Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋតវ៉ាសុំកាន់កាប់ដី៧៥ហិកតារ អាជ្ញាធរច្រាន ចោល

ពលរដ្ឋតវ៉ាសុំកាន់កាប់ដី៧៥ហិកតារ អាជ្ញាធរច្រាន ចោល

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានបដិសេធសំណើ សុំកាន់ កាប់លើដីទំហំ ៧៥ហិកតារ ១៥អា ស្ថិតនៅភូមិវត្ត និងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ដែលប្រជាពល រដ្ឋចំនួន ៥នាក់ តំណាងឱ្យប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទ។

ការសម្រេចច្រានចោលមិនដោះស្រាយតាមសំណើខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេស មួយនៅ សាលប្រជុំសាលាខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពលោកម៉ែន អេង អភិបាលរងខេត្ត ដោយមានវត្តមានលោកអភិបាលស្រុករមាសហែក អស់លោកជាមេបញ្ជាការរង ស្នងការរង តំណាងប្រជាពលរដ្ឋ ចំនួន៣១គ្រួសារ ព្រមទាំងអស់លោក លោកស្រី ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

លោកម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់និងសុរិយោដីខេត្ត បានឱ្យដឹងថា ទី១- យោងតាមស្ថានភាពទីតាំងដីជាក់ស្តែងដែលពួកគាត់កំពុងទាមទារយកធ្វើជាកម្មសិទ្ធិ គឺជាដីសាធារណៈ របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនអាចទាមទារធ្វើលទ្ធ កម្មកម្មសិទ្ធិបានទេ។ ទី២-ឯកសាររណបកាន់កាប់ដី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដី ប្រើប្រាស់ដីធ្លី លេខ ០៣៤០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតារ ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារ ពាក្យសុំបញ្ជាក់ដី សង់លំនៅឋានមួយចំនួនទៀត គឺស្ថិតនៅភូមិសេរីអា ឃុំត្រស់ មិនអាចយកមកជាសំអាង និងបញ្ជាក់ស្ថានភាពនៃការកាន់កាប់ឱ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់ និងចេញប័ណ្ណនោះ ឡើយ។ ទី៣-ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ជាទង្វើខុសច្បាប់ មានចែងក្នុង មាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ។ ដូច្នេះគណៈកម្មការគ្រប់គ្រងដីរដ្ឋ និងគណៈ កម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ។

លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី សម្តេច ខិតខំណាស់ ហើយថ្នាក់ខេត្តក៏មិនបានព្រងើយកន្តើយដែរ គឺតែងតែចុះដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច ។ ក្រោយការចុះអង្កេត វាយតម្លៃពីសាវតារដីទាំងអស់ខាងលើនេះ ជាលទ្ធផល ដីដែលប្រជាពលរដ្ឋបានស្នើ សុំនោះ គឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្ត នឹងផ្ញើរបាយការណ៍គោរពជូនថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រេច។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ព្រមានដោយថា អ្នកទាំងឡាយណាដែលចូលមកកកូរកកាយ ក្នុងរឿងដីខាងលើនេះ គឺត្រូវអនុវត្តតាមច្បាប់។ ដូច្នេះកិច្ចការទាំងអស់នេះ ត្រូវតែមានភាពច្បាស់លាស់ ដើម្បី បិទបញ្ចប់នូវករណីទាំង ៣១គ្រួសារនេះតែម្តង កុំឱ្យមានការអូសបន្លាយវិវាទបន្តទៀត៕

RELATED ARTICLES