Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ័យគេដេញសម្លាប់ រត់ធ្លាក់ទឹកស្លាប់

ភ័យគេដេញសម្លាប់ រត់ធ្លាក់ទឹកស្លាប់

ខេត្តកំពង់ធំ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានជំងឺសរសៃប្រសាទ និងញៀនស្រា តែងផឹកស្រវឹងជាប់ជាប្រចាំ លុះពេលស្រវឹងម្តងៗ ចេះតែកើតអាការភ័យស្លន់ស្លោ រត់ឆ្លេឆ្លាថាមានគេតាម សម្លាប់ រហូតធ្លាប់រត់ធ្លាក់ទឹក ច្រើនដងដែរ តែត្រូវក្រុមគ្រួសារជួយទាន់រហូត លុះចុងក្រោយ បន្ទាប់ពីផឹកស្រវឹង ស្រែកថាមានគេដេញសម្លាប់ រួចក៏រត់ចេញពីផ្ទះបាត់៣ថ្ងៃ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់អណ្តែតទឹកស្ទឹង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ទឹងសែន ចំណុចអូរដៀប ស្ថិតក្នុងភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

បុរសរងគ្រោះ មានឈ្មោះស៊ុន ចាន់ថន ហៅពៅ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

តាមការបំភ្លឺពីឈ្មោះលី ទិត្យ ភេទប្រុស ត្រូវជាបងថ្លៃ និងលោកជា អុល មេភួមិប្រឡាយ បានឱ្យដឹងថា ជនរង គ្រោះគឺជាមនុស្សញៀនស្រា ហើយពេលផឹកស្រវឹងម្តងៗ ចេះតែវង្វេងវង្វាន់ រត់ពាសវាល ភ័យស្លន់ស្លោ ស្រែក ថាមានគេដេញសម្លាប់ ហើយក៏ធ្លាប់រត់ចូលទឹកច្រើនដងដែរ តែត្រូវបានគេជួយរហូត។ លុះមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប្រពន្ធជនរងគ្រោះ បានចេញទៅរកស៊ី ដោយទុកឱ្យជនរងគ្រោះជាប្តី នៅមើលកូន និងនៅ ជាមួយម្តាយចាស់ជរា។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចកើតមាន អាការភ័យឆោឡោដូចសព្វដង ដោយស្រែកថា មានគេដេញសម្លាប់ ហើយក៏បាត់ខ្លួន ពុំដឹងទៅណាទេ និងត្រូវបានម្តាយក្មេក បងប្អូន តាមរកដែរ តែមិនឃើញ។ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែ មានគេប្រេទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកតែម្តង។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបាន ដំណឹងខាងលើ កម្លាំងជំនាញ ប៉ុស្តិ៍ មេភូមិឃុំ និងពេទ្យ បានធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា ពុំមានស្លាកស្នាមអ្វីសង្ស័យពាក់ព័ន្ធករណីឃាតកម្មឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹក។ មូលហេតុស្រវឹងស្រា និងមានជំងឺសសៃប្រសាទ ទើបដើរធ្លាក់ទឹក បណ្តាលឱ្យលង់ស្លាប់។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES