Tuesday, May 21, 2024
Homeសង្គម និងជីវិតខ្មោចស្រីដណ្តើមប្តីមនុស្ស

ខ្មោចស្រីដណ្តើមប្តីមនុស្ស

អ្នកស្រីសួន វីន អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា អ្នកស្រីមានឪពុក ឈ្មោះសួន គឹង (ស្លាប់) ម្តាយឈ្មោះយ៉េន សួន អាយុជាង៧០ឆ្នាំ អ្នកស្រីជាកូនទី២ ក្នុងចំណោមបងប្អូន៨នាក់។ អ្នកស្រីមានប្តីឈ្មោះ ហែម ឌុច អាយុប្អូនប្រពន្ធ៥ឆ្នាំ បានរួមសុខទុក្ខជាមួយគ្នាជាង១០ឆ្នាំ បង្កើតបានកូនស្រីម្នាក់ អាយុ១០ឆ្នាំ ដោយប្តីមានមុខរបរលក់ការ៉េម។ តាំងពីចាប់ដៃគ្នាមក ប្តីបានបង្ហាញលក្ខណៈជាសុភាពបុរស ស្លូតបូត ពូកែរកស៊ីណាស់ តែជារឿយៗ ប្តីធ្លាប់និយាយប្រាប់គាត់ថា កាលនៅកំលោះ គេធ្លាប់មានសង្សារឈ្មោះដួង បានទាំងធ្លាប់ស្បថសច្ចាស្រលាញ់គ្នាយ៉ាងប្តូរផ្តាច់ ថានឹងយកគ្នាជាប្តីប្រពន្ធទៀតផង ប៉ុន្តែ ជាអកុសល នាងនោះជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកស្លាប់ទៅ។ តាំងពីសង្សារស្លាប់ចោលមក គេនៅតែអាឡោះអាល័យគ្មានពេលបំភ្លេចបាន សូម្បីបានមករៀបការជាមួយអ្នកស្រី ក៏ប្តីនៅតែនឹករលឹកដល់ខ្មោចសង្សារជានិច្ច។ កាលពីរៀបការរួចថ្មីៗ អ្នកស្រីកត់សម្គាល់បានថា ប្តីមិនសូវជាលូកលាន់ជាមួយប្រពន្ធទេ ជួនកាលគេដេកលើកដៃគងថ្ងាស ឮតែដង្ហើមធំ លុះអ្នកស្រីលួងលោមបបោសអង្អែលខ្លះៗ ទើបគេបាត់កើតទុក្ខ និងងាកមករួមដំណេកជាមួយគាត់។

អ្នកស្រីសួន វីន បន្តទៀតថា បន្ទាប់ពីរៀបការបាន១ខែ អ្នកស្រីឆ្ងល់ណាស់ គឺរាល់យប់ ប្តីមិនសូវគិតគូរដល់ប្រពន្ធទេ បែរជានិយាយម្នាក់ឯង រួចធ្វើកាយវិការឱបថើបជាមួយខ្យល់ បន្ទាប់មក គេធ្វើចលនា ដូចរួមភេទជាមួយប្រពន្ធ ខណៈដែលអ្នកស្រីឃ្លាំមើល ហើយសង្ស័យថា គេវិកលចរិត។ យូរៗ គេផ្តល់សេចក្តីសុខឱ្យអ្នកស្រីម្តងៗដែរ រហូតមានផ្ទៃពោះ តែគេរួមភេទជាមួយស្រមោល ឬឡើងជិះខ្នើយឱបស្ទើររាល់យប់ និងលាន់មាត់តិចៗថា “ដួង! បងមិនភ្លេចអូនទេ បងស្រលាញ់អូនណាស់!”។ ដោយមានការសង្ស័យ អ្នកស្រីក៏សួរប្តីថា “ប្រពន្ធនៅដេកក្បែរ ម៉េចបងឯងមិនលូក បែរជាផ្តេសផ្តាសជាមួយខ្នើយឱបទៅវិញ?” ទោះជាសួរយ៉ាងណា ក៏គេមិនប្រាប់ ដោយងាកមកថ្នាក់ថ្នមគាត់បន្តិចទៅ បន្ទាប់មកក៏ងាកទៅឱបខ្យល់ដូចដើម។

អ្នកស្រីសួន វីន បន្ថែមទាំងតូចចិត្តថា ៥ឆ្នាំក្រោយមក ទើបប្តីបង្ហើបការពិតថា ព្រលឹងខ្មោចនាងដួង ជាអតីតសង្សារបានមករួមភេទជាមួយគេ។ ខ្មោចនាងនោះ អន្ទងចិត្តគេឱ្យភ្លេចប្រពន្ធ ដែលដេកក្បែរខ្លួន ហើយសារភាពថា គេរួមភេទជាមួយខ្មោចសង្សារនោះ ស្រណុកសុខស្រួលជាងប្រពន្ធឆ្ងាយណាស់។ ឮប្តីប្រាប់បែបនេះ អ្នកស្រីមិនខឹងទេ បែរជាភិតភ័យទៅវិញ ដោយខ្លាចខ្មោចស្រីនោះ លងបន្លាចឱ្យលស់ព្រលឹងស្លាប់ បានទាំងឡើងអុជធូបបន់ស្រន់ឱ្យខ្មោចនោះ ទៅចាប់ជាតិទៀតផង។ បន្ទាប់ពីប្រាប់រឿងពិតនេះមក ប្តីបានអង្វរអ្នកស្រីថា គេក៏ធ្លាប់យល់សប្តិឃើញស្រីម្នាក់ មកសុំនៅជាមួយដែរ តែអ្នកស្រីមិនព្រម ស្រាប់តែស្រីក្នុងសុបិននោះគំរាមថា បើអ្នកស្រីមិនព្រម គេនឹងយកប្តីអ្នកស្រីហើយ។ ពេលអ្នកស្រីចង់ទៅរកព្រះសង្ឃ និងតាអាចារ្យ មកសូត្រមន្តបណ្តេញព្រលឹងខ្មោចនោះដែរ ដោយចង់ឱ្យទៅចាប់ជាតិ តែប្តីមិនព្រមធ្វើតាម បែរជាអង្វរអ្នកស្រីឱ្យទ្រាំរស់ក្នុងស្ថានភាពបែបនេះ។

ស្ត្រីមេម៉ាយរូបនេះ បញ្ចប់ទាំងក្រៀមក្រំថា ពេលខ្លះឃើញប្តីកំពុងរួមភេទជាមួយខ្យល់ ធ្វើឱ្យអ្នកស្រីកើតក្តីប្រចណ្ឌ ចង់ចុះចោលដែរ តែចិត្តមិនដាច់ ក៏ស៊ូទ្រាំទាំងវេទនា។ ជាអកុសល កាលពីជាង៤ខែមុននេះ ប្តីបានដើរចេញពីផ្ទះទាំងយប់ សំដៅព្រៃខាងក្រោយ លុះចាំបាត់ៗ រហូតរំលងអធ្រាត្រ អ្នកស្រីចុះតាមរកឃើញគេចងកសម្លាប់ខ្លួននឹងមែកឈើ គួរឱ្យសង្វេគជាពន់ពេក។ អ្នកស្រីបានចាត់ចែងរៀបចំធ្វើ បុណ្យជូនប្តីទាំងសោកសង្រេង និងជឿថា ពិតជាខ្មោចនាងដួង មកនាំព្រលឹងប្តីទៅតែម្តង ព្រោះនាងនោះ ធ្លាប់គំរាមអ្នកស្រីតាមការយល់សប្តិ ហើយបើអ្នកស្រីប្រាប់រឿងនេះដល់គេ ពិតជាគ្មានអ្នកណាជឿ ជួនកាលគេថា អ្នកស្រីឆ្កួតទៀត។

អ្នកស្រីព្រំ វី អាយុ៥៣ឆ្នាំ ជាបងថ្លៃ និងលោកសួន ថន អាយុ៥៥ឆ្នាំ ជាបងបង្កើត បានឱ្យដឹងស្របគ្នាថា ពួកគាត់ទើបតែដឹងរឿងសម្ងាត់នេះ នៅពេលប្អូនថ្លៃ ឈ្មោះហែម ឌុច ចេះតែរត់ចូលព្រៃ។ ឈ្មោះឌុច មិនដែលនិយាយប្រាប់ពួកគាត់ទេ តែបានអ្នកស្រីវីន លួចប្រាប់ ទើបបានដឹង ដោយមានគម្រោងនិមន្តព្រះសង្ឃ សូត្រមន្តបណ្តេញខ្មោច តែជួយមិនទាន់ ស្រាប់តែខ្មោចស្រីនោះអន្ទងព្រលឹងប្អូនថ្លៃទាល់តែបាន៕                                                                      សុខ វណ្ណា

អ្នកស្រីព្រំ វី និងលោកសួន ថន

 

RELATED ARTICLES