ភ្នំពេញ៖សុខ ពិសី ជាតួឯកទាំងចម្រៀងនិងភាពយន្ដនៅសាន់ដេ ជាច្រើនឆ្នាំមកហើយ ខណៈដែលឥទ្ធិពលរបស់នាងចុងក្រោយនេះមិនចាញ់ថៅកែផលិតកម្មនោះទេ ក្រោយប៉ៈស្នេហ៍ថៅកែសាន់ដេលោកឡាយ សុខចំរើន បើទោះជាទាំងសងខាងមិនដែលសារភាពក៍ដោយ តែតារាភាគច្រើននៅផលិតកម្មនេះចាត់ទុកនាងប្រៀបដូចជាម្ចាស់ផលិតកម្មធំនេះដែរ។ ទោះជាយ៉ាងណាអំឡុងពេលទីផ្សារចម្រៀងរបស់ពិសី ហាក់ប្រឈមនៅទ្រឹង ពោលគឺមិនសូវស្ទុះ ហើយក៍មិនធ្លាក់ចុះនោះ ពេលនេះពិសី ក៍ស្ងាត់ដំណឹងនាងថតតួឯកភាពយន្ដខ្នាតធំជាច្រើនឆ្នាំមកហើយពោលគឺតាំងពីនាងថតតួឯករឿង”អាឡេវ ចូលក្រុង”ឲ្យសាន់ដេកាលពីឆ្នាំ២០១៥ នោះភាពយន្ដដែលនាងចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ មួយនេះបែជាស្ទះ មិនអាចដាក់បញ្ចាំងរយៈពេល៨ឆ្នាំ ទៅហើយ។កន្លងមកទាំងពិសី និងលោកវីរៈយុទ្ធ ធ្លាប់ប្រាប់ថានៅលើផលិតកម្មពោលគឺមិនកំណត់ពេលវេលានៃការដាក់បញ្ចាំងឲ្យជាក់លាក់ទេ ។ដោយឡែកពិសី វិញខកខានធ្វើជាតួឯក៨ឆ្នាំ នេះនាងបានចំណាយពេលវេលាលើអាជីពចម្រៀងជាធំ និងឆ្លៀតលក់ផលិតផលតាមOnline ខណៈដែលតារាល្បីៗទៀតរបស់សាន់ដេដែលធ្លាប់ថតភាពយន្ដដែរក៍គ្មានមុខក្នុងរឿងថ្មីដូចគ្នាទៅនិងពិសី ដែរ ។ប្រភពបានឲ្យដឹងថាពិសី មិនមានគម្រោងថតរឿងថ្មីទៀតទេ តែនាងចង់ផ្ដោតលើចម្រៀងច្រើនថែមទៀត។
គូរបញ្ជាក់ថាក្រៅពីរឿង”អាឡេវ ចូលក្រុង” សុខ ពិសី ក៍ធ្លាប់ជាតួឯករឿង”ព្រាយ ក្បាល៨ “និងរឿងមួយចំនួនទៀត។នាងគឺជាតារាចម្រៀងម្នាក់ដែលវិវត្តន៍ខ្លួនពីច្រៀងទៅជាសម្ដែងដូចគ្នាទៅនិងសុខ ស្រីនាង ,អ៊ីវ៉ា ,ពេជ្រ សោភា ,សួស វីសា ,វី ឌីណែត ,រ៉េត ស៊ូហ្សាណា និងប៉ាច គីមមួយ ជាដើម ។ប៉ុន្ដែពិសី មិនធ្លាប់លេងជាតួរងឡើយ ហើយថ្វីត្បិតែពេលនេះចំណងស្នេហានាងជាមួយលោកឡាយ សុខចំរើន នៅតែមិនព្រមបើកចំហក្ដី តែបើផលិតកម្មមួយនេះផលិតរឿងថ្មីគេជឿរថានោះពិសី នៅតែជាតួឯកដដែល ព្រោះថៅកែមិនហ៊ានទម្លាក់នាងលេងជាតួរងដាច់ខាត។
អ្នកជំនាញសិល្បៈមើលឃើញថាក្រោយខេមរៈ សិរីមន្ដ និងខាន់ ជេសម៍ ដើរចេញពីសាន់ដេ នោះពេលនេះដៃគូរបស់ពិសី គឺជាលោកឆាយ វីរៈយុទ្ធ បើទោះជានាងធ្លាប់ចាប់ដៃគូម្ដងៗជាមួយនាយចឺម និងកែវ វាសនា ដែរក្ដី។កាលពីឆ្នាំ២០១៧ ពិសី ត្រូវបានសារព័តមានជាច្រើនថានាងពិបាកចិត្តនៅពេលដែលប៉ៈស្នេហ៍ថៅកែផលិតកម្មសាន់ដេ ប៉ុន្ដែនៅឆ្នាំ២០២៣ នេះFan ភាគច្រើនជម្រុញឲ្យនាងចូលរោងការ ព្រោះពួកគេយល់ថារឿងនោះស្ទើតែ១០០ % គឺជាការពិត។ពិសី កាន់តែមានសម្ពាធថែមទៀតនៅពេលដែលសិស្សប្អូននាងគឺអ៊ីវ៉ា បង្ហាញសង្សារជាចំហ នឹងគ្រោងរៀបការនៅពេលឆាប់ៗនេះទៀតផង ព្រោះនាងក៍ត្រូវបានឪពុកជម្រុញឲ្យរៀបការប្ដីជាច្រើនឆ្នាំមកហើយ តែនាងបែជានិយាយថារឿងប្ដីសីអត់ជាបញ្ហាចំណោទ ឬមិនមែនជារឿងជ្រួលជ្រើមទៅវិញ ព្រោះនាងថាបើគ្មានប្ដីក៍មិនប្រកាច់ដែរ ដោយសារយកប្ដីអត់សំខាន់។
ប៉ុន្ដែFan បានដាស់តឿនពិសី ថាឆ្នាំនេះនាងមានវ័យ៣៣ឆ្នាំ ទៅហើយ អីចឹងបើមិនចង់ឲ្យក្រមុំចាស់គូតែមិនអាចពន្យាពេលរៀបការតទៅទៀតឡើយ ដោយសារតែសុគន្ធ និសា រៀបការប្ដីអាយុ៣៤ឆ្នាំ ,ឱក សុគន្ធកញ្ញា រៀបការនៅអាយុ៣៣ឆ្នាំ ហើយពេជ្រ សោភា ធ្លាប់រៀបការប្ដីនៅឆ្នាំអាយុ៣២ឆ្នាំ ។ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថាកត្ដាដែលពិសី មិនទាន់ប្រញ៉ាប់រៀបការប្ដីនោះគឺមាន២យ៉ាងធំគឺទី១៖នាងនិងគូស្នេហ៍យល់ចិត្តគ្នាច្បាស់ អត់ខ្លាចចំណងស្នេហាមានការប្រែប្រួល និងទី២៖ខ្លាចមានប្ដីហើយអាជីពចម្រៀងធ្លាក់ចុះដូចរៀមច្បងមួយចំនួន។យ៉ាងណាគេជឿរថាដើម្បីឲ្យពិសី មានអំណាចនៅសាន់ដេដូចឱក សុគន្ធកញ្ញា នៅហង្សមាសនោះនាងគូរតែមិនអាចពន្យាពេលចូលរោងការដល់ទៅ១០ឆ្នាំ ទៀតទេ ព្រោះ១ទសវត្សន៍ខាងមុខទៀតនាងនឹងមានអាយុដល់ទៅ៤៣ឆ្នាំ ដែលពេលនោះអាចនឹងយឺតពេលបន្ដិចជាមិនខាន ។
ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជាសុខ សោម៉ាវត្តី ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទសីម៉ា ជាដើម ។ចំណែកតារាដែលមិនអាចបិទបាំងប្រុស្នេហ៍បានតទៅទៀតកាលពីពេលថ្មីៗនេះគឺនាងអ៊ីវ៉ា និងហ៊ិន ច័ន្ទនីរ័ត្ន ៕