ភ្នំពេញ ៖ បុរសជាមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បានជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខរដ្ឋ ឡើងលើស្ពានជ្រោយចង្វា រួចដោះស្បែងជើង ស្ទុះលោតពីលើស្ពានជ្រោយចង្វា ចូលទៅទឹក តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលអង្គភាពគោលដៅទី៣ សហការជាមួយអ្នកនេសាទ ចេញទូកទៅជួយស្រង់សង្គ្រោះទាន់ពេល។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសដែលលោតទឹកស្ពានជ្រោយចង្វា មានឈ្មោះទិត្យ សុខា អាយុ៤២ឆ្នាំ ជាមន្ត្រីរាជការនៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានលំនៅភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខរដ្ឋ 29 1-0115 ធ្វើដំណើរឡើងស្ពានជ្រោងចង្វាចាស់ (ស្ពាន មិត្តភាពកម្ពុជា-ជប៉ុន) ក្នុងទិសដៅពីលិច ទៅកើត។ លុះពេលធ្វើដំណើរជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ ដោះស្បែកជើង រួចលោតចុះទៅក្នុងទន្លេ ទាំងកំរោលតែម្តង។
ប្រភពដដែល បន្តថា ភ្លាមៗនោះ កម្លាំងនគរបាលអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វា រួមជាមួយ អ្នកនេសាទ បានចេញទូកទៅជួយសង្គ្រោះទាន់ពេល រួចក៏បាននាំមកអង្គភាព ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច បុរសខាងលើ ពុំបានទម្លាយឱ្យដឹងពីមូលហេតុអ្វីនោះទេ។ បន្ទាប់ពីសួរនាំមិនបានចម្លើយ មន្ត្រីនគរបាលបានទាក់ទងទៅក្រុមគ្រួសារ ឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។ទាក់ទិនមូលដែលធ្វើឲ្យបុរសខាងលើ គិតខ្លី ត្រូវក្រុមគ្រួសារបានបង្ហើបឱ្យដឹងថា ដោយសារតែជនរងគ្រោះ មានជំងឺផ្លូវចិត្ត (សរសៃប្រសាទ)៕