បាត់ដំបង៖ ស្ត្រីរងគ្រោះម្នាក់ ខឹងសុំលុយប្តីទៅលេខឯភ្នំពេញមិនបាន ព្យាយាមប៉ងផឹកថ្នាំបាញ់ស្មៅ រយៈពេល៥ថ្ងៃ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែត្រូវក្រុមគ្រួសាររារាំង ចាប់ពីតាំងពីរថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៧-៤០នាទី រហូតដល់ថ្ងៃទី២១-១-១៧ ទើបផឹកថ្នាំពុលបាញ់ស្មៅសម្លាប់ខ្លួនបានសម្រេចដូចបំណង ។
ហេតុការណ៍នេះស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ថ្នាំពុលដែលជនរងគ្រោះផឹកដើម្បីធ្វើអត្តឃាតសម្លាប់ខ្លួននោះជាប្រភេទថ្នាំបាញ់ស្មៅ (អាឆេះ) ។
ជនរងគ្រោះខាងលើ ឈ្មោះ សុទ្ធ សុផាលីស ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះផឹកថ្នាំពុល ភ្លាមៗនោះនៅរស់នៅឡើយទេ ហើយក្រុមគ្រួសារក៍បានយកទៅព្យាបាលនៅមន្ទីពេទ្យ ដោយសភាពធ្ងន់ធ្ងរខ្លាំងពេក ពេទ្យបានបញ្ជូនមកផ្ទះវិញ ។
លុះមកដល់ថ្ងៃទី២១.០១.២០១៧ វេលាម៉ោង១១ៈ២៣នាទីយប់ ជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតទៅហើយ ។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុៈដែលបណ្តាលឲ្យស្ត្រីរងគ្រោះប៉ុនប៉ងផឹកថ្នាំពុលសម្លាប់ខ្លួនឯងនេះ ព្រោះខឹងសុំលុយប្តីទៅលេងភ្នំពេញមិនបាន ។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យសាកសព និងសាកសួរសាច់ញ្ញាតិក្រុមគ្រួសារ ឃើញថាស្រ្តីរងគ្រោះពិតជាបានផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ ហើយបច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ម៉ក់ វិច្ឆិកា