Monday, November 18, 2024
Homeតារាខ្មែរ ព្រាប សុវត្ថិ៖ អ្នកគាំទ្រព្រមានធ្វើពហិការ លើក​ទី៣  ក្នុងអាជីព២៦ឆ្នាំ  

 ព្រាប សុវត្ថិ៖ អ្នកគាំទ្រព្រមានធ្វើពហិការ លើក​ទី៣  ក្នុងអាជីព២៦ឆ្នាំ  

ភ្នំពេញ៖ព្រាប សុវត្ថិ បានទៅដល់ទឹកដីអូស្រ្ដាលីកាលពីថ្ងៃទី១៩ តុលា ដើម្បីច្រៀងសម្ដែង​តាម​គម្រោងជាមួយ​កូនប្រុសទាំង៣របស់លោកដោយរួមដំណើរជាមួយក្រុមតន្រ្ដីករ(Band)ល្បីៗ ។ពិតណាស់ចាប់អាជីពចម្រៀង​អស់រយៈពេល២៦ឆ្នាំ(១៩៩៧-២០២៣) ព្រាប សុវត្ថិ បានចេញច្រៀងសម្ដែងនៅក្រៅស្រុកជាច្រើនប្រទេស ហើយ​លោកត្រូវបានគេចាត់​ទុកជាកំ​ពូល​តារាចម្រៀងម្នាក់ដែលដែលល្បីល្បាញបានយូឆ្នាំជាងគេ បើទោះជា​ពេលនេះ​​លោកសុវត្ថិ មានវ័យ៤៨ឆ្នាំ ទៅហើយក្ដី ។ប៉ុន្ដែសម្រាប់ការចេញទៅអូស្រា្ដលី​ជើងនេះ​លោក​ព្រាប សុវត្ថិ ដែលត្រៀមចេញច្រៀងសម្ដែងជាលើកដំបូងបើកឆាកនៅថ្ងៃទី២១ តុលា នៅរដ្ឋវិចតូរី  ដឹកនាំ​ដោយលោក​សុកាន រៀបចំនៅភូជនីយដ្ឋាន​មួយ​មានឈ្មោះថាPhnom Penh Mini Restaurant នោះមានអាណិកជន​ខ្មែរ​មួយចំនួនដែលរស់​នៅទីនោះបានចេញ​សារតាមហ្វេស​បុកដោយ​ព្រ​មានធ្វើពហិការ មិនចូលរួមទស្សនាការ​ច្រៀង​​សម្ដែងរបស់លោក​ទេ ខណៈដែលមួយចំនួន​ទៀត​បានរក្សារភាព​ស្ងៀមស្ងាត់​ហើយ​គេជឿរថាពួកគេ​អាច​នឹង​កំពុង​តែស្ថិត​ក្នុងការពិចារណា​ថាគូទៅ ឬមិនទៅ ស្របពេលដែល​Show ខ្លះថ្លៃសំបុត្រត្រូវបាន​គេ​ដាក់​​លក់​១ដល់ទៅតម្លៃ​១៤០​ដុល្លារ។ចំពោះអ្នកដែលប្ដេជា្ញ​ថា​មិនទៅចូលរួមទស្សនាការ​សម្ដែង​របស់លោកព្រាប សុវត្ថិ នោះដោយសារតែពួកគេនៅតែ​យល់​ថា​លោកបានចូលរួម​បំផ្លាញ​បឹងតាមោគ ក្នុងខណ្ឌព្រែក​ព្នៅ ក្រោយលោក​ទទួលបានដី៣ហិកតា តាមអនុក្រិតចុះហត្ថ​លេខា​ដោយអតីត​នាយក​រដ្នមន្រ្ដី កាលពីថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ​២០២២ និង​ខ្លះ​ទៀតចោទថាលោក​ជាតារាបម្រើឲ្យបក្ស​ជាដើម​។ប៉ុន្ដែអ្នក​ខ្លះ​ទៀតថាគូរតែផ្ដល់​ភាពយុត្តិធ័មដល់​លោកព្រាប សុវត្ថិ ព្រោះលោកមិន​បាន​ទាមទារចង់​បានយកដីនោះទេ តែ​បើរដ្ឋាភិបាលប្រគល់ឲ្យលោក​ទៅ​ហើយ តើលោកហ៊ាន​ប្រកែកដែរ ?

 លោកជា យូហ៊ន ប្រធានសមាគមន៍​ខ្មែរនៅទីក្រុងមែលប៊ន ដែលបានបានផ្វព្វផ្សាយពី​ការច្រៀង​សម្ដែងរបស់​លោកព្រាប សុវត្ថិ នោះបានប្រាប់អ្នកកាសែតថាព្រាប សុវត្ថិ រស់នៅ​ក្រោម​ការ​ដឹកនាំរបស់គណបក្សប្រជាជន ហេតុនេះចង់មិនចង់លោកត្រូវតែចូលរួមជាមួយ​គណបក្សនេះ ។

 ថ្វីត្បិតតែអ្នកគាំទ្រលោកព្រាប សុវត្ថិ ហាក់មានគំនិតខ្វែងគ្នាលើការ​ច្រៀងសម្ដែងរបស់​លោកនៅអូស្រា្ដលី​លើកនេះមែន ប៉ុន្ដែទាំងលោកនិងកូនទាំង៣គឺសុវត្ថិ មុនីវណ្ណ ,សុវត្ថិ មុនី​នាគ និងសុវត្ថិ សិរីវុឌ្ឍ រួមទាំងក្រុម​តន្រ្ដីទៅជាមួយនោះបង្ហាញការជឿរជាក់​និងការត្រៀមខ្លួន​រួចជាស្រេចចំពោះការច្រៀងសម្ដែងទៅ​តាមគម្រោង​ការណ៍។ទស្សនិកជននឹងបានឃើញច្បាស់ជាមិនខានថាលោកព្រាប សុវត្ថិ នឹងនៅតែមានការគាំទ្រ ដូចមុន ឬប្រែប្រួលនោះ​តាមរយៈ​សកម្មភាពរបស់លោកនៅថ្ងៃបើកឆាកដំបូង ខណៈដែលអំឡុងទៅច្រៀង​សម្ដែង​នៅ​កូរ៉េ កាល​ពី​ខែមុនមានព័តមានថាលោកសុវត្ថិ មិនសូវមានការគាំទ្រច្រើនដូចមុនទេ ។

  សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានច្រៀងសម្ដែងឲ្យហង្សមាសដល់ទៅរយៈពេល​២៣​ឆ្នាំ (១៩៩៧ -២០២៣ ) និងឈានទៅចូលរួមជាមួយGalaxy កាលពីចុងខែសីហា ឆ្នាំ២០២០ ពោល​គឺរយៈពេលជាង៣ឆ្នាំ ហើយដែល​លោក​នៅជ្រកទ្រនុំថ្មី ប៉ុន្ដែអ្នកគាំទ្រលោកភាគ​ច្រើន​និយម​ស្ដាប់បទលោកនៅហង្សមាសជាងGalaxy បើទោះ​ជា​មានការលើកឡើងថាលោកសុវត្ថិ នៅ​ផលិតកម្មចាស់ច្រៀងតែបទភាគច្រើនប្រែពីចិន និងថៃ ក្ដី។ប្រភពខ្លះថាការច្រៀងសម្ដែង​របស់​​លោក​សុវត្ថិ ក្រោយលោកឡើងជាឧកញ៉ាជាង២ឆ្នាំនេះ​មានតម្លៃខ្លួនខ្ពស់​ជាងមុន ប៉ុន្ដែ​លោក​មិន​ប្រាប់ថា​ស៊ីថ្លៃប៉ុន្មាននោះទេ នៅចំពោះមុខអ្នកសារព័តមានដែលសួរនាំរឿងនេះ​កន្លង​មក​។លោកសុវត្ថិ ថាទោះជារូបលោកក្លាយទៅជាអ្វី ក៍មិនបោះបង់ចម្រៀងចោលដែរ​ពោលគឺ​ច្រៀង​​និង​សម្ដែង​ស្មើដៃគ្នា ហើយទស្សនិកជនអាចហៅលោកដូចពីមុនក៍បាន ជា​ឧកញ៉ាក៍​បាន​តាម​ចំណូល​ចិត្ត។តាមព័តមានថាបើសិនជាទៅអូស្រា្ដលីលើកនេះ​ជោគជ័យ​លោក​សុវត្ថិ ក៍អាចនឹងចេញទៅច្រៀងនៅ​ប្រទេស​ផ្សេងៗនៅអ៊ឺរ៉ុបទៀតដែរ ប៉ុន្ដែបើបរាជ័យ​នោះ​លោក​នឹងមិនផ្ដោតលើទីផ្សារក្រៅស្រុកទៀតឡើយ ក្រោយ​លោកជួបរឿងអ្នកគាំទ្រព្រ​មាន​ធ្វើពហិការដល់ទៅ៣ដង គឺអំឡុងពេលលោកទៅច្រៀងនៅកូរ៉េ កាលពីចុងខែ៩ និងទៅអូ​ស្រា្ដលី​នៅចុងខែ១០ និងត្រូវបានក្រុមយុវវជនស្រលាញ់បរិស្ថាន ព្រមានលែងស្ដាប់​ចម្រៀង​លោក​កាលពីខែកញ្ញា ឆ្នាំ២០២២ ៕

RELATED ARTICLES