនទាន់ឃើញលោកអាចធ្វើព្យុះភ្លៀងបានទេ ពោលគឺលែងសូវមានបទល្បីៗដូចមុន ព្រោះអ្នកនិយមស្ដាប់និងច្រៀងបទលោកនៅផលិតកម្មចាស់ច្រើនជាងនៅទ្រនុំថ្មី បើទោះជាអំឡុងនៅហង្សមាសបទភាគច្រើនរបស់លោកឧកញ៉ា៤៨ឆ្នាំ រូបនេះភាគច្រើនចម្លងពីថៃ និងចិន ក្ដី។ចំណែកFan របស់លោកសុវត្ថិ ខកចិត្តនោះដោយតែពេលទៅដល់Galaxy លោកសុវត្ថិ មានតែដៃគូម្នាក់ប៉ុណ្ណោះ នោះគឺនាងតន់ ច័ន្ទសីម៉ា ខុសពីនៅហង្សមាសដែលលោកមានដៃគូបុប្ផាចម្រុះព័ណ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ថាព្រាប សុវត្ថិ នៅតែអាចល្បីបានច្រើនឆ្នាំទៀត ព្រោះអ្នកចម្រៀងល្បីឬលែងល្បីមិនមែននៅលើអាយុទេ តែសំខាន់នៅលើសុខភាព និងការរក្សារបានរូបរាងសាកសមជាតារា ហើយច្រៀងនៅផលិតកម្មណាគេលើកឬអត់?
ថ្វីត្បិតតែលោកព្រាប សុវត្ថិ ហាក់លែងស្ទុះទៅមុខទៀតក្ដី ប៉ុន្ដែGalaxy នៅតែចាត់ទុករូបលោកជាតួឯកដដែល ពោលគឺមិនឲ្យលោកនៅក្រោមលោកខែម ប៊ុនថៃ ទេ បើទោះជាលោកឧកញ៉ាស្នាយ មានអាយុបងលោកថៃ ដល់ទៅ១០ឆ្នាំក្ដី ។អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើចង់ឲ្យព្រាប សុវត្ថិ មានទីផ្សារចម្រៀងប្រែប្រួលលោកត្រូវមានដៃគូចម្រៀងស្រីបន្ថែមពីនាងតន់ ច័ន្ទសីម៉ា ទើបអាចទៅរួច តែបើទាំងរូបលោកនិងប៊ុនថៃ មានដៃគូតែម្នាក់នោះអ្នកដែលឡើងកូដគឺនាងសីម៉ា ។
គូរបញ្ជាក់ថាក្រៅពីអាជីពចម្រៀងលោកព្រាប សុវត្ថិ ក៍មានឋានៈជាក៍ជាមន្រ្ដីក្នុងជូររាជការមានក្របខណ្ឌនៅក្រសួងការពារជាតិដែលបច្ចុប្បន្នលោកមានឋានន្ដរស័ក្កជាជាវីរៈសេនីឯក និងជានាយរងការិយាល័យទី៥នៃកងទ័ព្ទជើងគោក។ក្រោយឡើងជាឧកញ៉ាលោកព្រាប សុវត្ថិ ក៍បញ្ចេញឥទ្ធិពលកាន់តែខ្លាំងដែរដូចជាទៅណាមកណាផ្អើលអស់អ្នកតំណើរតាមផ្លូវព្រោះក្បួនរថយន្ដលោកប្រើមានដូចជាRolls Royce ,Escalade ,Bmw និងIsuzu ជាដើម ដោយមានកងអង្គរក្សបើកម៉ូតូធំអមការពារផង ៕