ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានមកខ្មែរជិត១ខែហើយដើម្បីសម្រុកថតរឿង”អប្សរា មហាអង្គរ” ដែលអ្នកដឹកនាំរឿងលោកហ្វៃ សំអាង ទុកតែប្លង់នាងប៉ុណ្ណោះដើម្បីសម្រុកថតឲ្យចប់ទៅតាមគម្រោង ខណៈដែលប្លង់តារាផ្សេងៗបានថតតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៣ ម្លេះ។អ្វីដែលគូរឲ្យកត់សម្គាល់នោះកាលពីពេលថ្មីៗនេះអំឡុងពេលដែលបានជួបដៃគូចាស់ឡើងវិញអ្នកនាងអម្ពរ ទេវី បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងហើយនាងអោបលោកទេព រិនដារ៉ូ យ៉ាងស្អិតល្មូតពោលគឺអាចនិយាយបានថានោះគឺជាដៃគូដ៍យល់ចិត្តបំផុតរបស់នាងដែលបានចាប់ដៃគូគ្នាជាថ្មីម្ដងទៀតក្រោយពីបែកគ្នាចុងក្រោយ៦ឆ្នាំ ។ក្រុមតារាសម្ដែងរួមអាជីពនៅតែចាត់ទុកថាអ្នកនាងអម្ពរ ទេវី នឹងដៃគូចាស់លោកទេព រិនដារ៉ូ គ្មានអ្នកជំនួសបានពោលគឺជារៀមច្បងហើយក៍ជាគំរូដល់តារាវ័យក្មេងសម្រាប់យកអ្នកគំរូតាមដែរពោលគឺទោះជាអ្នកនាងអម្ពរ ទេវី ទៅរស់នៅអាមេរិកជាង១០ឆ្នាំ ហើយយូៗអ្នកនាងវិលមកថតភាពយន្ដម្ដងក្ដី ប៉ុន្ដែកេរ្ដិ៍ឈ្មោះនាងនៅតែល្បីល្បាញដដែល ខណៈដែលលោកទេព រិនដារ៉ូ នៅក្នុងស្រុកវិញតារាវ័យ៦០ឆ្នាំ រូបនេះក៍នៅតែរក្សារបានភាពល្បីល្បាញគ្មានតារាសម្ដែងណាអាចប្រៀបនឹងលោកបានឡើយ ។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី ធ្លាប់បានចុះមកថតភាពយន្ដកាលពីឆ្នាំ២០១៧ រឿង”ទឹកចិត្តម្ដាយ សម័យថ្មី” ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ” ឆន្ទា”របស់Ld ដែលអ្នកនាងក៍បានប៉ៈគ្នាជាមួយលោកទេព រិនដារ៉ូ ផងដែរ។ដោយឡែកសម្រាប់ការមកថតរឿង”អប្សរា មហាអង្គរ”លើកនេះអ្នកនាងទេវី ត្រូវបានលោកហ្វៃ សំអាង អះអាងថាជាតួអង្គមួយសំខាន់ខ្លាំងណាស់ក្នុងសាច់រឿងដែលមិនអាចអត់បានតែម្ដង។ចំណែកតារាប្រុសស្រីវ័យក្មេងសម្ដែងរឿងនេះពួកគេក៍បង្ហាញមោទនភាពខ្លាំងផងដែរដែលបានលេងរឿងនេះជាមួយរៀមច្បងជោគជាំទៅដោយបទពិសោធន៍សម្ដែងនេះព្រោះតារាស្រកក្រោយភាគច្រើនបានចាត់ទុកអ្នកនាងទេវី និងលោកដារ៉ូ ថាជា”Idol “របស់ពួកគេ។ប៉ុន្ដែអ្វីដែលចម្លែកគឺការមកខ្មែរជើងនេះរបស់អ្នកនាងទេវី មិនមានការទៅទទួលពីសំណាក់លោកអតីតស្វាមីនាងលោកពេជ្រ ភិរុណ ដល់ព្រលានយន្ដហោះដូចមុនៗទៀតទេ ហើយក៍គ្មានដំណឹងថាលោកភិរុណ ជាអ្នកចាត់ចែងសម្លៀកបំពាក់ឲ្យអ្នកនាងទេវី ថតសម្ដែងដូចរឿងថ្មីដែរ ។ប្រភពបានឲ្យដឹងថាចំពោះមូលហេតុដែលលោកភិរុណ មិនកាត់សម្លៀកបំពាក់ ឬរៀបចំបន្ទប់ស្នាក់នៅជូនអ្នកនាងទេវី ដូចលើកមុនៗនោះគឺដោយសារតែស្វាមីថ្មីអ្នកនាងទេវី លោក Pauly Hap ជូននាងមកដោយផ្ទាល់ ហេតុនេះការងារទាំងនោះលោកជាអ្នករ៉ាប់រងទាំងអស់ ហើយដើម្បីកុំឲ្យប៉ៈទង្គិចដល់ស្វាមីថ្មីអតីតប្រពន្ធទើបលោកភិរុណ នៅរក្សារភាពស្ងៀមស្ងាត់ខុសពីរាល់ដង។ប៉ុន្ដែចំពោះទំនាក់ទំនងរបស់អ្នកនាងទេវី និងលោកភិរុណ ពេលនេះបានប្រែទៅជាធម្មតាហើយនាងបានហៅអតីតប្ដីថាជាពុកៗទៅវិញ។
លោកពេជ្រ ភិរុណ មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ ប៉ុន្ដែក្នុងជំនួបកន្លងមកលោកធ្លាប់អះអាងថាហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីតែអនាគតកូនប្រុស្រីៗរបស់លោកទាំងពីរ ។យ៉ាងណាគេនៅមិនទាន់ដឹងថាពេលថតរឿងចប់អ្នកនាងទេវី នឹងនាំស្វាមីថ្មីទៅជួបអតីតប្ដីមុននាងហោះទៅអាមេរិកវិញ ឬយ៉ាងណាទេ ស្របពេលដែលមានផលិតករមួយចំនួនក៍ចង់ឆក់ឱកាសដែលអ្នកនាងមកខ្មែរនេះដើម្បីថតឲ្យនាងថតរឿងផ្សេងៗបន្ថែមដែរ តែតាមព័តមានថាអ្នកនាងទេវី ពិបាកទទួលថតរឿងៗទៀតព្រោះនាងក៍មានហាងនៅអាមេរិកដែលត្រូវមើលគ្រប់គ្រងដោយផ្ទាល់ផងដែរ។
ក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលយកស្វាមីអាណិកជនខ្មែរអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា ,សារ៉ាយ សក្ខណា និងខៀវ សុខារ៉ាវី ជាដើម។ប៉ុន្ដែតារាដែលនៅតែឆ្លៀតមកថតភាពយន្ដក្នុងស្រុកវិញមានតែអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ប៉ុណ្ណោះ ស្របពេលដែលខ្លះទៀតបានឈប់ដាច់ពីអាជីពចាស់តែម្ដង។ចំពោះការលេចមុខថ្មីក្នុងភាពយន្ដរឿង”អប្សរា មហាអង្គរ”នេះអ្នកនាងទេវី មិនទាន់មានព័តមានច្បាស់លាស់ថានាងស៊ីថ្លៃពីការថតភាពយន្ដនេះតម្លៃខ្លួនប៉ុន្មានឡើយ ព្រោះសូម្បីតែការចំណាយប្រាក់សរុបលើភាពយន្ដមួយនេះទាំងមូលក៍លោកហ្វៃ សំអាង មិនទាន់បញ្ចេញឲ្យដឹងដែរ គ្រាន់តែបង្ហើបថាមានចំនួនច្រើន។តែកន្លងមកលោកពេជ្រ ភិរុណ ធ្លាប់ប្រាប់ថាអ្នកនាងទេវី ព្រមចុះមកថតរឿងមួយទាល់តែបានតម្លៃខ្លួន១ម៉ឺនដុល្លារ ហើយថ្លៃសំបុត្រយន្ដហោះទៅមក និងការស្នាក់នៅសណ្ឋាគារផ្សេងៗខាងផលិតករជាអ្នករ៉ាប់រង ទើបនាងទទួលសម្ដែង ៕